ក្រសួង​ឲ្យ​តំណាង​គណបក្ស​អំណាច​ខ្មែរ​ ចូល​ពិភាក្សា​ពី​ការ​អនុវត្ត​ច្បាប់

ប្រធាន​ស្ដីទីគណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​សប្តាហ៍​នេះ។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​មហា​ផ្ទៃ ​​បាន​អញ្ជើញ​តំណាង​គណបក្ស​​អំណាច​ខ្មែរ​​ទៅ​ជួប​នៅ​ថ្ងៃ​នេះ ដើម្បី​​ពិភាក្សា​អំពី​ការ​អនុវត្ត​ច្បាប់​​ស្តី​អំពី​គណបក្ស​នយោបាយ បន្ទាប់​ពី​ទីស្នាក់​ការ​គណបក្ស​នេះ​​ត្រូវ​បាន​នគរបាល​ចុះ​ឆែក​ឆេរ​និង​រឹប​អូស​ដោយ​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​ជាមួយ​ រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​។

បើ​តាម​លិខិត​ដែល​បាន​ចេញ​ កាល​ពី​ម្សិលមិញ​​ ដោយ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​នៃ​​ក្រសួង​មហាផ្ទៃ លោក​ ប្រាក់ សំអឿន បាន​អញ្ជើញ​តំណាង​ពីរ​រូប​នៃ​ក្រុម​ប្រឹក្សា​នយោបាយ​របស់​គណបក្ស​អំណាច​ខ្មែរ​ ទៅ​ជួប​ប្រជុំ​​នៅ​ក្រសួង​ មហាផ្ទៃ ​នៅ​​វេលា​ម៉ោង​ ៩ ​ព្រឹក។

ទន្ទឹមនេះ លិខិត​អញ្ជើញ​នេះ​ក៏​បាន​ភ្ជាប់​ជាមួយ​ផង​ដែរ​នូវ​ដីកា​ប្រញាប់​មួយ​ដែល​ចេញ​ដោយ​​អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល លោក ឈិន កាន ដោយ​ប្រាប់​ទៅ​កាន់​ក្រុម​ប្រឹក្សា​នយោបាយ​​របស់​គណបក្ស​អំណាច​ខ្មែរ​​ថា ជា​ករណី​ប្រញាប់​ណាស់។

នៅ​ពេល​ទាក់​ទង​ កាល​ពី​ម្សិលមិញ​ ​លោក ឈិន កាន ​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​លម្អិត​ទេ​ដោយ​លោក​ថ្លែង​ថា ការ​កោះ​ហៅ​នេះ​គឺ​គ្រាន់​តែ​ដើម្បី​ពិភាក្សា​អំពី​ការ​អនុវត្ត​ច្បាប់​​ស្តីពី​គណបក្ស​នយោបាយ និង​ថា រង់​ចាំ​ពិភាក្សា​ជាមួយ​គណបក្ស​អំណាច​ខ្មែរ​ជាមុន​សិន។

លោក ឈឹម កាន បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​ប្រាប់​មុន​ទេ​។ យើង​សួរ​គាត់​មុន​សិន»។

ប្រធាន​ស្ដីទីគណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា​ លោក​និង​សហការី​​នឹង​ទៅ​ជួប​ក្រសួង​មហា​ផ្ទៃ ​ហើយ​លោក​នឹង​សូម​ឲ្យ​​ក្រសួង​មហាផ្ទៃ​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ផង​ដែរ​អំពី​ការ​អនុវត្ត​​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

លោក សុភ័ណ្ឌ បាន​បន្ត​ទៀត​ថា៖ « [យើង] នឹង​សូម​ឲ្យ​ក្រសួង​ មហាផ្ទៃ​បំពេញ​ចំណុច​ខ្វះ​ខាត ដើម្បី​ចៀស​ពី​ការ​រំលាយ​គណបក្ស»។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ លោក សួន សេរីរដ្ឋា ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ​​បំបែក​បំបាក់​​និង​ញុះ-​ញង់​​កង​ទ័ព​​មិន​ឲ្យ​គោរព​តាម​​បញ្ជា​ក្នុង​ការ​បញ្ជូន​ទ័ព​​ទៅ​​បណ្តេញ​ទាហាន​ឡាវ​​នៅ​តំបន់​ព្រំ​ដែន​មាន​ជម្លោះ​កាល​ពី​​សប្តាហ៍​មុន​​។

ជាង​នេះ​ទៅទៀត កាល​ពី​ថ្ងៃ​ ១៥ សីហា សមត្ថកិច្ច​បាន​ចុះ​ឆែក​ឆេរ​ទី​ស្នាក់​ការ​គណបក្ស​​អំណាច​ខ្មែរ​​ដោយ​រឹប​អូស​សម្ភារ​និង​ឯកសារ​មួយ​ចំនួន​ បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា លោក សួន ​សេរីរដ្ឋា សហការ​ជាមួយ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​​ដឹក​នាំ​ដោយ​លោក សម សេរី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ លោក សួង សុភ័ណ្ឌ ​បាន​ថ្លែង​ថា គណបក្ស​អំណាច​ខ្មែរ​ក៏​នឹង​​ស្នើ​សុំ​តុលាការ​ឲ្យ​ទម្លាក់​ការ​ចោទ​លើ​លោក សេរីរដ្ឋា ​ផង​ដែរ។

លោកថា៖ «យើង​នឹង​ព្យាយាម​ស្នើ​សុំ​ [តុលាការ] ទម្លាក់​ការ​ចោទ​ដោយសារ​ការ​ចោទ​នេះ​មិន​ត្រឹម​ត្រូវ។ ការ​រិះ​គន់​​របស់​ [សេរីរដ្ឋា] គឺ​គ្រាន់​តែ​ដើម្បី​ស្ថាបនា»។ «យើង​ក៏​បាន​ចេញ​លិខិត​ថ្កោល​ទោស​លោក សម សេរី រួច​ហើយ»៕PS

What Next?

Recent Articles