លោក ហ៊ុន សែន៖ រដ្ឋាភិបាលត្រៀមថវិកាប្រមាណ ៤០លានដុល្លារមួយ​ឆ្នាំ​​បន្ថែមជូនកម្មករ

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 3:27 PM
http://vodhotnews.com

អភិបាលកិច្ចល្អ

លោក ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រាប់​ពាន់​នាក់ (FB: លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អះ​អាង​ថា រដ្ឋាភិបាល​បាន​រៀបចំ​កញ្ចប់​​ថវិកាប្រមាណ ៤០​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំៗ ​សម្រាប់​ផ្ដល់​ទៅ​កម្មករ​ក្នុង​​វិស័យ​កាត់ដេរ បន្ថែម​លើ​ប្រាក់​ខែ​របស់​ពួកគេដែល​គ្រោង​ដំឡើង​ដល់​ ១៧០​ដុល្លារ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​។

លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់លោក​នៅថ្ងៃទី២២ ខែតុលា​នេះ ខណៈ​ដែល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រាប់​ពាន់​នាក់ មក​ពី​តាម​បណ្ដា​រោងចក្រ​នានា នៅ​ឯ​​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ។

លោក​ ហ៊ុន សែន រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ថា ​រដ្ឋាភិបាល​​ត្រៀម​ថិវកាប្រមាណ ៤០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ផ្ដល់​ទៅ​កម្មករ ដែលប្រាក់ទាំងនោះសម្រាប់​បន្ថែម ៥ដុល្លារក្នុងខែ លើប្រាក់ខែគោល ១៦៥ ដុល្លារ ដើម្បីឲ្យប្រាក់ខែកម្មករនឹងឡើងដល់ ១៧០ដុល្លារនៅដើម​ឆ្នាំ​ក្រោយ​។

លោក ហ៊ុន សែន បានលើកឡើងថា៖ «តាមពិតក្រុមហ៊ុនបើកជូនក្មួយៗ ១៦៥ដុល្លារ តែរាជរដ្ឋាភិបាល​បាន​ប៉ះ​ប៉ូវ​ប្រាក់ជូនក្មយៗកម្មករបន្ថែម ៥ដុល្លារ ដែលប្រាក់នេះ គឺបានមកពីប្រាក់ពន្ឋកាត់ទុក ដែលត្រូវពន្យារ​ការប្រមូល​រហូតដល់ឆ្នាំ ២០២២ និងប្រាក់កម្រៃនាំចេញ។ គឺមានន័យថា រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណ ៤០​លានដុល្លារ​ក្នុង ១ឆ្នាំៗដើម្បីបន្ថែមជូនកូនក្មួយកម្មករកម្មការនី»។

លោក ហ៊ុន សែន លើកឡើងបន្តថា សព្វ​ថ្ងៃ​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ បាន​ឡើងដល់ ១៥៣ដុល្លារ ក្នុងមួយខែ ប៉ុន្តែ ចាប់​ពីឆ្នាំ ២០១៨​​ខាងមុខ ប្រាក់ឈ្មួល​គោល​សម្រាប់​កម្មករ នឹងឡើងដល់ ១៧០ដុល្លារ ហើយបូកនឹង​ ប្រាក់​អត្ថប្រយោជន៍​​ផ្សេងៗ​ទៀត ដែល​លោក​នាយករដ្ឋ​មន្ត្រី​ថា គឺអាច​បានច្រើនជាង ២០០ដុល្លារក្នុងមួយខែ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles