ដោយ អេង គីមហុង
20/10/2017
RFI
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (©វណ្ណារ៉ា)
ភ្លាមៗក្រោយសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជន អនុម័តសេចក្ដីស្នើវិសោធកម្មច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការចែកអាសនៈគណបក្សសង្គ្រោះជាតិទៅឲ្យបក្សដទៃនោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២០ខែតុលានេះ បានអំពាវនាវជាថ្មីឲ្យមេដឹកនាំនយោបាយ គិតប្រយោជន៍ជាតិជាធំ ដោយត្រឡប់មករកតុចរចាវិញ។ ការអំពាវនាវដូច្នេះ ត្រូវមន្ត្រីបក្សប្រឆាំងយល់ថាអាចនឹងនាំស្ថានការណ៍វិលទៅរកសភាពដើមវិញ។
«អង្គុយលើតុចរចាគឺជាជម្រើសមួយដ៏ល្អបំផុត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា» នេះគឺជាការអះអាងរបស់លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងការអំពាវនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនថា មិនអាចបកក្រោយបានទេ។ មិនអាចបកក្រោយបានដោយសារតែដៃគូរសន្ទនាដែលជាគណបក្សសង្គ្រោះជាតិបានបំផ្លាញវប្បធម៌សន្ទនានេះមុន។ នេះបើតាមលោក សុខ ឥសាន។
គួរបញ្ជាក់ថា ការអំពាវនាវឲ្យងាកមករកផ្លូវចរចាពីសំណាក់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនាពេលនេះ ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចអនុម័តសេចក្ដីស្នើវិសោធកម្មច្បាប់ចំនួន៤ នៅថ្ងៃទី២០ខែតុលានេះ ដើម្បីបើកផ្លូវឲ្យមានការបែងចែកអាសនៈគណបក្សសង្គ្រោះជាតិទៅឲ្យគណបក្សដទៃ។
បន្ថែមលើនេះ លោកម៉ៅ មុនីវណ្ណ បានអះអាងជាថ្មីថា វាជារឿងមិនធ្លាប់មានដែលរំលាយគណបក្សសង្គ្រោះជាតិយកអាសនៈទៅចែកគណបក្សដទៃនោះ ព្រោះបើកាលណាគេរំលាយគណបក្សសង្គ្រោះជាតិ ស្ថាប័នដែលកើតចេញពីរដ្ឋសភាក៏ត្រូវរំលាយទៅតាមនោះដែរ។ ហើយវិសោធកម្មអនុម័តច្បាប់នេះ គឺកំពុងតែធ្វើឲ្យកម្ពុជារស់នៅក្នុងភាពឯកោ។ ភាពឯកោ ដែលកំពុងតែកើតមានតាមរយៈការថ្កោលទោសពីសហគមន៍អន្តរជាតិ។ នេះបើតាមលោក ម៉ៅ មុនីវណ្ណ។
គួរបញ្ជាក់ថា សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះរួមមាន វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ការអនុម័តច្បាប់នេះ គឺមានតែសមាជិកព្រឹទ្ធសភា៤០រូបរបស់គណបក្សប្រជាជនដោយអវត្តមានតំណាងរាស្ត្រគណបក្សភ្លើងទៀន ដែលពីមុនជាគណបក្ស សម រង្ស៊ី ៕