ដោយ លោក ណាត សុភាព | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧
http://vodhotnews.com

រដ្ឋាភិបាល ប្រាប់ទៅម្ចាស់សហគ្រាស និងគ្រឹះស្ថានទំាងអស់ ដែលអនុវត្តច្បាប់ការងារ ត្រូវអនុញ្ញាតឲ្យកម្មករ និយោជិតទំាងអស់ បានឈប់សម្រាក ដោយមិនកាត់ប្រាក់ឈ្នួល នៅក្នុងអំឡុងពិធីបុណ្យអ៊ុំទូកចំនួន៣ថ្ងៃ នាដើមខែវិច្ឆិកា ខាងមុខនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៩ ខែតុលា មានខ្លឹមសារថា ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ផ្តើមឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ករណីនេះ ក្រសួងប្រាប់ទៅម្ចាស់សហគ្រាស គ្រឹះស្ថានទំាងអស់នៅទូទំាងប្រទេស ដែលអនុវត្តតាមច្បាប់ការងារ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទំាងអស់ បានឈប់សម្រាកចំនួនបីថ្ងៃ ដោយរក្សាប្រាក់ឈ្នួលដដែល។
ក្រសួង បញ្ជាក់ទៀតថា បើកម្មករនិយោជិតធ្វើការងារនៅថ្ងៃឈប់ ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកនេះ ត្រូវទទួលបានប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលនៃថ្ងៃធ្វើការងារធម្មតា។ ផ្ទុយទៅវិញ ក្រសួងការងារឲ្យដឹងទៀតថា ក្នុងករណីចំាបាច់ ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលមិនអាច បញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងថ្ងៃបុណ្យអ៊ុំទូកបីថ្ងៃនោះទេ ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឲ្យមានការស្ម័គ្រចិត្ត ព្រមទំាងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់ សម្រាកបុណ្យបានសមស្រប។
គិតត្រឹមថ្ងៃទី២០ ខែតុលានេះ សមត្ថកិច្ចមិនទាន់បង្ហើបឲ្យដឹង ពីចំនួនសមត្ថកិច្ចដែលត្រូវដាក់ពង្រាយសម្រាប់ការពារ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៧ នេះនៅឡើយ៕