អាស៊ីសេរី
2017-10-20

ទិដ្ឋភាពភូមិស្រែគរ និងភូមិក្បាលរមាសចាស់ បន្ទាប់ពីក្រុមហ៊ុនរាវីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹកជាស្ថាពរថ្ងៃទី២០ខែតុលាឆ្នាំ២០១៧។ រូបភាពពីពលរដ្ឋ
![]()

ទិដ្ឋភាពភូមិស្រែគរ និងភូមិក្បាលរមាសចាស់ បន្ទាប់ពីក្រុមហ៊ុនរាវីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹកជាស្ថាពរថ្ងៃទី២០ខែតុលាឆ្នាំ២០១៧។ រូបភាពពីពលរដ្ឋ

ទិដ្ឋភាពភូមិស្រែគរ និងភូមិក្បាលរមាសចាស់ បន្ទាប់ពីក្រុមហ៊ុនរាវីអគ្គិសនីសេសានក្រោមពីរបិទទ្វារទឹកជាស្ថាពរថ្ងៃទី២០ខែតុលាឆ្នាំ២០១៧។ រូបភាពពីពលរដ្ឋ
ពលរដ្ឋនៅភូមិស្រែគរ និងភូមិក្បាលរមាសចាស់ នៅតែក្រាញននាលរស់នៅក្នុងផ្ទះ ទោះបីជាទឹកជន់ឡើងខ្លាំង ក្រោយដែលក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ បានបិទទ្វារជាស្ថាពរ រួចមក។
អ្នកភូមិក្បាលរមាសចាស់ម្នាក់ គឺលោក ប្រច់ រិទ្ធិ បានប្រាប់អាស៊ីសេរី កាលពី អធ្រាតយប់ថ្ងៃសុក្រ ថា ភូមិករនិងដីស្រែ នៅក្នុងភូមិបានលិចលង់អស់ហើយ។ លោកថា ពលរដ្ឋទាំងអស់ជាង ៦០គ្រួសារ ដែលពុំព្រមចាកចេញនោះ បានបញ្ជូនកូនចៅ និងស្ត្រីចាស់ជរា ទៅនៅទួលសុវត្ថិភាពរួចអស់ហើយ នៅសល់តែមនុស្សពេញវ័យ នៅចាំផ្ទះសម្បែងនិងភូមិអាករ។ ពួកគាត់បានត្រៀមទូករួចជាស្រេច ដើម្បីត្រៀមក្បួនបណ្តែតទឹក ទៅទួលសុវត្ថិភាព ប្រសិនបើទឹកឡើងខ្លាំងបន្ថែមទៀតលិចផ្ទះ៖
ចំណែកអ្នកស្រី ស្រាំង ឡាញ់ អ្នកភូមិក្បាលរមាសចាស់ម្នាក់ទៀត ក៏បានប្រាប់ដែរថា ផ្ទះអ្នកស្រី បានលិចជម្រៅជិត២ម៉ែត្រកាលពីយប់មិញ ប៉ុន្តែមិនទាន់លិចផ្ទះទាំងស្រុងទេ ដោយសារសសរផ្ទះមានកម្ពស់ជិត៣ម៉ែត្រ។ អ្នកស្រីបន្តថា អាជ្ញាធរ បន្តត្រួតពិនិត្យស្ថានភាពពលរដ្ឋដែលមិនព្រមចាកចេញ និងហាមឃាត់ មិនឲ្យពលរដ្ឋពីខាងក្រៅ និងមន្ត្រីសង្គមស៊ីវិល ចូលសួរសុខទុក្ខពលរដ្ឋទាំងនោះឡើយ។
មេឃុំស្រែគរលោក សៀក មេគង្គ ឲ្យដឹងថា ពលរដ្ឋដែលបដិសេធមិនទទួលសំណង មានបញ្ហាប្រឈមច្រើនរួមមាន ការលំបាកធ្វើចរាចរ កង្វះទឹកស្អាត សុវត្ថិភាពកុមារ ខូចខាតស្រូវកសិកម្ម ទ្រព្យសម្បត្តិ និងការបោះបង់ការសិក្សារបស់កុមារជាដើម។ លោកថា អាជ្ញាធរឃុំបានរាយការណ៍បញ្ហានេះជូនថ្នាក់លើរួចហើយ រីឯអាជ្ញាធរខែត្រក៏គ្រោងចុះអន្តរាគមន៍សង្គ្រោះពលរដ្ឋដែរ និងបានត្រៀមផ្ទះជាស្រេច ក្នុងការផ្ដល់សំណងជូនពលរដ្ឋ ប៉ុន្តែពលរដ្ឋមិនពេញចិត្តនឹងសំណង ហើយចង់នៅលើដីកំណើតដូនតារបស់ខ្លួន។ របាយការណ៍អាជ្ញាធរឃុំស្រែគរអោយដឹងថា រយៈពេលប្រមាណ ៣ខែចុងក្រោយនេះ ពលរដ្ឋជាង ៦០គ្រួសារថ្មីទៀត នៅឃុំស្រែគរ បានយល់ព្រមទទួលសំណង និងចាកចេញពីភូមិចាស់ទៅរស់នៅភូមិថ្មី ហើយបច្ចុប្បន្នពលរដ្ឋរស់នៅឃុំក្បាលរមាស ៥៧គ្រួសារ និងឃុំស្រែគរ ជាង៦០គ្រួសារនៅមិនទាន់យល់ព្រមទទួលសំណងពីក្រុមហ៊ុននៅឡើយទេ៕