តុលាការ​កោះ​ហៅ​ពលរដ្ឋ​៣​នាក់​ដែល​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​សេសាន​ក្រោម​ពីរ

ដោយ ម៉ែន សុធីរ
2017-08-30
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា ជឿន ស្រីម៉ុម ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​អយ្យការ​ខេត្ត​ស្ទឹងត្រែង កោះ​ហៅ​ទៅ​សាកសួរ។ កញ្ញា​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr
កញ្ញា ជឿន ស្រីម៉ុម ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​អយ្យការ​ខេត្ត​ស្ទឹងត្រែង កោះ​ហៅ​ទៅ​សាកសួរ។ កញ្ញា​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Men Sothyr


ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៣​នាក់ ត្រូវ​បាន​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង កោះ​ហៅ​ចូល​ស្រាយ​បំភ្លឺ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ដីកា​នេះ​ថា​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​តែង​តវ៉ា​ទាមទារ​ដីធ្លី និង​សិទ្ធិ​រស់នៅ ខណៈ​ភូមិឋាន​ពួក​គាត់​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ក្បាលរមាស​ចាស់ ឃុំ​ក្បាលរមាស ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ៣​នាក់​នៅ​មិន​ទាន់​ត្រៀម​ខ្លួន​ស្រាយ​បំភ្លឺ​យ៉ាង​ណា​ទេ ហើយ​ពួក​គាត់​កំពុង​ស្វែងរក​ការ​អន្តរាគមន៍​ផ្នែក​ច្បាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស។

តំណាង​អយ្យការ និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង លោក គឹម ហុងសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ដីកា​កោះ​ហៅ​ពលរដ្ឋ​ចូល​ស្រាយ​បំភ្លឺ​នេះ ដោយ​មាន​ពាក្យ​បណ្តឹង​របស់​សមត្ថកិច្ច​ដែល​ប្រចាំ​ការ​នៅ​តំបន់​នោះ ដែល​ចោទ​ថា​អ្នក​ទាំងនោះ​ប្រឆាំង​រាជការ​សាធារណៈ។ លោក​បញ្ជាក់​ថា ដើម​បណ្តឹង គឺ​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក និង​ខែត្រ«យើង​និយាយ​ថា កម្លាំង​សមត្ថកិច្ច​ដែល​គាត់​ប្រចាំ​ការ​នៅ​ទី​ហ្នឹង គាត់​ប្រឆាំង​រាជការ​សាធារណៈ ម៉្លេះ​ហើយ​គាត់​កសាង​សំណុំ​រឿង​ឡើង​មក យើង​គ្រាន់​តែ​កោះ​ហៅ​គាត់​មក​បំភ្លឺ​ទេ អត់​មាន​យក​នេះ​ទេ»

ដីកា​កោះ​ហៅ​របស់​តំណាង​អយ្យការ​ខែត្រ​ស្ទឹងត្រែង ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ បាន​សម្រេច​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ព្នង ៣​នាក់ រស់នៅ​ភូមិ​ស្រែគរ​ចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ចូល​ស្រាយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ ដើម្បី​សាកសួរ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។

ជនជាតិ​ដើម​ភាគតិច​ព្នង ម្នាក់​ដែល​អយ្យការ​កោះ​ហៅ​កញ្ញា ជឿន ស្រីម៉ុម វ័យ ២១​ឆ្នាំ ហាក់​មិន​ភ័យ​ព្រួយ​ចំពោះ​ដីកា​នេះ​ទេ ហើយ​សហគមន៍​ដែល​បដិសេធ​មិន​ទទួល​សំណង​ជាង ១០០​គ្រួសារ​រស់នៅ​ភូមិ​ក្បាលរមាស និង​ឃុំ​ស្រែគរ នឹង​លើក​គ្នា​ទៅ​ស្រាយ​បំភ្លឺ​រួម​គ្នា ព្រោះ​ពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ពុំ​មែន​កើត​មាន​តែ​ចំពោះ​មនុស្ស ៣​នាក់​ទេ«អាជ្ញាធរ​ណា​ដែល​ពាក់ព័ន្ធ ពេល​និយាយ​បែរ​ជា​ចោទ​យើង​មាន​ន័យ​ថា គេ​រំលោភ​ខ្ញុំ​រួច​ហើយ គេ​ចោទ​យើង​ទៀត។ គេ​មិន​គួរ​ធ្វើ​ចឹង​ដាក់​ពលរដ្ឋ​ទេ បើ​គ្រាន់​បើ ជនល្មើស​ក្នុង​ព្រៃ​ទៅ​ទប់ស្កាត់​ទៅ»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​អាស៊ីសេរី​ទូរស័ព្ទ​ចូល ក៏ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ជាង ២០​នាក់​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ដោយ​គ្រាន់​តែ​អប់រំ​ណែនាំ ព្រោះ​ពលរដ្ឋ​ទាំងនោះ​បាន​សារភាព​ថា ពួក​គេ​ធ្វើ​ដំណើរ​ពី​ខែត្រ​មណ្ឌលគិរី ទៅ​ភូមិ​ក្បាលរមាស ដោយសារ​បុរស​ឈ្មោះ ដាំ សំណាង កៀរគរ​សហគមន៍​របស់​ពួក​គាត់​ឲ្យ​ចូលរួម​សកម្មភាព​ជាមួយ​អ្នក​ភូមិ​ក្បាលរមាស ហើយ​ផល​ប្រយោជន៍ ពួក​គាត់​នឹង​បាន​ដីធ្លី​នៅ​តំបន់​នោះ។ លោក​ថា ក្រោយ​ពី​សមត្ថកិច្ច​សាកសួរ​រួច បាន​ដោះលែង​ពលរដ្ឋ​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ លើកលែង​តែ​ប្រធាន​ក្រុម សមត្ថកិច្ច​នឹង​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​ច្បាប់«សមត្ថកិច្ច​សាកសួរ​នេះ គាត់​បាន​សារភាព​ថា លោក ដាំ សំណាង ដែល​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្បាលរមាស បាន​ទៅ​កៀរគរ​គាត់ សហគមន៍​គាត់​ឲ្យ​មក​ដើម្បី​ចូលរួម​ធ្វើ​សកម្មភាព ហើយ​ផល​ប្រយោជន៍​នឹង​បាន​ដីធ្លី​នៅ​ឃុំ​ស្រែគរ​ចាស់។ ឃើញ​សកម្មភាព​បែប​នេះ កុំ​ឲ្យ​មាន​សភាពការណ៍​មិន​ល្អ​នៅ​ក្នុង​មូលដ្ឋាន សមត្ថកិច្ច​ត្រូវ​ឃាត់​ខ្លួន​ពលរដ្ឋ​មក​ពី​ឆ្ងាយ​សិន សាកសួរ​ព័ត៌មាន​រួច​ហើយ នឹង​បញ្ជូន​គាត់​ត្រឡប់​ទៅ​វិញ លើកលែង​តែ​ប្រធាន​ក្រុម នឹង​ធ្វើ​ការ​ឃាត់​ខ្លួន​តាម​ច្បាប់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​ថា អង្គការ​លោក​នឹង​ត្រៀម​ប្រឹក្សា​ផ្នែក​ច្បាប់​ជុំវិញ​រឿង​នេះ និង​ព្យាយាម​ស្វែងរក​មេធាវី​ឲ្យ​ជនជាតិ​ដើម​ភាគតិច។ លោក​យល់​ថា ដីកា​កោះ​នោះ​ជា​ការ​បំបាក់​ស្មារតី​ពលរដ្ឋ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន ដែល​លោក​ចាត់​ទុក​ថា ចំណាត់ការ​របស់​អាជ្ញាធរ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​រឹត​តែ​ខឹងសម្បា ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​គោល​នយោបាយ​ផ្តល់​សំណង​របស់​រដ្ឋាភិបាល​កាន់​តែ​ស្មុគស្មាញ«មិន​គួរ​ថា​លោក​ព្រះរាជអាជ្ញា​ចេញ​ដីកា​ហៅ​ពលរដ្ឋ​ហ្នឹង​ទេ វា​ដូចជា​មិន​សម»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កម្ពុជា នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា អាជ្ញាធរ​គួរ​តែ​រក​មធ្យោបាយ​ណា​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី ប្រសើរ​ជាង​ប្រើ​ប្រព័ន្ធ​តុលាការ​ដែល​នាំ​ឲ្យ​គេ​រិះគន់​ថា អាជ្ញាធរ​បាន​គំរាម​កំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ជនជាតិ​ដើម​ភាគតិច បង្ក​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​អាជ្ញាធរ និង​រដ្ឋាភិបាល«បើ​សិន​ជា​មាន​បញ្ហា​ចឹង​ទៅ មាន​ការ​តវ៉ា​នាំ​តែ​មាន​ការ​ចោទ​ប្រកាន់​វែង​ឆ្ងាយ​ទៀត​ទៅ​លើ​អ្នក​នេះ ទៅ​លើ​អ្នក​នោះ នៅ​ពី​ក្រោយ នៅ​ពី​មុខ»

អគ្គលេខាធិការ​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក ឡូ រ៉ង់ ចាត់​ទុក​ដីកា​កោះ​នេះ​ថា​ជា​រឿង​អយុត្តិធម៌។ លោក​ថា បណ្តឹង​នេះ​កំពុង​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​មួយ​កម្រិត​ទៀត ដែល​លោក​ចាត់​ទុក​ថា​ជា​បណ្តឹង​គ្មាន​ហេតុផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles