ដោយ មួង ណារ៉េត
2017-08-16
RFA

លោក ញឹក ប៊ុនឆៃ ធ្វើសន្និសីទកាសែតប្រកាសបង្កើតគណបក្សថ្មី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ RFA/San Sel
![]()
ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ សរសេរលិខិតសារភាពកំហុស និងសុំទោសពីក្នុងពន្ធនាគារ ព្រោះសម្រេចចិត្តខុសឆ្គងដែលប៉ះពាល់ដល់គណបក្សខ្មែររួបរួមជាតិ ទាំងមូល។
នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ដែលផ្សាយតាមគណនីហ្វេសប៊ុក (Facebook) ឈ្មោះ ឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ក្នុងថ្ងៃដដែល លោក ញឹក ប៊ុនឆៃ បានសម្តែងសេចក្ដីសោកស្ដាយ និងវិប្បដិសារីយ៉ាងខ្លាំងដែលមិនអាចបន្តបេសកកម្មរួមជាមួយមន្ត្រីគណបក្សខ្មែររួបរួមជាតិ របស់លោក ដោយសារលោកបានប្រព្រឹត្តមិនគប្បីចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ញឹក ប៊ុនឆៃ អំពាវនាវសូមឲ្យអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ កុំងាករេទៅតាមការអូសទាញ ដើម្បីឲ្យមានការផ្លាស់ប្តូរឲ្យសោះ ព្រោះលោកបញ្ជាក់ថា រដ្ឋាភិបាលសព្វថ្ងៃកំពុងដើរផ្លូវត្រូវ។
ទោះបីជាលោក ញឹក ប៊ុនឆៃ មិនបានបញ្ជាក់អំពីអ្វីដែលជាការសម្រេចចិត្តខុសឆ្គងរបស់គាត់ក៏ដោយ នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ភ្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកតំណែងគាត់ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សខ្មែររួបរួមជាតិ ជាច្រើនរូបផ្សេងទៀតចេញពីជួររដ្ឋាភិបាល ដោយសារតែគាត់បានទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង។ ចុងក្រោយលោកត្រូវបានកម្លាំងនគរបាលចាប់ និងឃុំខ្លួននៅថ្ងៃទី៣ ខែសីហា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពីជាង ១០ឆ្នាំមុន។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមន្ត្រីនាំពាក្យគណបក្សខ្មែររួបរួមជាតិ ថាតើនេះជាលិខិតពិត ឬយ៉ាងណានៅឡើយទេ។ ប៉ុន្តែលិខិតនេះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលាយនៅតាមបណ្តាញសង្គម និងសារព័ត៌មានក្នុងស្រុកមួយចំនួន។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាឧបនាយករដ្ឋមន្ត្រី ដែលធ្លាប់ជាអ្នករួមអាជីពជាមួយលោក ញឹក ប៊ុនឆៃ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ធ្លាប់បញ្ជាក់ប្រាប់អាស៊ីសេរី ថាលោក ញឹក ប៊ុនឆៃ លែងមានប្រយោជន៍ចំពោះលោក ហ៊ុន សែន តទៅទៀតហើយ៕