បុណ្យ​ខួប​១​ឆ្នាំ​របស់​បណ្ឌិត កែម ឡី នៅ​ស្រុក​កំណើត​បញ្ចប់​ទាំង​ភាព​សង្រេង

ដោយ វ៉ាន វណ្ណដេត
2017-07-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ខួប​គម្រប់​មួយ​ឆ្នាំ​បណ្ឌិត កែម ឡី នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang
ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ខួប​គម្រប់​មួយ​ឆ្នាំ​បណ្ឌិត កែម ឡី នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang




ពិធី​បុណ្យ​ខួប​គម្រប់ ១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី បាន​បិទ​បញ្ចប់​ហើយ​នៅ​ឯ​ស្រុក​កំណើត ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អ្នក​នយោបាយ នៅ​តែ​មាន​ភាព​សោក​សង្រេង និង​មិន​ទាន់​រំសាយ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត បើ​ទោះ​ជា​លោក​បណ្ឌិត​បាន​ស្លាប់​មួយ​ឆ្នាំ​មក​ហើយ​ក្ដី។

គ្មាន​ទេ​ស្នាម​ញញឹម​របស់​ពលរដ្ឋ​នៅ​ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ មនុស្សម្នា​មាន​តែ​សម្រែក​យំ និង​ទឹកភ្នែក​រលីងរលោង ទាំង​ពលរដ្ឋ និង​អ្នក​នយោបាយ។

ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្ត​បន្ទាយមានជ័យ ឈ្មោះ សុខ ជា សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​លោក​បណ្ឌិត កែម ឡី។ ត្បិត​លោក​បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អស់​មួយ​ឆ្នាំ​គត់​ក្ដី តែ​សម្ដី​ដ៏​មាន​អត្ថន័យ​របស់​លោក​បណ្ឌិត នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​លោក ទើប​លោក​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ពី​ខេត្ត​ឆ្ងាយ​នៅ​ជាប់​ព្រំដែន​ថៃ មក​ចូលរួម​បុណ្យ​ខួប​លោក​បណ្ឌិត កែម ឡី នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ៖ «»

ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី បាន​ធ្វើ​បុណ្យ​គម្រប់​ខួប ១​ឆ្នាំ​ដើម្បី​ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត​នៅ​ទីតាំង​ផ្នូរ​លោក​បណ្ឌិត ដែល​ស្ថិត​នៅ​ស្រុក​កំណើត នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី​៩ និង​ថ្ងៃ​ច័ន្ទ ទី​១០ កក្កដា។

លោក​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ហាង​កាហ្វេ​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ភ្លាមៗ​ក្រោយ​ឃាតកម្ម ជន​សង្ស័យ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ជាង ៨​ខែ​ក្រោយ​មក ជន​នេះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោយ​ពេល​សារភាព​ថា ខ្លួន​ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី រឿង​ជំពាក់​លុយ ៣​ពាន់​ដុល្លារ។ អ្នក​ដែល​មក​ចូលរួម​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​របស់​លោក​បណ្ឌិត កែម ឡី សុទ្ធតែ​មិន​ជឿ​លើ​ចម្លើយ​សារភាព​របស់​ឃាតក។

ព្រះតេជព្រះគុណ យ៉ាញ់ បុរី និមន្ត​មក​ពី​វត្ត​សាមគ្គីរង្សី ក្នុង​ក្រុង​ភ្នំពេញ ផ្ដល់​បទសម្ភាសន៍​ថា ព្រះអង្គ​មិន​ជឿ​ថា​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត ដោយសារ​រឿង​ជំពាក់​លុយ​ឃាតក​នោះ​ទេ ហើយ​ក៏​មិន​ជឿ​លើ​តុលាការ ថា​នឹង​អាច​ផ្ដល់​យុត្តិធម៌​ជូន​លោក​បណ្ឌិត​ដែរ។ ព្រះតេជព្រះគុណ យ៉ាញ់ បុរី យល់​ថា មាន​តែ​ការ​ផ្លាស់ប្ដូរ​តែ​ប៉ុណ្ណោះ ទើប​អាច​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី បាន៖ «»

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ចាម កញ្ញា ចេន ស្រីណា ទាមទារ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត បើ​ទោះ​ជា​ពិធី​បុណ្យ​បាន​បិទ​បញ្ចប់​ហើយ​ក៏ដោយ។ កញ្ញា ចេន ស្រីណា មក​ពី​ខេត្ត​កំពង់ចាម តែ​ម្នាក់​ឯង ហើយ​ជិះ​រថយន្ត​ឈ្នួល​ចុះ​នៅ​ភ្នំពេញ​ម្ដង និង​ឡើង​រថយន្ត​ឈ្នួល​បន្ត​មក​ខេត្ត​តាកែវ ដើម្បី​ចូលរួម​ពិធី​បុណ្យ​ខួប​លោក​បណ្ឌិត។ យុវតី​រូប​នេះ​ប្ដេជ្ញា​និយាយ​ការពិត​ពី​បញ្ហា​សង្គម ដោយ​យក​គំរូ និង​វីរភាព​របស់​លោក​បណ្ឌិត កែម ឡី៖ «»

បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​បារាំង លោក ណៅ គីមសែ បាន​មក​កម្ពុជា រយៈពេល ២​ខែ​ហើយ ដើម្បី​ត្រៀម​ចូលរួម​បុណ្យ​ខួប​លោក​បណ្ឌិត កែម ឡី។ លោក​នៅ​តែ​មាន​ការ​សោក​សង្រេង និង​ចង់​បាន​យុត្តិធម៌​ការពិត​សម្រាប់​លោក​បណ្ឌិត កែម ឡី៖ «»

ខួប​១​ឆ្នាំ​បណ្ឌិត កែម ឡី ២០១៧ ១៤៤០
ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ក្នុង​ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Rann Samnang


ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បាន​ដឹកនាំ​សមាជិក​គណបក្ស​លោក​មក​ចូលរួម​ពិធី​បុណ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា។ លោក យ៉េង វីរៈ ឲ្យ​ដឹង​ថា លោក​បណ្ឌិត កែម ឡី ជា​បិតា​ស្ថាបនិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​សន្យា​ជំរុញ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី៖ «»

នៅ​ក្នុង​ពិធី​បុណ្យ​រយៈពេល​ពីរ​ថ្ងៃ​នេះ ក៏​មាន​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​ចូលរួម​ដែរ។ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​សន្យា​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក​បណ្ឌិត កែម ឡី ដែរ តែ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​ឆ្នាំ​២០១៨។ ដោយឡែក​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​វិញ មិន​ឃើញ​មាន​វត្តមាន​ចូលរួម​ពិធី​បុណ្យ​រយៈពេល​ពីរ​ថ្ងៃ​នេះ​ទេ។

ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ប្រាប់​ថា ដរាប​ណា​មិន​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​យុត្តិធម៌ គ្រួសារ​លោក​នៅ​តែ​មិន​អាច​ទទួល​បាន​យុត្តិធម៌។ ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី នៅ​តែ​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​នៅ​ថ្ងៃ​ណា​មួយ ដរាប​ណា​មាន​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

ពិធី​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី បាន​ប្រព្រឹត្ត​ទៅ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​អាទិត្យ ទី​៩ កក្កដា ប៉ុន្តែ​មនុស្សម្នា​មក​ចូលរួម​ពិធី​នេះ​តាំង​តែ​ពី​ព្រលឹម​ថ្ងៃ​អាទិត្យ មក​ម្ល៉េះ។ មក​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១០ កក្កដា ពិធី​បុណ្យ​តាម​បែប​សាសនា​មាន​ការ​និមន្ត​លោក​ឆាន់ គោចរ​បិណ្ឌបាត និង​ការ​អុជ​ធូប​ដាក់​កម្រង​ផ្កា​រំលែក​ទុក្ខ។ អ្នក​ចូលរួម​ពិធី​បុណ្យ​ទាំង​ពីរ​ថ្ងៃ​នេះ មាន​ប្រហែល ៣.០០០​នាក់។ ពួក​គេ​សុទ្ធតែ​បាន​បង្ហាញ​ពី​ក្ដី​អាឡោះអាល័យ​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​រួត​វាំងនន​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles