
គំនរឈើប្រណីតដែលសមត្ថកិច្ចចាប់បាននៅខេត្តរតនគិរីកាលពីពេលកន្លងទៅ។ រូបថត Adhoc
Wed, 16 August 2017
Shaun Turton
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ការនាំចេញឈើកម្ពុជាទៅប្រទេសវៀតណាមសរុបសម្រាប់ឆមាសទី ១ នៃឆ្នាំនេះស្ទើរតែស្មើនឹងចំនួននាំចេញឈើសរុបនៃឆ្នាំមុន។ នេះបើតាមទិន្នន័យគយវៀតណាម ខណៈការវិភាគមួយនិយាយថាការហាមប្រាមរបស់កម្ពុជាមិនឲ្យមានចេញឈើទៅប្រទេសវៀតណាម «បានបរាជ័យទាំងស្រុង» ដោយសារការបន្តពាណិជ្ជកម្មដែលមានទឹកប្រាក់រាប់លានដុល្លារនេះ។
ទិន្នន័យដែលទទួលបាននិងចេញដោយអង្គការ Forest Trends ដែលជាអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញថាឈើកម្ពុជាយ៉ាងច្រើន ៣១៣ ០០០ ម៉ែត្រគុបដែលមានតម្លៃ ១៤២ លានដុល្លារត្រូវបានចុះបញ្ជីដោយគយវៀតណាមចន្លោះពីខែមករាដល់ខែមិថុនារួមទាំងឈើដែលអាររួច និងឈើដែលមិនទាន់អារ។
ទិន្នន័យគយវៀតណាមបង្ហាញថាការនាំចេញឈើសរុបក្នុងឆ្នាំ ២០១៦ គឺមានចំនួន ៣១៨២៣២ ម៉ែត្រគុបបើទោះបីជាមានការ «បង្ក្រាប» ដោយក្រុមការងារប្រឆាំងការកាប់ឈើ និងការហាមប្រាមមិនឲ្យនាំចេញទៅប្រទេសវៀតណាម ដែលបានប្រកាសកាលពីខែមករាឆ្នាំនោះក៏ដោយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលោក គុណ ញឹម មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដើម្បីផ្ទៀងផ្ទាត់តួលេខជាមួយកម្ពុជា។
នៅពេលសួរអំពីតួលេខស្ថិតិថ្មីរបស់គយវៀតណាមកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល បានស្នើសុំរបាយការណ៍ផ្លូវការរបស់គយវៀតណាម។ លោកមិនបានធ្វើអត្ថាធិប្បាយបន្ថែមក្រៅពីសំណូមពរឲ្យប្រាប់ថារឿងនេះ «ពិតជាបានកើតឡើង» ទេ។
ចំនួននៃការនាំចេញឈើឆ្នាំ ២០១៧ ដ៏ច្រើនបានឆ្លងព្រំដែនក្នុងអំឡុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះដែលការកើនឡើងខ្លាំងនេះគឺដោយសារប្រតិបត្តិការកាប់ឈើ «ជាប្រព័ន្ធ» ដែលគាំទ្រដោយពាណិជ្ជករវៀតណាម។
បើតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) បានឲ្យដឹងថាការកើនឡើងនៃការកាប់ឈើខុសច្បាប់បានកើតឡើងនៅក្នុងខេត្តរតនគិរី និងត្រូវបានសម្របសម្រួលដោយការសូកប៉ាន់លុយទៅមន្ត្រីនៃប្រទេសទាំង ២។
បន្ទាប់ពីការចេញរបាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានកាលពីខែឧសភាលោក សំអាល់ បានថ្លែងថាការស៊ើបអង្កេតទៅលើអាជ្ញាធរមូលដ្ឋានកំពុងធ្វើឡើង។
ទោះយ៉ាងណាក្តីមិនមានសេចក្តីលម្អិតបន្ថែមអំពីជនសង្ស័យណានោះទេ។
ទិន្នន័យបង្ហាញថាអាជ្ញាធរគយវៀតណាមបានទទួលប្រហែល ១៧០០០០ ម៉ែត្រគុបនៃឈើអាររួចដែលមានតម្លៃ ១១០ លានដុល្លារ និង ១៤៣០០០ ម៉ែត្រគុបនៃឈើមិនទាន់អារដែលមានតម្លៃ ៣១ លានដុល្លារចន្លោះពីខែមករាដល់ខែមិថុនា។
វៀតណាមបាននាំចូលឈើមិនទាន់អារចំនួន ១៣៩០០០ ម៉ែត្រគុប និងឈើអាររួចចំនួន ១៧៩០០០ ម៉ែត្រគុបក្នុងឆ្នាំ ២០១៦។ នេះបើតាមទិន្នន័យគយដែលចងក្រងដោយអង្គការ Forest Trends។
នៅពេលទាក់ទងកាលពីម្សិលមិញលោក Marcus Hardtke ដែលជាសកម្មជនប្រឆាំងនឹងការកាប់ឈើជាយូរមកហើយបានថ្លែងបន្ទាប់ពីការធ្លាក់ចុះបណ្តោះអាសន្ននៃការនាំចេញបន្ទាប់ពីការបង្ក្រាបថាពាណិជ្ជកម្មនេះបាន «កើនឡើងម្តងទៀត»។
លោកបានថ្លែងតាមអ៊ីមែលថា៖ «រដូវប្រាំងឆ្នាំ ២០១៦/១៧ បានឃើញការកើនឡើងខ្លាំងនៃការនាំចេញខុសច្បាប់ទៅប្រទេសវៀតណាម ទិន្នន័យថ្មីរបស់គយពីឆ្នាំ ២០១៧ ជាថ្មីម្តងទៀតបញ្ជាក់អំពីលទ្ធផលរកឃើញនៃការស៊ើបអង្កេតរបស់ EIA»។
អ្នកវិភាគនៅអង្គការ Forest Trends លោក Phuc Xuan To ក៏បានថ្លែងផងដែរ ការប្រកាសរបស់រដ្ឋាភិបាលអំពីការហាមមិនឲ្យមានការនាំចេញគឺប៉ះពាល់តិចតួចទៅលើពាណិជ្ជកម្មនេះ។
លោកបានថ្លែងថា៖ «តួលេខទាំងនេះបង្ហាញច្បាស់ថាការហាមប្រាមការនាំចេញបានបរាជ័យទាំងស្រុង»៕PS
រាយការណ៍បន្ថែមដោយ ឆាយ ច័ន្ទនីដា
Contact author: Shaun Turton