
មន្ត្រីគណបក្សសង្រ្គោះជាតិចូលរួមសិក្ខាសាលាមួយដែលរៀបចំដោយ NDI កាលពីដើមឆ្នាំនេះ។ រូបថត សហការី
Fri, 18 August 2017
នៀម ឆេង and Ananth Baliga
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ឯកសារលេចធ្លាយពីវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ហ្វេសប៊ុកអនាមិកមួយ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអង្គការនេះបានរៀបចំយុទ្ធសាស្ត្រដើម្បីជួយគណបក្សប្រឆាំងឲ្យឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំក្រោយរួមជាមួយនឹងសំណួរត្រូវបានលើកឡើងផងដែរពាក់ព័ន្ធនឹងការចុះឈ្មោះជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ កូន ខ្មែរ បានបង្ហោះរូបភាព និងរបៀបវារៈពីការបណ្តុះបណ្តាលមួយដែលធ្វើឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) សម្រាប់គណបក្សសង្គ្រោះជាតិកាលពីពាក់កណ្តាលខែមីនាដោយលើកឡើងថាក្រុមនេះបានផ្តល់ឲ្យគណបក្សសង្គ្រោះជាតិនូវគម្រោងផែនការទុច្ចរិតដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជាតិ។ «តាមរយៈឯកសារបណ្តុះបណ្តាលរបស់ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា) រៀបចំសម្រាប់គណបក្សសង្គ្រោះជាតិនៅខែមីនាឆ្នាំ ២០១៧ ដែលយើងខ្ញុំទើបតែទទួលបានគឺបង្ហាញយ៉ាងច្បាស់ពីគម្រោងផែនការទុច្ចរិតដែលអង្គការក្រៅរដ្ឋាភិបាលមួយនេះរៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយគណបក្សសង្គ្រោះជាតិដើម្បីដណ្តើមប្រៀបឈ្នះលើបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន»។
ស្លាយមួយក្នុងចំណោមស្លាយទាំងនោះបានបង្ហាញអំពីចំណងជើងអត្ថបទក្លែងក្លាយរបស់កាសែតកោះសន្តិភាពដែលថាការបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០១៨ «គណបក្សសង្គ្រោះជាតិឈ្នះឆ្នោត!»។
ស្លាយមួយទៀតនិយាយថា៖ «ខ្ញុំគិតថាអ្នកអាចឈ្នះការបោះឆ្នោតលើកក្រោយ!» ដោយលើកឡើងមូលហេតុ ២ ដែលគណបក្សសំខាន់ចម្បងប្រហែលជាអាចឈ្នះឆ្នោតឆ្នាំក្រោយ៖ «គណបក្សប្រជាជនបោក» ឬគណបក្សប្រឆាំងខ្វះយុទ្ធសាស្ត្របោះឆ្នោត។
ការបង្ហោះលើហ្វេសប៊ុកនេះក៏បានលើកឡើងផងដែរថា NDI បានលើកយោបល់ឲ្យគណបក្សសង្គ្រោះជាតិជំរុញ «ពាក្យស្លោក និងការឃោសនារបស់ខ្លួន» តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលវាយប្រហាររដ្ឋាភិបាលទៀងទាត់ដូចជាកាសែតភ្នំពេញប៉ុស្តិ៍ កាសែត ខេមបូឌាដេលី និងវិទ្យុមួយចំនួនទៀត។
ក្នុងវគ្គបណ្តុះបណ្តាលស្រដៀងគ្នាមួយដែលធ្វើឡើងក្នុងខែមេសាដោយ NDI សារព័ត៌មាន Fresh News បានចុះផ្សាយអត្ថបទអនាមិកមួយភ្ជាប់គណបក្សប្រឆាំងទៅនឹងរបបខ្មែរក្រហមដែលសម្លាប់រង្គាល។
ការវាយប្រហារទៅលើ NDI បានធ្វើតាមនិន្នាការរបស់អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយភាគច្រើនបំផុតដែលរិះគន់រដ្ឋាភិបាល គាបសង្កត់ដោយអាជ្ញាធរតាមរយៈការមិនបង់ពន្ធ ឬមិនបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធកាលពីប៉ុន្មានសប្តាហ៍មុន។
ឆ្លើយតបនឹងបញ្ហានេះលោក John Cavanaugh នាយកកម្មវិធីរបស់ NDI បានថ្លែងថា ឆ្នាំនេះអង្គការក្រៅរដ្ឋាភិបាលបានធ្វើការជាមួយគណបក្ស ៥ រួមទាំងគណបក្សប្រជាជនលើប្រធានបទជាច្រើន និងរក្សាអព្យាក្រឹតភាពនៅក្នុងសកម្មភាពរបស់ខ្លួន។
លោកបានថ្លែងនៅក្នុងអ៊ីមែលមួយថា៖ «NDI មិនមែនជាបក្សសម្ព័ន្ធ និងដៃគូជាមួយគណបក្សនយោបាយសំខាន់ៗនោះទេ។ ការងាររបស់ NDI ផ្តោតទៅលើការពង្រឹងដំណើរការប្រជាធិបតេយ្យផ្តល់ប្រយោជន៍ដល់បេក្ខជនឈរឈ្មោះបោះឆ្នោត និងអ្នកបោះឆ្នោត»។
លោកមិនបានថ្លែងលម្អិតអំពីការបណ្តុះបណ្តាលដែលផ្តល់ទៅគណបក្សនីមួយៗនោះទេដោយថាវាត្រូវបានធ្វើឡើងទៅតាមការតម្រូវជាក់លាក់របស់ពួកគេ។
បន្ទាប់ពីការចេញផ្សាយនៃអត្ថបទរបស់ Fresh News មន្ត្រីក្រសួងមហាផ្ទៃលោក ហ៊ុយ វណ្ណៈ បានប្រាប់សារព័ត៌មាននេះថា NDI មិនបានចុះបញ្ជីជាមួយក្រសួងទេ ប៉ុន្តែលោក Cavanaugh បានឆ្លើយតបថាអង្គការរបស់លោកបានដាក់ពាក្យសុំចុះបញ្ជីរួចហើយកាលពីខែកញ្ញាឆ្នាំមុននៅក្រសួងការបរទេស។
នៅក្រោមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលគឺតម្រូវឲ្យអង្គការ NGOs ទាំងនោះត្រូវតែចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការបរទេស។
លោក ហ៊ុយ វណ្ណៈ និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី មិនអាចទាក់ទងសុំអធិប្បាយបានទេ។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន បានថ្លែងថាឯកសារបែកធ្លាយនេះគឺបានបង្ហាញថាអង្គការ NDI មិនមានលក្ខណៈអព្យាក្រឹត និងឯករាជ្យទេ និងបានចោទសួរពីការមិនគោរពច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល។
លោកថ្លែងថា៖ «ហេតុអ្វីបានជាពួកគេ [NDI] មិនដាក់ឯកសារឱ្យបានត្រឹមត្រូវ? ពួកគេបានដំណើរការរួចហើយនៅក្នុងប្រទេសកម្ពុជាគឺតាំងពីយូរណាស់មកហើយ»។
នៅពេលសួរថា តើគណបក្សប្រជាជនកម្ពុជាធ្លាប់បានទទួលការបណ្ដុះបណ្ដាលពី NDI ដែរឬទេលោក ឥសាន អះអាងថា ភាគីទាំងពីរមាន «ការប្រាស្រ័យទាក់ទងគ្នា» មួយចំនួន ហើយថាគណបក្សកាន់អំណាចបានចូលរួមក្នុងវេទិកាសាធារណៈរបស់អង្គការ NDI។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានបដិសេធភ្លាមៗអំពីការលម្អៀងណាមួយរបស់អង្គការ NDI ដោយលោកថ្លែងថា ការបណ្តុះបណ្តាលកាលពីខែមីនា គឺស្តែងពីទំនាក់ទំនងដ៏មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការរៀបចំយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតនោះទេ។
លោកថ្លែងថា៖ «ខ្ញុំចាំមិនច្បាស់ទេ ប៉ុន្តែយើងមិនមានចេតនាអាក្រក់នោះទេគឺយើងមានតម្លាភាព។ យើងចង់ឈ្នះដោយសេចក្តីថ្លៃថ្នូរ និងចាញ់ដោយការពេញចិត្ត។ នៅពេលនោះពួកគេនិយាយអំពីសិល្បៈនៃការនិយាយ»។
លោក អ៊ូ វីរៈ ស្ថាបនិកអង្គការវេទិកាអនាគតបានថ្លែងថាការត្រួតពិនិត្យអង្គការនានាដោយសារមិនអនុលោមតាមច្បាប់គឺអាចទទួលយកបានដរាបណាវាមានភាពយុត្តិធម៌ និងធ្វើទាំងអស់គ្នាដោយសំដៅលើការកំណត់គោលដៅថ្មីៗរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
លោកបញ្ជាក់ថា៖ «វាត្រូវបានចងភ្ជាប់ទៅនឹងការសង្ស័យដែលថាវាត្រូវបានគេកំណត់គោលដៅហើយគឺវាយ៉ាងនេះ។ ពួកគេមិនគួរធ្វើវាតាមបែបនយោបាយនោះទេគឺគេគួរធ្វើដោយគ្មានភាពលម្អៀង»៕ PS/NS
Contact authors: នៀម ឆេង and Ananth Baliga