ដោយ វ៉ាន វណ្ណដេត
2017-06-02
RFA

និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអន្តរជាតិ លោក ម៉ង់ ពៅ ផ្ដល់បទសម្ភាសន៍អំពីការហែក្បួនឃោសនារបស់គណបក្សនយោបាយចុងក្រោយ នារាជធានីភ្នំពេញ នៅថ្ងៃទី២ មិថុនា ឆ្នាំ២០១៧។ RFA/Van Vanndeth
![]()
ពលរដ្ឋដែលធ្វើដំណើរ និងប្រកបរបរនៅតាមដងផ្លូវនៅរាជធានីភ្នំពេញ ប្រាប់ថា ពួកគេរងផលប៉ះពាល់តិចតួចពីការហែក្បួនឃោសនារបស់គណបក្សនយោបាយ នៅថ្ងៃទី២ ខែមិថុនា។ ពួកគេថា បើទោះជារងការរំខាន ឬផលប៉ះពាល់ ប៉ុន្តែអាចទទួលយកបាន ដោយសារការហែក្បួនឃោសនាធំ មិនមែនធ្វើឡើងរាល់ថ្ងៃនោះទេ។
សិស្សថ្នាក់ទី៨ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ឈ្មោះ ហេង សុវណ្ណមករា ប្រាប់ថា សំឡេងច្រៀងរាំ និងការចាក់ធុងបាសនៅឆៀងខាងមុខខ្លោងទ្វារវិទ្យាល័យ មិនសូវឮដល់ក្នុងបន្ទប់រៀនទេ គឺមានសំឡេងរំខានតិចតួចបំផុត និងអាចទទួលយកបាន៖ «សំឡេងលឺតិចៗ មិនរំខានខ្លាំង»។
និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអន្តរជាតិ (IU) លោក ម៉ង់ ពៅ យល់ថា ការហែក្បួនឃោសនាសំញែងសមាជិកបក្សនយោបាយនៅថ្ងៃឃោសនាចុងក្រោយ មិនបានរំខានដល់លោកធ្វើដំណើរទៅសិក្សាទេ។ ប៉ុន្តែនិស្សិតខ្លះបានទៅសាលាយឺត ព្រោះតែវាងផ្លូវ គេចពីក្បួនឃោសនាធំរបស់គណបក្សនយោបាយ៖ «នៅសាលាដូចជាអត់ឮនិយាយអីផង ប៉ុន្តែចំនួនសិស្សមករៀនដូចជាបាត់ច្រើន»។
អ្នករត់ម៉ូតូកង់បីម្នាក់ លោក ផន ខួន ប្រាប់ថា ម៉ូយនៅតែជិះកង់បីលោកដដែល គ្រាន់តែលោកត្រូវចំណាយសាំងច្រើនជាងថ្ងៃធម្មតា ដោយដឹកភ្ញៀវជិះវាងគេចចេញពីផ្លូវដែលមានក្បួនឃោសនាធំ៖ «ពេលឃើញដឹងថា ផ្លូវហ្នឹងហែក្បួនហើយ បានខ្ញុំគេចអាផ្លូវហ្នឹងតែម្ដង»។
អ្នកលក់ការ៉េមកីតាមធុងទឹកកក រុញលក់តាមផ្លូវនៅក្នុងក្រុងភ្នំពេញ លោក ដឿ ដេត ប្រាប់ថា តាំងពីព្រឹកមក លោកមិនបានរុញធុងការ៉េមកីជួបក្បួនធំឃោសនាហែបក្សទេ។
អ្នកលក់បបរតាមរទេះម្នាក់ នៅមុខមន្ទីរពេទ្យមួយ សុំមិនឲ្យថតរូប និងថតសំឡេង ប្រាប់ថា អាជ្ញាធរបានប្រាប់អ្នកលក់ទាំងអស់នៅមុខពេទ្យឲ្យផ្អាកលក់មួយថ្ងៃ ដើម្បីទុកឱកាសឲ្យគណបក្សនយោបាយហែក្បួនឃោសនាធំនៅថ្ងៃចុងក្រោយ។ ដូច្នេះ ក្រុមអ្នកលក់តាមរទេះនៅតាមចិញ្ចឹមថ្នល់ភាគច្រើនមិនបានចេញលក់ដូរនៅថ្ងៃក្បួនធំចេញហែបក្សនេះទេ។
ក្រោយពីអាជ្ញាធរបានប្រកាសទទួលស្គាល់តម្រាយផ្លូវរបស់គណបក្សប្រជាជនកម្ពុជា ចេញហែក្បួនឃោសនាធំនៅថ្ងៃឃោសនាថ្ងៃចុងក្រោយ អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយស្នើពលរដ្ឋរស់នៅតាមតម្រាយផ្លូវ ឬឆ្លងកាត់ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ឲ្យបញ្ចៀសចរាចរណ៍បណ្ដោះអាសន្ន ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ពេលក្បួនបញ្ចប់៕