ពលរដ្ឋ​ជិត ​១,៥​លាននាក់​ បន្ថែម​ទៀត​នឹង​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០១៧

ដោយ មាន ឫទ្ធិ
2017-08-16
RFA

ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។ RFA
ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។ RFA


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ថា ប្រជាពលរដ្ឋ​ទើប​គ្រប់​អាយុ និង​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦ ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​សរុប​ជាង ១​លាន ៤​សែន​នាក់ (.៤១២.១៤៩​នាក់)

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជិត ១៦​លាន​នាក់ (១៥.៨៨៣.២៥០​នាក់) ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង​មាន​ចំនួន​ជិត ៩​លាន ៨​សែន​នាក់ (.៧៨៨.២៣៩​នាក់) ហើយ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៦ រួច​មាន​ចំនួន​ជាង ៧​លាន ៨​សែន​នាក់ (.៨៦៥.០៣៣​នាក់)

..ប ឲ្យ​ដឹង​ទៀត​ថា ការិយាល័យ​បោះឆ្នោត​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ អាច​មាន​ចំនួន​ជាង ២​ម៉ឺន ៣​ពាន់​ការិយាល័យ (២៣.៤៧០​ការិយាល័យ)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) នឹង​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៨។ រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំសង្កាត់ និង​នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ឃុំសង្កាត់​មាន​រយៈពេល ៧០​ថ្ងៃ គឺ​គិត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ នេះ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត រួម​មាន​ដូចជា ការ​កែ​តម្រូវ​ឈ្មោះ និង​ទិន្នន័យ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៦ ឲ្យ​ត្រូវ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ពួក​គាត់។ ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​ទទួល​មរណភាព អ្នក​ដែល​ត្រូវ​បាន​ដក​ហូត​ជា​បណ្ដោះអាសន្ន​នូវ​សិទ្ធិ​បោះឆ្នោត និង​អ្នក​ដែល​បាន​ផ្លាស់ប្ដូរ​លំនៅឋាន ឬ​ទី​សំណាក់​ទៅ​ឃុំសង្កាត់​ផ្សេង។ ការ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ គិត​ដល់​ថ្ងៃ​បោះឆ្នោត។ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូល​ក្នុង​ឃុំសង្កាត់​ថ្មី។

មាត្រា​៤៦ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អនុម័ត​ខែ​មីនា ឆ្នាំ​២០១៥ ចែង​ថា ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ត្រូវ​មាន​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំសង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​បាន​ដក​សិទ្ធិ​បោះឆ្នោត ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច។

ជាមួយ​គ្នា​នេះ​ដែរ គ..ប បាន​អំពាវនាវ​ដល់​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំងឡាយ ដែល​មាន​បំណង​ចង់​ចូលរួម​សង្កេត​ការណ៍​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​រួសរាន់​ដាក់​ពាក្យ​មក គ..ប ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨។ ដោយឡែក​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​ដាក់​ភ្នាក់ងារ​ដើម្បី​សង្កេត​ការណ៍ ត្រូវ​ដាក់​ពាក្យ​ទៅ​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៨។

ការ​បោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles