
លោកស្រី មូរ សុខហួរ (កណ្តាល) ថ្លែងនៅខាងក្រៅពន្ធនាគារត្រពាំងផ្លុងកាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៧។ ហុង មិនា
Mon, 18 September 2017
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ក្រុមអ្នកវិភាគនយោបាយ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមានជំនឿថាគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនមានភាពងាយស្រួលពេកទេក្នុងការរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតរបស់ខ្លួនក្នុងទម្ងន់ធ្ងន់នោះបានទេដោយអះអាងថា បើបក្សប្រឆាំងត្រូវបានរំលាយមែននោះភាពស្របច្បាប់របស់រដ្ឋាភិបាល និងរដ្ឋសភាត្រូវបញ្ចប់ ហើយសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ឡើយ។
អ្នកវិភាគនយោបាយលោកបណិ្ឌត មាស នី លោកសាស្ត្រាចារ្យ សូ ចន្ថា និងអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ បានអះអាងស្រដៀងគ្នាថា គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងគឺជាគូប្រកួតមានទម្ងន់ធ្ងន់ជាមួយគណបក្សប្រជាជនដែលកាន់អំណាចជិត ៤ ទសវត្យរ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនមែនជាគណបក្សដែលងាយស្រួលរំលាយនោះឡើយ ខណៈដែលគណបក្សមួយនេះកំពុងកាន់កាប់កៅអីរដ្ឋសភាចំនួន ៥៥ អាសនៈព្រមទាំងអមទៅដោយកៅអីក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តក្រុង ស្រុក ខណ្ឌ រាប់ពាន់អាសនៈទៀតនោះ។
លោកបណ្ឌិត មាស នី និយាយថា៖ «បើសិនជារដ្ឋាភិបាលសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិពេលនោះខ្ញុំគិតថារដ្ឋាភិបាលត្រូវត្រៀមទទួលហានិភ័យ។ កាលណារំលាយសង្គ្រោះជាតិបានន័យថាត្រូវរំលាយសភាត្រូវរំលាយ គ.ជ.ប [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] ហើយត្រូវរំលាយស្ថាប័នឃុំទាំងអស់ទៀត។ អានេះវាជារឿងមួយដែលបង្ហាញឲ្យឃើញថារដ្ឋាភិបាលទាំងមូលហ្នឹងគឺលែងស្របច្បាប់ជារដ្ឋាភិបាលដែលស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញ»។
ទោះជាយ៉ាងណា លោក មាស នី បញ្ជាក់ថាការរំលាយគណបក្សសង្គ្រោះជាតិ វាមិនស្ថិតនៅលើច្បាប់ ឬមិនច្បាប់អីទេគឺវាសនាគណបក្សសង្គ្រោះជាតិស្ថិតនៅក្នុងកណ្តាប់ដៃរបស់រដ្ឋាភិបាលដូច្នេះ ទោះបីត្រូវ ឬខុសក៏ដោយបើរដ្ឋាភិបាលចង់រំលាយគឺច្បាស់ជារំលាយបានស្រួលហើយ។
ប៉ុន្តែលោក មាស នី បានថ្លែងថារដ្ឋាភិបាលក៏នឹងអាចមានវិបតិ្តផ្នែកថវិកាផងដែរតាមរយៈការដាក់ទណ្ឌកម្មពីអន្តរជាតិបើសិនជាហ៊ានរំលាយបក្សប្រឆាំង ទោះបីរដ្ឋាភិបាលសង្ឃឹមលើមហាមិត្តចិនចាំជួយក៏ដោយព្រោះចិនមិនអាចសុខចិត្តនៅឱបកម្ពុជាបោះចោលមហាអំណាចពិភពលោកសហរដ្ឋអាមេរិកនោះទេ ដោយសារថាចិនធ្វើអ្វីក៏គេចង់ចំណេញសម្រាប់គេដែរ។
លោក សូ ចន្ថា បានថ្លែងថា៖ «ខ្ញុំថាមិនឈានទៅដល់ការរំលាយគណបក្សប្រឆាំងហ្នឹងទេ ពីព្រោះវាមានផលប៉ះពាល់ច្រើនប៉ះពាល់តាំងពីភាពស្របច្បាប់របស់រដ្ឋាភិបាលផងពីព្រោះក្នុងសភាមានតែគណបក្ស ២ ដែលមានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុមប្រឹក្សាខេត្ត។ អ៊ីចឹងប្រសិនបើរំលាយបក្សគឺបាត់បង់តំណែងទាំងអស់នេះ ហើយអាចឈានទៅដល់អធម្មនុញ្ញភាពរបស់ គ.ជ.ប ទៀតផងព្រោះសមាសភាព គ.ជ.ប គឺមកពីគណបក្ស ២»។
ចំណែកលោកស្រី មូរ សុខហួរ ក៏បានផ្តាំផ្ញើទៅគណបក្សកាន់អំណាចដែរថា គណបក្សប្រឆាំងមិនងាយស្រួលឲ្យគណបក្សកាន់អំណាចរំលាយស្រួលៗបានទេ ដោយលោកស្រីបានជំរុញឲ្យគណបក្សកាន់អំណាចពិនិត្យមើលច្បាប់រដ្ឋធម្មនុញ្ញឲ្យបានច្បាស់លាស់សិន មុននឹងឈានទៅដល់ការរំលាយបក្សប្រឆាំងដែលមានអាសនៈចំនួន ៥៥ នៅក្នុងរដ្ឋសភាដែលបានមកពីអ្នកគាំទ្រជាង ៣ លាននាក់។
លោកស្រីថ្លែងថា៖ «កុំអាលចូលដល់រឿងរំលាយឆ្លើយនឹងសំណួរដែលពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញសិនមក សុខចិត្តឲ្យរដ្ឋសភាខុសនឹងរដ្ឋធម្មនុញ្ញទេ? ឲ្យគណបក្សប្រជាជនឆ្លើយអាហ្នឹងសិនមក ហ៊ានអង្គុយក្នុងសភាមួយដែលខុសរដ្ឋធម្មនុញ្ញទេ? ៥៥ កៅអីរបស់គណបក្សសង្គ្រោះជាតិប្លន់យករបស់ [យើង] ម៉េច!បើឆ្លើយបានរំលាយទៅ»។
លោកស្រីបន្ថែមថា៖ «សភាត្រូវតែមានអាសនៈ ១២៣ ។ ៦៨ [កៅអីរបស់បក្សកាន់អំណាច] ម៉េចទៅរួច ហើយយក ៥៥ [អាសនៈ] របស់គណបក្សសង្គ្រោះជាតិទៅឲ្យអ្នកណាអត់មានគណបក្សណានៅ [ក្នុងសភា]»។
លោកស្រីបានព្រមានទៀតថាប្រសិនបើមិនមានគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតសហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់ទេ ហើយប្រជាពលរដ្ឋក៏មិនទៅបោះឆ្នោតដែរ។
ប៉ុន្តែលោក សូ ចន្ថា លោក មាស នី និងនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (NICFEC) លោក សម គន្ធាមី ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាដែរពាក់ព័ន្ធនឹងយុទ្ធសាស្ត្ររបស់បក្សកាន់អំណាចចង់រំលាយបក្សប្រឆាំង ដោយលោកទាំង ៣ មើលឃើញថាយុទ្ធសាស្ត្របំបែកបែបនេះរបស់បក្សកាន់អំណាចអាចនឹងទទួលបានជោគជ័យ បើបក្សប្រឆាំងត្រូវបានរំលាយ ហើយសមាជិកទាំងអស់វិលទៅរកបក្សដើមវិញនោះព្រោះសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិត្រូវបែកជា ២ ។
ប៉ុន្តែលោកទាំង ៣ បានផ្តល់ជាអនុសាសន៍ថាដើម្បីទប់ទល់នឹងក្រឡាអុករបស់គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានគឺគណបក្សសង្គ្រោះជាតិត្រូវបង្កើតចលនាថ្មីមួយទៀតដោយដាក់ឈ្មោះគណបក្សថ្មីដើម្បីប្រមូលកម្លាំងឲ្យនៅដដែលក្នុងករណីបក្សសង្គ្រោះជាតិត្រូវរំលាយ។
លោក សូ ចន្ថា បញ្ជាក់ថា៖ «ចំណុចខ្លាំងរបស់បក្សប្រឆាំងគឺការរួបរួមគ្នាហើយចំណុចខ្សោយរបស់បក្សកាន់អំណាចនៅពេលដែលបក្សប្រឆាំងរួបរួមគ្នា។ ដូច្នេះនៅពេលដែលបក្សប្រឆាំងត្រឡប់ទៅបក្សដើមរបស់ខ្លួនវិញអាហ្នឹងជាជោគជ័យរបស់បក្សកាន់អំណាច។ [សមាជិកបក្សប្រឆាំង] គួរទៅគណបក្សណាមួយដែលថ្មីអាចស្រូបយកកម្លាំងថ្មីមានកម្លាំងពីគណបក្សតូចៗជាច្រើនដើម្បីបង្រួបបង្រួមគ្នាបង្កើតជាចលនាថ្មី»។
លោក សម គន្ធាមី បានថ្លែងថា៖ «បើសង្គ្រោះជាតិត្រូវរំលាយ [សមាជិកទាំងអស់] បើកគណបក្សថ្មីតែម្តងទៅដូរឈ្មោះទៅ យើងនៅដំណើរការចូលរួមការបោះឆ្នោតធម្មតា។ អ្នកទាំងអស់គ្នានៅមួយចង្កោមវិញដដែលទៅ កុំបំបែកទៅក្រុមតូចៗវិញ អាហ្នឹងប្រជាប្រិយមិនសូវធ្លាក់ចុះទេ។ បើបំបែកជាក្រុមតូចៗវិញគឺបាត់បង់ច្រើនហើយសំឡេងគាំទ្រ»។
លោកស្រី មូរ សុខហួរ មិនយល់ស្របនឹងការលើកឡើងនេះទេ ហើយថាសមាជិកបក្សសង្គ្រោះជាតិក៏មិនលេងល្បែងដើរថយក្រោយតាមបក្សកាន់អំណាចគូសវាសឲ្យនោះដែរ។
លោកស្រី សុខហួរ បានគូសបញ្ជាក់ថា៖ «បើសិនចង់ទៅបង្កើតគណបក្សថ្មីមួយទៀតចលនាថ្មីមួយទៀត តែយើងនៅតែគ្មានសារព័ត៌មាន [ឯករាជ្យ] ប្រជាពលរដ្ឋយើងនៅតែរស់ក្នុងភាពភ័យខ្លាចអត់មានសង្គមស៊ីវិលមួយដែលអង់អាចក្លាហាន អ្នកសង្កេតការណ៍ទាំងអស់នេះដែលជាលក្ខខណ្ឌសំខាន់ទៀតសម្រាប់ការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ដែរ។ បើសិនជាយើងបានចលនាថ្មី ហើយលោកប្រធាន សម រង្ស៊ី [និង] កឹម សុខា អត់នៅអ្នកដែល ហ៊ុន សែន ខ្លាចបំផុតគឺមេដឹកនាំទាំង ២ ហ្នឹងដែលជាជម្រើសតែមួយគត់នៃប្រជាពលរដ្ឋយើងដាច់ខាត យើងមិនបង្កើតចលនាអីណាទៀតទេ ពីព្រោះវាអត់មាននៅក្នុងច្បាប់នៃការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌»។
ជាការឆ្លើយតបអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន អះអាងថាការរំលាយគណបក្សសង្គ្រោះជាតិបាន ឬមិនបានវាមិនអាស្រ័យលើអ្នកវិភាគនិយាយឆ្វេងនិយាយស្តាំនោះទេគឺអាស្រ័យលើសកម្មភាពល្មើសច្បាប់ដែលពាក់ព័ន្ធនឹងមាត្រានៃច្បាប់ស្តីពីគណបក្សនយោបាយ ដូច្នេះបើតុលាការរកឃើញថាបក្សប្រឆាំងមួយនេះប្រព្រឹត្តខុសនឹងច្បាប់ខាងលើគឺគណបក្សនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
លោក ឥសាន បានថ្លែងថា៖ «អ៊ីចឹងបើច្បាប់តម្រូវឲ្យរំលាយអាហ្នឹងវាត្រូវតែរំលាយហើយ។ បើច្បាប់ហ្នឹងមិនតម្រូវឲ្យរំលាយទេវាអត់ត្រូវបានរំលាយទេ»។
នៅពេលសួរអំពីការមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ បើសង្គ្រោះជាតិត្រូវរំលាយនោះលោក សុខ ឥសាន បានបញ្ជាក់ថា៖ «យើងមិននិយាយដល់សហគមន៍អន្តរជាតិទេយើងនិយាយច្បាប់នៅកម្ពុជា។ អត់មានយកច្បាប់អន្តរជាតិមកប្រើទេ [យើង] ប្រើច្បាប់កម្ពុជាដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ ទទួលស្គាល់មិនទទួលស្គាល់អាហ្នឹងជារឿងគេ»។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្សពុទ្ធា មិនធ្វើអត្ថាធិប្បាយលម្អិតលើការរំលាយគណបក្សសង្គ្រោះជាតិឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា គ.ជ.ប. នឹងធ្វើការតែជាមួយគណបក្សណាដែលស្របច្បាប់តែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញប៉ុន្តែលោកបានថ្លែងកាលពីសប្តាហ៍មុនថាបក្សប្រឆាំង ២ គឺបក្ស សម រង្ស៊ី និងសិទិ្ធមនុស្សអាចនឹងចូលរួមបោះឆ្នោតឆ្នាំក្រោយបាន ហើយសមាជិករបស់បក្សទាំង ២ ដែលបានរួមគ្នាបង្កើតបក្សសង្គ្រោះជាតិដែលអាចនឹងរំលាយចោលដោយសារមេបក្សនេះគឺលោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះពួកគេអាចចែកចានចែកឆ្នាំងវិលទៅរកទ្រនំចាស់រៀងៗខ្លួនវិញ៕