លោក កឹម សុខា ប្រាប់មន្ត្រីមិនឲ្យដាក់ឯកសារតតាំងរឿងរំលាយបក្ស

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 4:47 PM
http://vodhotnews.com

នយោបាយ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)


ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រាប់ឲ្យមន្ត្រីរបស់លោក ​មិនចាំបាច់ដាក់ឯកសារទៅតុលាការកំពូលនោះទេ ដោយថាបណ្ដឹងរបស់ក្រសួងមហាផ្ទៃប្ដឹងសុំរំលាយគណបក្ស នេះ​ជារឿងនយោបាយ។

កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ តុលាការកំពូលបានបង្គាប់ឲ្យគណបក្សសង្គ្រោះជាតិដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​ពាក្យ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។

លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវី៧នាក់ដែលការពារក្តី លោក កឹម សុខា អះអាងថា កូនក្ដីបានប្រាប់ក្រុមមេធាវីថា គណបក្សសង្គ្រោះជាតិនឹងមិនដាក់ឯកសារត្រៀមទៅតុលាការកំពូល ដើម្បីតតាំងក្ដីជាមួយក្រុមមេធាវីក្រសួងមហាផ្ទៃនោះទេ ដោយសារការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិនេះជារឿងនយោបាយ។

លោកថា៖ «​រឿងនេះឯកឧត្ដមយល់ឃើញថា​ វាជារឿងនយោបាយ មិនមែនជារឿងទាក់ទងនឹងផ្លូវច្បាប់ អញ្ចឹងហើយឯកឧត្ដមថា មិនចង់ពឹងពាក់មេធាវី ឬក៏មិនផ្ទេរសិទ្ធិឲ្យមេធាវី ដើម្បីតតាំងនៅក្នុងសំណុំរឿងរបស់ក្រសួងមហាផ្ទៃនេះទេ ទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយវិញ»។

ពាក់ព័ន្ធរឿងនេះ វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោក មុនី ជោគ បានទេ។ ប៉ុន្តែអ្នកពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា បើទោះបីជាគណបក្សប្រឆាំងមិនដាក់ឯកសារត្រៀម ក៏មិនបានប៉ះពាល់ដល់ដំណើររបស់តុលាការនោះដែរ។

លោកថា៖ «ត្រូវបាត់សិទ្ធិក្នុងការតតាំងនៅតុលាការ តាមពូយល់ម្នាក់ឯង ប៉ុន្តែយល់ល្អគួរតែតតាំងទៅរកមេធាវីតតាំងជជែកគ្នាទៅបើមិនចឹងទេតុលាការគេដំណើរតាមនីតិវិធីទៅ»។

កាលពីថ្ងៃទី៦ ខែតុលា ក្រុមមេធាវីការពារក្ដីឲ្យក្រសួងមហាផ្ទៃបានដាក់ពាក្យប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិទៅតុលាការកំពូល ។ ការប្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិរបស់ ​ក្រសួងមហាផ្ទៃនេះ ធ្វើឡើងទៅ​តាម​ពាក្យ​បណ្ដឹងរបស់​គណបក្សចំនួន២ ដែលគ្មានអាសនៈនៅក្នុងរដ្ឋសភាគឺ គណបក្ស​ហ៊្វុនស៊ិនប៉ិចរបស់សម្ដេច ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles