សាលា​ក្រុង​រម្លឹក​ទៅ​ក្រុម​ហ៊ុន​ឲ្យ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយ អេង គីមហុង
17/09/2017
RFI

media
រូបថតៈ សកម្ម​ភាព​ពលរដ្ឋ​ជួប​ជុំ​គ្នា​មុន​ចេញ​ដំណើរ​ទៅ​ស្រុក​កំណើត (@FB)


សាលារាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ម្សិល​មិញ ​បាន​រម្លឹក​ទៅ​ក្រុម​ហ៊ុន​ដឹក​ជញ្ជូនឲ្យ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​ឲ្យ​នៅ​ដដែល ដោយ​កុំ​ដំឡើង​ថ្លៃ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។ បើ​តាម​សាលារាជធានី​ភ្នំពេញ កន្លង​មក​ក្រុម​ហ៊ុន​ខ្លះ​បាន​ធ្វើ​តាម​ការ​អំពាវ​នាវ​របស់ខ្លួន​ហើយ។ នៅ​ឡើយ​តែ​មួយ​ចំនួន​ទៀត​មិន​បាន​អនុវត្ត​តាម​ការ​អំពាវនាវ​នេះ​ទេ។

រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​មាន​ក្រុម​ហ៊ុន​ចំនួន​៩​បាន​ប្រកាស​មិន​តម្លើង​ថ្លៃ​ក្នុង​ការ​ដឹកអ្នក​ដំណើរ​ក្នុង​ឱកាស​ភ្ជុំ​បិណ្ឌ​ឡើយ ដើម្បី​សំដៅ​ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ការ​ចំណាយ​របស់​ពលរដ្ឋ។ នេះ​បើ​តាម​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​សាលា​រាជ​ធានី​ភ្នំពេញ។

ជា​ការ​កត់​សម្គាល់​នៅ​ប្រទេស​កម្ពុជា​រាល់​ពេល​មាន​ពិធី​បុណ្យ​ទាន​សំខាន់ៗ រថយន្តតាក់​ស៊ី ឬ​រថយន្ត​ក្រុង​តែង​តែ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ បណ្ដាល​ឲ្យ​មាន​ការ​រិះ​គន់ពី​ប្រជាពលរដ្ឋ​ទូទៅ​ ។ ក្នុង​សំណុំ​រឿង​នេះ ​លោក ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារ​ណៈការ​និង​ដឹកជញ្ជូន​លើកឡើងកាលពីថ្ងៃទី១៤ខែកញ្ញាថា​ ​កម្ពុជា​ជាប្រទេសទី​ផ្សារសេរី​ ​គេ​មិនអាច​ហាមឃាត់​ក្រុមហ៊ុន ​ឬ​រថយន្ត​តាក់ស៊ី​ទាំងនេះ​មិនអោយ​ឡើងថ្លៃ​បានឡើយ​។

លោក​បន្ថែម​ថា រឿង​នេះ​មិន​មែន​កើត​មាន​តែ​នៅ​ប្រទេស​កម្ពុជា​ទេ ​នៅ​ប្រទេស​ផ្សេៗ​ទៀត​ក៏​កើត​មាន​ដូច​កម្ពុជា​ដែរ។ បើ​តាម​លោក ស៊ុន ចាន់ថុល អ្វី​ដែល​ក្រសួង​ធ្វើ​បាន​គឺ​មាន​តែ​ការ​អំពាវនាវ​តែ​ប៉ុណ្ណោះ។ ​បើ​ក្រុម​ហ៊ុន​អនុវត្ត​បាន ក្រសួង​នឹង​ចូល​រួម ​អបអរ ដោយ​​ចាត់​ទុក​ថា ​ជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ក្នុង​ការជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​។ ប៉ុន្តែ​បើ​ក្រុម​ហ៊ុន​មិន​អនុវត្ត​តាម​ទេ ក្រសួង​ក៏​គ្មាន​ចំណាត់​ការ​អ្វី​ដែរ។

បន្ថែ​ពី​លើ​ការ​អំពាវនាវ​ឲ្យ​រក្សា​តម្លៃ​ដឹក​ជញ្ជូន​ អាជ្ញាធរ​ពាក់​ព័ន្ធ​ក៏​បាន​ស្នើ​ទៅ​ក្រុម​ហ៊ុនដឹក​ជញ្ជូន​កុំ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ និង​បើក​បរ​ត្រូវ​គោ​រព​ច្បាប់។ ហើយ​ប្រជាពលរដ្ឋ កម្មករ កម្មាការិនី​ខ្លួន​ឯង​នឹង​ក៏​មិន​ត្រូវ​ជិះ​ប្រជ្រៀត​គ្នា ជិះ​រថយន្ត​ដែល​លើសចំណុះ ឬ​ជិះ​លើ​ដំបូល​រថយន្ត​ឈ្នួល ដើម្បី​ចៀស​វៀស​គ្រោះ​ថ្នាក់​កើត​ឡើង​ជាយថា​ហេតុ​។

ផ្អែក​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារ​ណៈ​នៃ​ក្រសួង​មហាផ្ទៃ ​គឺ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​កាល​ពី​ឆ្នាំ​២០១៦​មាន​មនុ​ស្ស​​១៩​នាក់​បាន​ស្លាប់។ ចំនួន​នេះ​គឺ​មាន​ការ​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥។ តែទោះ​យ៉ាង​ណា​ក៏​ដោយ​គ្រប់​អ្នក​ពាក់​ព័ន្ធ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​នឹង​កើត​មាន​នៅ​ក្នុង​ពិធី​បុណ្យ​ជាតិ​សំខាន់ៗ៕

What Next?

Recent Articles