ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​ខេត្ត​កោះកុង​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី

ដោយ ឡេង ម៉ាលី
2017-08-17
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មក​តវ៉ា​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Leng Maly
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង មក​តវ៉ា​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​រាជធានី​ភ្នំពេញ ដើម្បី​រក​ដំណោះស្រាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Leng Maly



ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ជាង ៣០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​តាម​ដាន​ញត្តិ​របស់​ពួក​គាត់ ដែល​បាន​ដាក់​រក​អន្តរាគមន៍​អំពី​បញ្ហា​ដី​កាល​ពី​មុន។ ពួក​គាត់​ស្ងប់​ចិត្ត​បន្តិច ក្រោយ​ពេល​ជួប​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សន្យា​ម្ដង​ទៀត​ថា នឹង​ឆ្លើយតប​ឲ្យ​បាន​ឆាប់។

តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ការ​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ប៉ាល់ ចន្ទតារា មាន​ចំណុច​ល្អ​មួយ​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ​លិខិត​ដាក់​មក​ម្ដង​ទៀត។ អ្នកស្រី​ថា ពេល​នេះ​ខុស​ពី​លើក​មុន​ដែល​ធ្លាប់​តែ​ប្រឈម​ការ​រារាំង​ពី​កម្លាំង​សន្តិសុខ និង​ការ​សន្យា​មិន​ជាក់លាក់«ឯកឧត្ដម ប៉ាល់ ចន្ទតារា លោក​ស្នើសុំ​ឲ្យ​ពួក​ខ្ញុំ​ផ្ដិត​មេដៃ​ភ្ជាប់​ជាមួយ​លិខិត​ស្នើសុំ​អន្តរាគមន៍ បើ​មក​ព្រឹក​ល្ងាច​បាន​ឆ្លើយតប ប៉ុន្តែ​អ្វី​ដែល​យើង​ទាមទារ​ចង់​បាន​ឲ្យ​លក្ខខណ្ឌ​ឆ្លើយតប​ថ្ងៃ​ខែ​ឆ្នាំ គឺ​អត់»

ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​លោក ប៉ាល់ ចន្ទតារា ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អ្នក​ភូមិ​ចង់​បាន​តំណាង ៨​រូប ដើម្បី​ជួប​ដាក់​លិខិត​រក​អន្តរាគមន៍​លើក​ក្រោយ។ ប៉ុន្តែ​ការ​ស្នើសុំ​នេះ ត្រូវ​បាន​លោក ប៉ាល់ ចន្ទតារា បដិសេធ ដោយ​អនុញ្ញាត​ឲ្យ​តែ​ម្នាក់​ប៉ុណ្ណោះ។

ទោះ​ជា​ចំនួន​តំណាង​មិន​បាន​សំណូមពរ​ក្ដី ក៏​អ្នក​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ម្នាក់​ទៀត គឺ​លោកស្រី ណុំ វណ្ណារី មាន​ប្រសាសន៍​ថា ត្រេក​អរ​ពេល​ទទួល​បាន​ការ​ឆ្លើយតប​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី«គាត់​ថា​ឲ្យ​ដាក់​មក​ជំរុញ​អា​មុន ដាក់​អា​ក្រោយ​នេះ​ទៀត ដើម្បី​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ឲ្យ​បាន​ឆាប់​រហ័ស។ ខ្ញុំ​ឮ​ពាក្យ​គាត់​និយាយ​នេះ ខ្ញុំ​សប្បាយ​ចិត្ត​មែនទែន ស្ទើរ​និយាយ​អី​អត់​ចេញ ដោយសារ​ខ្ញុំ​ឮ​ពាក្យ​នេះ​តាំង​ពី​ឆ្នាំ​២០០៩ កន្លង​មក ដែល​ពួក​យើង​បាន​ដាក់​ពាក្យ​បណ្ដឹង ដែល​លោក ហេង ហ៊ុយ ប្លន់​យក​ផ្ទះ​សម្បែង​យើង​នេះ​ហូរហែ​រហូត តែងតែ​ឮ​ពាក្យ​នេះ។ ពួក​យើង​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ ពួក​យើង​អត់​ស្គាល់​ទេ ស្គាល់​តែ​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី នេះ​ឯង ជា​ខុទ្ទកាល័យ​នៅ​ប្រទេស​យើង»

ផាវ ញ៉ឺង ១៤៤០ ២០១៧
តំណាង​អ្នក​ភូមិ​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ឺង ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​តវ៉ា​រក​ដំណោះស្រាយ​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៧។ RFA/Leng Maly

អ្នក​ភូមិ​ទាំង​នេះ គឺ​ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ១៧៥​គ្រួសារ នៅ​ឃុំ​ចំនួន​៤ ក្នុង​ស្រុក​ស្រែអំបិល និង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ កោះកុង ស៊ូហ្គើរ និង​ផ្លែនថេហ្សិន (Koh Kong Sugar & Plantation) របស់​ឧកញ៉ា ហេង ហ៊ុយ និង​លោក លី យ៉ុងផាត់ តាំង​ពី​ឆ្នាំ​២០០៦។ ពួក​គាត់​អះអាង​ថា បាន​កាន់កាប់​ដី​ទី​នោះ តាំង​ពី​ឆ្នាំ​១៩៧៩។ ពេល​នេះ ពួក​គាត់​បាន​បាត់បង់​ទាំង​ផ្ទះ​ដី​ភូមិ និង​ដី​ចម្ការ ទំហំ ១៨២​ហិកតារ ដោយសារ​តែ​ក្រុមហ៊ុន​ឈូស​ឆាយ​យក។ ពួក​គាត់​តែង​នាំ​គ្នា​មក​តវ៉ា​នៅ​ភ្នំពេញ ជា​ញឹកញយ ព្រោះ​មិន​ទទួល​បាន​សំណង។

អ្នក​ស្រី ផាវ ញ៉ឺង ថ្លែង​ថា ការ​បាត់បង់​ដី​នេះ ធ្វើ​ឲ្យ​ជីវភាព​កាន់​តែ​ដុនដាប«ទៅ​តវ៉ា​ដី គេ​វាយ​គេ​ដំ មក​ដល់​ផ្ទះ​ប្ដី​ជេរ​ប្រមាថ ដោយសារ​ខ្ញុំ​ខ្ចី​លុយ​គេ​មក​តវ៉ា​ដី។ កូន​អត់​បាន​ចូល​សាលា ក៏​ព្រោះ​តែ​ដី ចំណាក​ស្រុក​និរាស​ព្រាត់ប្រាស​គ្រួសារ ក៏​ដោយសារ​តែ​ដី ជំពាក់​លុយ អេ.អឹម.ខេ (AMK) ប្រាសាក់ អម្រឹត ខ្ញុំ​ស្គាល់​គ្រប់។ ពូជពង្ស​ខ្ញុំ​មិន​ដែល​ធ្លាប់​ជំពាក់​គេ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ​ជំពាក់​គេ​ម្ដង​ហើយ​ម្ដង​ទៀត មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត។ យក​ពី​អង្គការ​នេះ​ដាក់​អង្គការ​នោះ។ បំណុល​នេះ សួរ​ថា​កូន​ខ្ញុំ​បី​ជំនាន់​ទៀត​ដោះ​រួច ឬ​អត់»

ករណី​ដី​ធ្លី​នេះ ត្រូវ​បាន​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​ជួប​ប្រជុំ​ដោះស្រាយ​ខ្លះៗ ដែរ កាល​ពី​ខែ​កុម្ភៈ ហើយ​ថ្លែង​ថា ភាគី​វិវាទ​បាន​យល់​គ្នា​ច្រើន​ហើយ ទាក់ទង​នឹង​សំណង​ការ​ខូចខាត និង​ដោះដូរ​ដី​ថ្មី។

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ទេព ធន ប្រធាន​ក្រុម​ដោះស្រាយ​វិវាទ​ដី​ធ្លី​ទី​៨ របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​បញ្ជាក់​អំពី​ការ​ដោះស្រាយ​ករណី​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៧ សីហា។ អ្នក​ភូមិ​អះអាង​ថា ពេល​នេះ ដី​ថ្មី​នោះ​ក៏​ត្រូវ​ឈូស​ឆាយ​ទៀត ហើយ​ការ​មក​រក​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ពេល​នេះ ក៏​ព្រោះ​តែ​ពួក​គាត់​មិន​ទទួល​បាន​ដំណោះស្រាយ​សំណង​តាម​ការ​សន្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles