ដោយ លោក លី វេហា | ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧ | ម៉ោង 10:52 AM
http://vodhotnews.com

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (ហ្វេសប៊ុកលោក កឹម សុខា)
ពលរដ្ឋខ្មែរនៅឯប្រទេសកាណាដានិងបារាំង បានប្រមូលផ្ដុំគ្នាតវ៉ាទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងបារីស និងដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មួយថ្ងៃមុនការមកដល់នៃខួប២៦ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង កាលពីយប់ឈានចូលថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ដោយផ្អែកលើវីដេអូនៃការថ្លែងរបស់លោក កឹម សុខា នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។
ក្រោយពីមេដឹកនាំបក្សប្រឆាំងត្រូវបានចាប់ខ្លួន ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានមើលឃើញថា កាន់តែធ្លាក់ចុះ ហើយក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវទៅដល់បណ្ដាប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពសម្រាប់កម្ពុជា ឲ្យបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ឲ្យងាកទៅអនុវត្តតាមយន្តការប្រជាធិតេយ្យ និងគោរពសិទ្ធិមនុស្ស ស្របតាមកិច្ចព្រមព្រៀងសន្តិសភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីពេលថ្មីៗនេះថា ការប៉ុនបងជំរុញឲ្យមានការកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ លោកថា មិនអាចទៅរួចនោះទេ។
ទំព័រហ្វេសប៊ុកអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះវីដេអូ ដែលបង្ហាញការប្រមូលផ្ដុំរបស់ពលរដ្ឋខ្មែរនៅទីក្រុងប៉ារីស។
លោក សម រង្ស៊ី បានរៀបរាប់ភ្ជាប់ជាមួយវីដេអូនោះថា ពលរដ្ឋខ្មែរបានប្រមូលផ្ដុំធ្វើបាតុកម្មនៅទីក្រុងប៉ារីស ដើម្បីទាមទារឲ្យមានការគោរព និងអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្នុងវីដេអូនោះ ក្រុមបាតុករ និងលោក សម រង្ស៊ី ផងដែរ បានដើរហែរក្បួន និងឈរស្រែកតវ៉ា «ដោះលែងលោក កឹម សុខា» និងលើកជាបដា «ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
ពលរដ្ឋខ្មែរនៅឯប្រទេសកាណាដាប្រមាណ ៣០០នាក់ ក៏បានប្រមូលផ្ដុំគ្នានៅមុខមន្ទីរសភាកាណាដា ជាមួយគោលបំណងដូចគ្នានឹងបាតុកម្មនៅទីក្រុងប៉ារីសផងដែរ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលជាការព្រមព្រៀងគ្នារវាងភាគីជម្លោះប្រដាប់អាវុធកម្ពុជាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនោះ ត្រូវបានរដ្ឋាភិបាលដាក់ជាថ្ងៃឈប់សម្រាកនៅរៀងរាល់ថ្ងៃទី២៣ ខែតុលា រៀងរាល់ឆ្នាំ។
ប៉ុន្តែ សុពលភាពនៃសន្ធិសញ្ញាមួយនេះ ត្រូវបានលោក ហ៊ុន សែន អះអាងថា បានស្លាប់បាត់ទៅហើយ បន្ទាប់ពីប្រទេសហត្ថលេខីមួយចំនួន ដូចជាសហភាពសូវៀតជាដើម ត្រូវបានបែកខ្ញែកជាប្រទេសផ្សេងៗ។
អ្នកវិភាគនយោបាយដែលត្រូវបានរដ្ឋាភិបាលតែងតាំងឲ្យកាន់តំណែងជាប្រធានរាជសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ក៏បានយល់ព្រមនឹងសម្ដីរបស់លោក ហ៊ុន សែន ផងដែរ ដោយថា សន្ធិសញ្ញាសន្តិភាពមួយនេះ នៅសល់ត្រឹមនិមិត្តរូប និងមិនអាចយកសន្ធិសញ្ញាមួយនេះដាក់បញ្ជាលើកម្ពុជាឲ្យគោរពតាមនោះទេ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ និងមេដឹកនាំអង្គការសង្គមស៊ីវិលដទៃទៀត មិនយល់ស្របនឹងសម្ដីលោក ហ៊ុន សែន និងលោកបណ្ឌិត សុខ ទូច ឡើយ ដោយថា សន្ធិសញ្ញានេះ នៅរស់រានមានជីវិត និងមានសុពលនៅឡើយ៕