
លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងជាអតីតរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍។ @facebook
អ្នកនាំពាក្យគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបានប្រកាសនៅថ្ងៃនេះថា គណបក្សកំពុងតែបន្តនីតិវិធីរៀបចំប្តឹង ជុំវិញការលើកឡើងរបស់លោក លឺ ឡាយស្រេង ដែលគណបក្សនេះ យល់ថាប្រមាថព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការបង្ហាញជំហរដាច់ខាតនេះ គឺបន្ទាប់ពីលោក លឺ ឡាយស្រេង បានសុំអភ័យទោស និងព្រះរាជទានលើកលែងទោស ចំពោះការលើកឡើងរបស់លោក។
រឿងរ៉ាវដែលនាំឲ្យគណបក្សហ៊្វុនស៊ិនប៉ិចប្តឹងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សនេះ កើតឡើងបន្ទាប់ពីទំព័រហ្វេសប៊ុកមួយឈ្មោះ “សីហា” បានទម្លាយសារសំឡេងសន្ទនាគ្នារវាងលោក លឺ ឡាយស្រេង ជាមួយនឹងអតីតមន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចមួយរួបទៀត គឺលោកស្រី គី លំអង កាលពីថ្ងៃទី២១ ខែតុលា។ នៅក្នុងសំឡេង ដែលបែកធ្លាយ និងដែលត្រូវបានអះអាងថាជាសំឡេងលោក លឺ ឡាយស្រេងនោះ បានលើកឡើងសំដៅលើព្រះមហាក្សត្រថា “បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅ ឲ្យគេទៅធ្វើម្តងវិញ”៕
ប៉ុន្មានម៉ោងបន្ទាប់ពីការបែកធ្លាយសារសំឡេងសន្ទនានេះ លោក លឺ ឡាយស្រេង បានប្រកាសសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រតាមរយៈហ្វេសប៊ុករបស់លោក។ ក្នុងវីដេអូរយៈពេល៣នាទី លោកបានអះអាងថាលោកអាចមានពាក្យថ្លោះធ្លោយពិតមែន ប៉ុន្តែគ្មានចេតនាអ្វី ទៅប្រមាថដល់ព្រះមហាក្សត្រកម្ពុជានោះទេ។ លោក លឺ ឡាយស្រេង បានទទួលស្គាល់ថាលោកមានប្រើពាក្យលើសលួសខ្លះៗ ហើយលោកសុំអភ័យទោស និងព្រះរាជទានលើកលែងទោស ពីលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រកម្ពុជា។ លោកបន្ថែមថាសូមកុំឲ្យមានការចោទប្រកាន់ណាមួយចំពោះលោកស្រី គី លំអង ព្រោះលោកស្រីគ្រាន់តែជាអ្នកស្តាប់តែប៉ុណ្ណោះ។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានថ្លែងបញ្ជាក់ប្រាប់វិទ្យុបារាំងនៅថ្ងៃទី២២ ខែតុលានេះ ថា គណបក្សរាជានិយមមួយនេះ មិនថយក្រោយទេចំពោះការប្តឹងលោក លឺ ឡាយស្រេង ហើយពេលនេះពាក្យបណ្តឹងបានទៅដល់ដៃមេធាវីរបស់គណបក្សហ៊្វ៊ុនស៊ិនប៉ិច៤នាក់ហើយ។ លោកញ៉េប ប៊ុនជិន ក៏សង្ឃឹមថាលោក លឺ ឡាយស្រេងនឹងមិនមានប្រសាសន៍បែបនេះនៅពេលក្រោយទៀតទេ។
បើតាមលោកញ៉េប ប៊ុនជិន អ្នកដែលពាក់ព័ន្ធនៅក្នុងសារសំឡេង ដែលបែកធ្លាយនេះក៏មិនរួចខ្លួនដែរ។ លោកបញ្ជាក់ថាគណបក្សហ៊ុ្វនស៊ិនប៉ិចមិនចង់ប្តឹងលោក លឺ ឡាយស្រេងទេ ប៉ុន្តែនេះដោយសារតែលោក ជាអ្នកបង្ករឿងនេះឡើង។ លោកអះអាងថាលោក លឺ ឡាយស្រេង ជេរគណបក្សហ្វ៊ុនស៊ីនប៉ិច និងសម្តេចក្រុមព្រះ ជាច្រើនខែមកហើយៗ គណបក្សក៏តែងរំឭកប្រាប់លោកជាច្រើនដងមកហើយដែរ៕