
លោក ហ៊ុល វេត កាន់ញត្តិចេញពីទូតកូរ៉េខាងត្បូង។ ផា លីណា
Wed, 10 May 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ក្រចេះ/ស្ទឹងត្រែងៈ ស្ថានទូតកូរ៉េខាងត្បូងកាលពីម្សិលមិញបានបដិសេធមិនទទួលយកញត្តិ ដែលដាក់សុំអន្តរាគមន៍ឲ្យជួយបញ្ឈប់សកម្មភាពឈូសឆាយបំផ្លាញព្រៃជាង៣ម៉ឺនហិកតានៅតាមដងទន្លេមេគង្គ និងជម្រកសត្វព្រៃរបស់ក្រុមហ៊ុនកូរ៉េឈ្មោះស៊ីងបាយអូធិក(Think Biotech Cambodia)។ សហគមន៍ព្រៃឡង់១៤នាក់ តំណាងឲ្យពលរដ្ឋ២១៤៩គ្រួសារនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងបានដាក់ញត្តិទៅស្ថានទូតកូរ៉េ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម នាយកដ្ឋានរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនស៊ីងបាយអូធិកកាលពីថ្ងៃអង្គារទី៩ខែឧសភានេះ ដើម្បីទាមទារឲ្យបញ្ឈប់គម្រោងក្រុមហ៊ុន បង្ហាញការវាយតម្លៃផលប៉ះពាល់សង្គមបរិស្ថាន និងប្រែក្លាយគម្រោងនេះឲ្យទៅជាគម្រោងREDD+វិញ។
លោក ហ៊ុល វេត និងប្រជាសហគមន៍១៣នាក់ផ្សេងទៀតបានធ្វើដំណើរតាមរ៉ឺម៉កកង់បីទៅដាក់ញត្តិនៅស្ថានទូតកូរ៉េកាលពីព្រឹកថ្ងៃអង្គារ។ ពេលពួកគាត់ទៅដល់ទីនោះស្ថានទូតបានអនុញ្ញាតឲ្យតែលោកហ៊ុល វេតម្នាក់គត់ចូលទៅក្នុងស្ថានទូត ហើយលោកក៏បានប្រាប់ពីគោលបំណង និងដាក់ញត្តិចំនួន៣ទំព័រ រួមនឹងឯកសារពាក់ព័ន្ធមួយចំនួនទៅជនជាតិកូរ៉េម្នាក់ដែលចេះនិយាយភាសាខ្មែរ។ ប៉ុន្តែមន្ត្រីរូបនោះបដិសេធមិនទទួលយកញត្តិ។
លោក វេត បញ្ជាក់ថា៖«ខ្ញុំប្រាប់ថាយកញត្តិមកដាក់រឿងក្រុមហ៊ុនស៊ីងបាយអូធិកដែលកំពុងតែឈូសឆាយប៉ះពាល់ដីពលរដ្ឋផង និងដីព្រៃឡង់ផង។ តែគេថា ស្ថានទូតមិនដឹងរឿងក្រុមហ៊ុនអីនោះទេ។ ស្ថានទូត មិនអាចទទួលញត្តិទេ។ ចាំថ្ងៃក្រោយគេទៅជួបក្រុមហ៊ុននិងរដ្ឋាភិបាលសិន»។
ការទាមទារឲ្យបញ្ឈប់សកម្មភាពនេះ ត្រូវបានធ្វើឡើងក្រោយពីសហគមន៍សង្កេតឃើញថា ព្រៃឈើដែលសម្បូរដោយធនធានធម្មជាតិលើផ្ទៃដី៣៤០០៧ហិកតាក្នុងស្រុកសម្បូណ៌ ខេត្តក្រចេះ និងស្រុកសៀមបូកខេត្តស្ទឹងត្រែង កំពុងតែត្រូវបានបំផ្លាញក្រោមរូបភាពគម្រោងស្តារព្រៃឡើងវិញ។គម្រោងស្តារព្រៃឡើងវិញនេះគឺបង្កើតឡើងជាដៃគូរវាងក្រុមហ៊ុនកូរ៉េស៊ីងបាយអូធិក និងរដ្ឋបាលព្រៃឈើក្រសួងកសិកម្មកាលពីឆ្នាំ២០១០ ដើម្បីអភិវឌ្ឍព្រៃឈើក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងបំភាយឧស្ម័នផ្ទះកញ្ចក់។ ក្រុមហ៊ុននេះគ្រោងប្រែក្លាយដីព្រៃដែលទទួលបាននោះទៅជាចម្ការចំនួន ១៥ ដោយចម្ការនីមួយៗមានទំហំ ២០០០ ហិកតា ហើយអាចដាំ និងផលិតឈើបាន៦០ម៉ឺនម៉ែត្រគុបសម្រាប់ការលក់ប្រចាំឆ្នាំ ដែលនឹងត្រូវចែកប្រាក់ចំណេញគ្នាជាមួយនឹងរដ្ឋាភិបាល។ សហគមន៍បានលើកឡើងក្នុងញត្តិថា ការស្តារដាំដុះព្រៃឡើងវិញ គឺត្រូវធ្វើឡើងនៅតំបន់ព្រៃសឹករេចរឹល ឬទីតាំងដែលមិនធ្លាប់មានព្រៃឈើពីមុនមក។ ផ្ទុយទៅវិញទីតាំងដែលកំពុងតែអនុវត្តគម្រោងនេះសម្បូរដោយធនធានព្រៃឈើ ហើយក្រុមហ៊ុនបានកំពុងតែកាប់ និងឈូសព្រៃឈើចេញទៅវិញចាប់តាំងពីឆ្នាំ២០១២មក។ ដីពលរដ្ឋកំពុងតែអាស្រ័យផលចំនួន១៤៦១១ ហិកតាត្រូវទទួលរងផលប៉ះពាល់ពីគម្រោងនេះ។
ញត្តិបានសរសេរថា៖«គម្រោងនេះ គឺជាបន្ទុកបន្ថែមដែលនាំឲ្យព្រៃឈើបាត់បង់ទៅវិញ…ក្រុមហ៊ុនកំពុងតែបំផ្លាញព្រៃយ៉ាងសកម្ម និងយកដើមឈើល្អៗ ដែលមិនមែនជាព្រៃសឹករេចរឹលទៅធ្វើអាជីវកម្មទៅវិញ»។
លោក វេត ថ្លែងថា៖«ខ្ញុំសោកស្តាយណាស់ ដែលយើងខំចំណាយពេលមកដាក់តែគេមិនទទួល។ ខ្ញុំអន់ចិត្តណាស់»។ មន្ត្រីស្ថានទូតកូរ៉េបានបដិសេធមិនឆ្លើយសំណួរកាលពីម្សិលមិញ។
លោកអ៊ុង សំអាតប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មសុំមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ ហើយអនុប្រធានលោក លោកកែវ ម៉ាលីស្សមិនអាចទាក់ទងបានទេ។
លោកសៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើមិនទាន់បានឃើញញត្តិពលរដ្ឋទេ។ តែលោកថ្លែងថា រដ្ឋបាលព្រៃឈើនឹងធ្វើការពិនិត្យឯកសារ និងចុះទៅពិនិត្យជាក់ស្តែងផងដែរ។
លោករ៉ា ថ្លែងថា៖«គេធ្វើយូរហើយទៅបញ្ឈប់គេម៉េច? គេធ្វើការដាំដុះសោះហ្នឹង។ សំខាន់គឺឈើតម្លៃសេដ្ឋកិច្ច។ អ៊ីចឹងគេអាចដាំដុះប្រភេទឈើណាដែលមានតម្លៃ និងលូតលាស់លឿន»។ អ្នកគ្រប់គ្រងមិននៅក្រុមហ៊ុននោះទេ។ ទោះយ៉ាងណានាយកគ្រប់គ្រងក្រុមហ៊ុនស៊ីងបាយអូធិក លោកSeo Kyung Youl បានប្រាប់ភ្នំពេញប៉ុស្តិ៍នាពេលកន្លងមកថា៖«យើងកំពុងតែធ្វើអ្វីគ្រប់យ៉ាងទៅតាមផ្លូវច្បាប់»។ ដោយឡែកលោកChung Hwaប្រធានក្រុមហ៊ុនវិញថាមុនដែលក្រុមហ៊ុនលោកចូលទៅកាន់ទីនោះគឺមានក្រុមហ៊ុន២បានកាប់យកឈើក្នុងតំបន់នោះទៅហើយ។ លោកថា ក្រុមហ៊ុននឹងប្រែក្លាយគម្របព្រៃឈើឡើងដល់៣០០ ទៅ ៤០០ម៉ែត្រគុប [ក្នុងមួយហិកតា] គឺ១០ដងច្រើនជាងមុន បន្ទាប់ពីដាំដើមឈើឡើងវិញ៕