លោក ហ៊ុន សែន៖ ចាំឆ្នាំ២០១៩ ចាំតម្លើងឈ្នួលផ្ទះ

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧​ | ម៉ោង 4:23 PM
http://vodhotnews.com

អភិបាលកិច្ចល្អ


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំម្ចាស់ផ្ទះជួលទុកពេលឲ្យមួយឆ្នាំ ដោយកុំតម្លើងថ្លៃឈ្នួលផ្ទះ ពីកម្មករ ខណៈជាឆ្នាំបោះឆ្នោត។

លោក ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះជួបកម្មករ នៅរាជធានីភ្នំពេញនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះថា កន្លងទៅឲ្យតែកម្មករប្រាក់ខែឡើង ម្ចាស់ផ្ទះជួលតែងតែតម្លើងថ្លៃឈ្នួលផ្ទះរហូត។ លោកបន្តថា ​នៅក្នុងឆ្នាំ២០១៨ខាងមុខនេះ បើទោះបីជាប្រាក់ខែកម្មកររោងចក្របានឡើង១៦៨ដុល្លារក៏ពិតមែន ប៉ុន្តែលោកបានស្នើសុំឲ្យម្ចាស់ផ្ទះជួលកុំឡើងថ្លៃ ដោយទុកពេលឲ្យលោក១ឆ្នាំសិន ដោយចាំឆ្នាំ២០១៩ ចាំឡើងថ្លៃក៏បាន។

លោកថា «ខ្ញុំអំពាវនាវសុំឲ្យម្ចាស់ផ្ទះមេត្តាយក ប្រើប្រាស់ប្រាក់ឈ្នួលឆ្នាំ២០១៧នេះ កុំដំឡើង ហើយអនុវត្តនៅឆ្នាំ២០១៨តែម្ដង ដល់ឆ្នាំ២០១៩ ចាំឡើងៗ ចឹងសុំ១ឆ្នាំមើល»។

ពាក់ព័ន្ធរឿងនេះ ​ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ សម្ដែងការខកចិត្ត ចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី។ លោកស្រីបន្តថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល មកលើកម្មករនៅមានកម្រិតតិចតួចនៅឡើយ ដោយចាត់ទុកការអំពាវនាវរបស់លោក ហ៊ុន សែន ថា គ្រាន់តែចង់បានសន្លឹកឆ្នោតពីកម្មករនៅឆ្នាំ២០១៨តែប៉ុណ្ណោះ។

លោកស្រីថា «ខ្ញុំមើលទៅ វាហាក់ដូចមានការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនៅមានកម្រិតទាប មែនទែនតែម្ដង ពីព្រោះធម្មតា គាត់ចង់បានតែសំឡេងឆ្នោតឲ្យមានការគាំទ្រគាត់ ដោយសារឆ្នាំ២០១៨ ជាឆ្នាំមួយ នៅក្នុងការបោះឆ្នោត នៅឆ្នាំ២០១៩ចាំឲ្យតម្លើង។ ខ្ញុំគិតថាឬក៏អីនឹង ខ្ញុំគិតថា នេះវាបង្ហាញហើយ ឲ្យប្រជាពលរដ្ឋឬកម្មករយើងមើលឃើញកាន់តែច្បាស់ ថាការយកចិត្តរបស់រដ្ឋាភិបាលមកលើកម្មករនៅកម្រិតណាមួយ ចឹងសព្វថ្ងៃសម្រាប់ប្រជាពលរដ្ឋ ឬក៏កម្មករគាត់ឆ្លាតណាស់ ខ្ញុំជឿថា គាត់ដឹងពីបញ្ហាទាំងអស់ហ្នឹងហើយ»។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០១៧ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​ឲ្យកម្មករ ១០០ ​ភាគរយ ហើយចាប់​ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​ប័ណ្ណ​ការងារ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles