ដោយ VOD Admin | ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧
http://vodhotnews.com

រូបភាពពី ហ្វេសប៊ុក បេឡាជាតិរបបសន្តិសុខសង្គម
បេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) អំពាវនាវដល់កម្មករ កម្មការនី ឲ្យទៅទទួលសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចព្រមព្រៀងទូទាំង២៥រាជធានី ខេត្ត មានចំនួន ១,២៧៨កន្លែង និងមានសេវាកម្មព្យាបាលជំងឺ២៤ម៉ោង ដោយមិនគិតថ្លៃ។
អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សេង សក្តា បានថ្លៃងប្រាប់កម្មករ កម្មការនី ក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម កាលពីថ្ងៃទី ១៦ខែសីហា ឲ្យដឹងថា កម្មករដែលជាសមាជិកនិងមានកាតធានារ៉ាប់រងពី ប ស ស អាចទៅទទួលសេវាព្យាបាលជំងឺបាននៅតាមមន្ទីរពេទ្យ ដែលមានដាក់ផ្លាកសញ្ញា បេឡាជាតិរបបសន្តិសុខសង្គម ដោយមិនគិតថ្លៃ។ ក៏ប៉ុន្តែ ក្នុងករណីដែលត្រូវសង្គ្រោះបន្ទាន់ ប ស ស អនុញ្ញាតឲ្យសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងបាន ហើយ ប ស ស ជាអ្នកចេញថ្លៃព្យាបាលនោះដូចគ្នា។
ប្រធានសហភាពការងារ លោក អាត់ ធន់ សាទរចំពោះការជំរុញរបស់លោក សេង សក្តា ឲ្យកម្មករ កម្មការនីទៅទទួលសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ។ ប៉ុន្តែលោកថា កម្មករកម្មការនីមួយចំនួននៅតែមិនព្រមទៅព្យាបាលពេលមានជំងឺ ដោយពួកគាត់អះអាងថា នៅពេលដែលក្រុមគ្រូពេទ្យឃើញកាតធានារ៉ាប់រងពី ប ស ស ហើយក្រុមគ្រូពេទ្យទាំងនោះ មិនសូវយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺដល់ពួកគាត់នោះទេ។
លោក អាត់ ធន់ បញ្ជាក់ថា«យើងដឹងហើយពេទ្យស្រុកខ្មែរ គឺពាក់ព័ន្ធនឹងពេទ្យមួយចំនួនគេល្អ ប៉ុន្តែពេទ្យមួយចំនួនធំគឺដូចជាមិនសូវជាអ្នកយកចិត្តទុកដាក់អ្នកជំងឺនោះទេ ភាគច្រើនគាត់ទន់ទឹងមើលលុយគាត់សួរលុយមុន នឹងវាជារឿងធម្មតាហើយ ហើយនៅពេលដែលសេវាកម្មរបស់បេឡាជាតិចេញក៏យើងឃើញចរិកបុគ្គលពេទ្យមួយចំនួនចឹងដែរ ពេលគាត់ទៅព្យាបាលនឹងគាត់អត់បានសេវាកម្មក្រៅគាត់មិនសូវយកចិត្តទុកដាក់ទេ»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា យល់ឃើញថា ប្រព័ន្ធថែទាំសុខភាពថ្មីរបស់បេឡាជាតិរបបសន្តិសុខ គឺជារឿងល្អសម្រាប់កម្មករ កម្មការី ទាំងអស់ដែលជាសមាជិក។ ក៏ប៉ុន្តែលោកថា កម្មករ កម្មការនី នៅតែជួបបញ្ហាប្រឈមជាច្រើន ដោយសារគ្រូពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់ក្នុងការព្យាបាលនៅពេលដែលបង្ហាញកាតធានារ៉ាប់រងរបស់ ប ស ស។
លោក មឿន តុលា ស្នើឲ្យ បេឡាជាតិរបបសន្តិសុខសង្គម បើកឲ្យមានប្រព័ន្ធរាយការណ៍ដោយសម្ងាត់ ដើម្បីឲ្យកម្មករ កម្មការនី បានផ្តល់ដំណឹងនៅពេលពួកគាត់ជួបញ្ហា។
ម៉ាប់ ស៊ុយ Mabsuy168@gmail.com