កវីនិពន្ធ​កំណាព្យ​រិះគន់​សង្គម​បន្ត​លាក់​អត្តសញ្ញាណ

កំណាព្យ​មួយ​ក្នុង​ចំណោម​កំណាព្យ​នានា​ដែល​លោក ឈុន បាន​តែង​កន្លង​មក​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អ្នក​និពន្ធ​កំណាព្យ​ដែល​កំណត់​នាម​ខ្លួន​លោក​ថា​ ចំណាប់ ឈុន ​(Chamnap Chhun) បាន​និពន្ធ​កំណាព្យ​ជាច្រើន​រៀបរាប់​ពី​ជំងឺ​សង្គម​ដែល​មនុស្ស​ភាគច្រើន​មិន​ហ៊ាន​និយាយ​។

មុន​ពេល​រៀបចំ​ជំនួប​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​​រាជធានី​ភ្នំពេញ លោក ចំណាប់ឈុន បាន​បង្ហាញ​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ត្រូវ​ចៀសវាង​ដូច​ជា រូបថត ការ​និយាយ​អំពី​អាយុ ឈ្មោះ​ពិត​របស់​ខ្លួន និង​ស្រុក​កំណើត​ជាដើម​។

លោក​ពន្យល់​ថា​៖ «​ខ្ញុំ​ដើរតួ​ធ្វើ​ជា​មនុស្ស​ពីរ​ផ្សេង​គ្នា​។ ​ទី​មួយ​គឺជា​កវី​អនាមិក​ដែល​វេទិកា​របស់​វា​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​​ហើយ​មួយ​ទៀត​គឺ​បុរស​ម្នាក់​ដែល​តែង​បង្ហាញ​ខ្លួន​មក​ធ្វើការ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​លក់​ផលិតផល​កសិកម្ម​នៅ​តាម​ទីជនបទ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ ឈុន ​គឺជា​កវីនិពន្ធ​កំណាព្យ​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​។

តាំងពី​លោក​បាន​ចាប់ផ្តើម​សរសេរ​កំណាព្យ​កាលពី​​ ៣ ​ឆ្នាំ​មុន​កំណាព្យ​ស្តី​អំពី​ជំងឺ​សង្គម​ដែល​ជា​រឿយៗ​តែង​ដាក់​បញ្ចូល​ការ​រិះគន់​ និង​ការ​អត្ថាធិប្បាយ​រឿង​នយោបាយ​ដែល​ត្រូវ​បាន​ចែក​រំលែក​ (Share) រាប់ពាន់​ដង​តាមរយៈ​ហ្វេសប៊ុក​។

លោក​បាន​ផ្សព្វផ្សាយ​ដោយ​បង្ហោះ​រូបភាព​អម​ដោយ​សំណេរ​សរសេរ​ដោយ​ដៃ​យ៉ាង​ផ្ចិតផ្ចង់​លើ​ក្រដាស​ទំហំ​ A4 ​ជាមួយ​នឹង​ទឹក​ប៊ិក​ពណ៌​ខៀវ​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ពេល​ចាប់ផ្តើម​ដំបូង ខ្ញុំ​មិន​បាន​សរសេរ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​កត់សម្គាល់​ឃើញ​ថា​មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​នេះ​ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​ការ​ប្រើប្រាស់​គំនូ​សិល្បៈ​របស់​ខ្ញុំ​រួម​ផ្សំ​ជាមួយ​កំណាព្យ​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​​មនុស្ស​បាន​ច្រើន​»​។

កំណាព្យ​មួយ​ក្នុង​ចំណោម​កំណាព្យ​ជាច្រើន​របស់​លោក​ដែល​មាន​ចំណងជើង​ថា ​«​ចម្ងល់​ឆ្នាំង​អ៊ុត​» កំណាព្យ​នោះ​មាន​លក្ខណៈ​លន្លង់​លន្លោច​ដែល​រៀបរាប់​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ទំនើបកម្ម​។ ​នៅ​ក្នុង​កំណាព្យ​នោះ​លោក​ ឈុន បាន​រៀបរាប់​ថា​៖ «​សម័យ​ឆ្នាំង​អ៊ុត​នៅ​ប្រើ​ធ្យូង ឈើ​បេង គ្រញូង ដុះ​ត្រៀបត្រា ព្រៃស្រោង ព្រៃ​ស្រង់ គង់​រក្សា ប្រើ​ធ្យូង​យ៉ាង​ណា​គ្មាន​ព្រួយ​អ្វី​»​។

លោក​បាន​បន្ត​ថា​៖ «​សម័យ​ឆ្នាំង​អ៊ុត​អគ្គិសនី ដោត​ឌុយ​នៅ​ព្រី តែ​អស់​ព្រៃ ខ្ញុំ​ឆ្ងល់ ខ្ញុំ​ខ្វល់ ខ្ញុំ​ភិតភ័យ ប្រើ​ឆ្នាំង​អ៊ុត​ថ្មី​ព្រៃ​ទៅ​​ណា​»​។ ​​លោក​ប្រើ​ឃ្លា​ចុង​ចួន​ដោយ​លំនាំ​បទ​ពាក្យ​ប្រាំ​ពីរ​។

ទោះបី​ជា​ហាង​កាហ្វេ​មិន​មាន​មនុស្ស​ក៏ដោយ ក៏​លោក ឈុន ​និយាយ​មិន​សូវ​ឮ​ខ្លាំង​ និង​អម​ជាមួយ​សំណើច​តិចៗ​។ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក អ្នក​គាំទ្រ​បាន​ហៅ​លោក​ថា​អ៊ំ​ដែល​ជា​ពាក្យ​គោរព​មួយ​សម្រាប់​ «​ពូ​» ​ជាធម្មតា ពាក្យ​នេះ​ត្រូវ​ប្រើ​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​យ៉ាង​ហោច​ណាស់​ ៥០ ​ឆ្នាំ​។ ពួកគេ​បាន​សន្មត​ថា​លោក​ជា​មនុស្ស​មាន​ការ​អប់រំ​ខ្ពស់​ និង​ពូកែ​វោហារសាស្ត្រ​។

លោក​ថា​៖ «​ខ្ញុំ​បាន​បង្រៀន​ខ្លួនឯង​…​ខ្ញុំ​មិន​បាន​សិក្សា​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា​ខ្ពស់​ទេ​»​។

យ៉ាង​ណា​ក៏ដោយ​ស្នាដៃ​របស់​​លោក​បាន​បង្ហាញ​អំពី​ភាព​បត់បែន​មួយ​ដែល​ទទួល​បាន​ការ​កោតសរសើរ​ពី​កវីនិពន្ធ​ខ្មែរ​ដ៏ល្បីល្បាញ​ និង​ជា​សាស្ត្រាចារ្យ​មួយ​រូប​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដោយសារ​តែ​ភាព​រសើប​នៃ​ប្រធានបទ​របស់​លោក​ ឈុន​។

លោក​ថ្លែង​ថា​៖ «​កំណាព្យ​ទាំង​​នោះ​ពិតជា​ល្អ​ណាស់ ហើយ​វា​បាន​គោរព​តាម​ទម្រង់​បែបបទ​យ៉ាង​ល្អ​ហើយ​ចំពោះ​អត្ថន័យ​គឺ​បាន​និយាយ​ចំ​បញ្ហា​សង្គម​ជាច្រើន​ហើយ​មួយ​ចំនួន​គឺ​ល្អ​ និង​មាន​ន័យ​ធ្ងន់​»៕
លោកស្រី ធន់ ថាវរី អ្នក​និពន្ធ​សៀវភៅ​ «​នារី​ប្រពៃ​» ​បាន​ថ្លែង​ថា​ការងារ​របស់​លោក​គឺ​ «​គួរ​ឲ្យ​​ចាប់​អារម្មណ៍​» ​និង​ «​ជំរុញ​ទឹកចិត្ត​» ​ហើយ​បាន​សម្ដែង​ក្តី​អាណិត​ចំពោះ​បំណង​ប្រាថ្នា​របស់​លោក​ ឈុន ដែល​រក្សា​ការ​សម្ងាត់​ចំពោះ​អត្ថសញ្ញាណ​របស់​លោក​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​វា​មាន​ហេតុផល​ដែល​គាត់​កំពុង​​ព្យាយាម​លាក់​អត្តសញ្ញាណ​របស់​​គាត់​។ កម្ពុជា​មិនមែន​ជា​កន្លែង​មាន​សុវត្ថិភាព សម្រាប់​ការងារ​បែប​នេះ​ទេ​»​។

បើ​ទោះបី​ជា​សេចក្តី​លម្អិត​អំពី​​ជីវិត​របស់​លោក​មាន​លក្ខណៈ​តិចតួច​លោក ឈុន បាន​ថ្លែង​ថា​ម្តាយ​របស់​លោក​បាន​ស្លាប់​នៅ​ពេល​លោក​មាន​អាយុ​ ១៤ ​ឆ្នាំ​បន្ទាប់ពី​ការលែង​គ្នា​ហើយ​នៅ​អាយុ​ ១៥ ​ឆ្នាំ​លោក​បាន​បោះបង់​ការ​សិក្សា​ដើម្បី​ទៅ​ធ្វើការ​ផ្គត់ផ្គង់​ប្អូន​បង្កើត​ ៤ ​នាក់​របស់​លោក​។

លោក​មិន​ដែល​គិត​ថា​ជាច្រើន​​ឆ្នាំ​ក្រោយ​មក​លោក​នឹង​ប្រើ​ចំណេះដឹង​ផ្នែក​កំណាព្យ​កាល​រៀន​នៅ​វិទ្យាល័យ​ដើម្បី​តែង​ក្នុង​​ទម្រង់​ប្រពៃណី​ខ្មែរ​នោះ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​នៅ​ពេល​​ថ្ងៃ ខ្ញុំ​ជា​អ្នក​លក់​ឧបករណ៍​ និង​ជី​ទៅ​កសិករ ហើយ​នៅ​ពេល​យប់​ពី​ម៉ោង​ ៩ ​ដល់​ម៉ោង​ ១ ​យប់​ខ្ញុំ​ធ្វើ​ការងារ​នេះ​សម្រាប់​សង្គម​»​។ លោក​មកពី​ភូមិ​មួយ​នៅ​ជនបទ​ជិត​ទន្លេ​មាន​បងប្អូន​បង្កើត​ ៤ ​នាក់​​ និង​ទៅ​វត្ត​ពីរ​បី​ដង​ក្នុង​មួយ​ខែ​។

លោក​បាន​បន្ត​ថា​៖ «​នៅ​ពេល​ខ្ញុំ​ធ្វើ​ការងារ​នេះ ខ្ញុំ​នៅ​តែ​ម្នាក់ឯង ហើយ​គ្មាន​នរណា​ម្នាក់​ដឹង​»​។

លោក​មិនមែន​ជា​អ្នក​ចង់​មាន​ជីវិត​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ បើ​ទោះបី​ជា​កំណាព្យ​មួយ​ក្នុង​ចំណោម​កំណាព្យ​របស់​លោក​បាន​និយាយ​ផ្ទុយ​ដោយ​សំដៅ​រាជធានី​ភ្នំពេញ​ថា​ជា «​ទីក្រុង​គជ់​» ​ក៏ដោយ​។

លោក​បាន​ថ្លែង​ថា​ការ​រក្សា​ភាព​សម្ងាត់​របស់​លោក​បាន​ការពារ​លោក​ពី​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​បុគ្គល ប៉ុន្តែ​វា​ក៏​ឆ្លុះ​បញ្ចាំង​ផង​ដែរ​អំពី​បំណង​ប្រាថ្នា​របស់​លោក​ក្នុង​ការ​នៅ​ឆ្ងាយ​ពី​រឿង​នយោបាយ​។

លោក​ថា​កំណាព្យ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​បង្ហាញ​សារ​​ជា​ជាង​ធ្វើ​បាតុកម្ម​នយោបាយ​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​មិន​ចូល​​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​ទេ ប៉ុន្តែ​វា​ច្បាស់​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​ចូលចិត្ត​រដ្ឋាភិបាល​»​។ លោក​សង្កត់​ធ្ងន់​ថា​គោលបំណង​របស់​លោក​​គឺ​រិះគន់​ស្ថាបនា​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «​កាល​ម្តង​នោះ​លោកស្រី មូរ សុខហួរ [​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​] ​បាន​សុំ​ឲ្យ​ខ្ញុំ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្ញុំ​ និង​ធ្វើ​ការងារ​បន្ថែម​ទៀត​សម្រាប់​សង្គម ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ​។ ​ខ្ញុំ​ចង់​ធ្វើ​ជា​អ្នក​កណ្តាល ប្រសិន​បើ​ខ្ញុំ​យល់​ព្រម​តាម​សំណើ​​របស់​លោកស្រី មូរ សុខហួរ ខ្ញុំ​នឹង​មិន​នៅ​កណ្តាល​ទេ​»​។

នៅ​ពេល​ទាក់ទង​តាម​អ៊ីមែល លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា​លោក ឈុន មាន​ហេតុផល​ល្អ​សម្រាប់​រក្សា​ឯករាជភាព​របស់​លោក​ និង​ដើម្បី​ការពារ​ខ្លួន​ដោយ​ចង្អុល​បង្ហាញ​អំពី​ការ​ធ្វើ​ឃាត​លើ​លោក កែម ឡី កាលពី​ឆ្នាំ​មុន​។

លោកស្រី​បាន​ប្រៀបធៀប​កំណាព្យ​របស់​លោក​ទៅ​នឹង​លោក គង្គ ប៊ុនឈឿន ជា​កវី​ខ្មែរ​ដែល​មាន​មនសិការ​សង្គម​ដែល​ការងារ​របស់​លោក ជាពិសេស​ជុំវិញ​ករណី​វាយប្រហារ​ទឹក​អាស៊ីត​ដ៏ល្បី​មួយ​នៅ​ក្នុង​ឆ្នាំ​ ១៩៩៩ ទៅ​លើ​អ្នក​ចម្រៀង តាត ម៉ារីណា ដែល​ទីបំផុត​បាន​បង្ខំ​ឲ្យ​លោក​និរទេស​ទៅ​រស់នៅ​ប្រទេស​ន័រវែស ជា​កន្លែង​ដែល​លោក​បាន​ទទួល​មរណភាព​​កាលពី​ឆ្នាំ​មុន​។

លោកស្រី​បាន​បន្ត​ថា​៖ «​កំណាព្យ​បាន​បាត់បង់​ស្ទើរ​ទាំងអស់ ឥទ្ធិពល​របស់​វា​នៅ​ក្នុង​សង្គម​កាលពី​ ៣ ​ទសវត្សរ៍​មុន​ដោយសារ​អ្នក​តែង​កំណាព្យ​មាន​ការ​ភ័យខ្លាច​»​។ ​ពិត​ណាស់​សាស្ត្រាចារ្យ​ និង​អ្នក​និពន្ធ​កំណាព្យ​ល្បីៗ​ដទៃ​ទៀត​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​រឿង​នេះ​ដោយសារ​ការ​ភ័យខ្លាច​។

មិត្តភក្តិ​របស់​លោក​អ្នក​ជិត​ខាង និង​សូម្បី​តែ​គ្រួសារ​របស់​លោក ក្រៅពី​បងប្អូន​បង្កើត​មិន​បាន​ដឹង​អំពី​ទេពកោសល្យ​របស់​លោក​ទេ​។

កំណាព្យ​ខ្មែរ​សហសម័យ​គឺ​ស្ទើរ​តែ​និយាយ​អំពី​តែ​ទេសភាព និង​ស្នេហា​។ ផ្ទុយ​ទៅ​វិញ​លោក ឈុន សរសេរ​អំពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាន​តាំងពី​វប្បធម៌ គ្រឿងញៀន អំពើ​ពុករលួយ និង​បញ្ហា​នយោបាយ​។

លោក​បាន​ថ្លែង​ថា​លោក​បាន​ចាត់​ទុក​ខ្លួន​លោក​ជា​អ្នក​ប្រើប្រាស់​ព័ត៌មាន​មធ្យម​ដោយ​គ្រាន់​តែ​មើល​តែ​ចំណងជើង​។

កំណាព្យ​មួយ​ក្នុង​ចំណោម​កំណាព្យ​ដ៏ល្បី​បំផុត​របស់​លោក​​គឺ បណ្ឌិត កែម ឡី ត្រូវ​បាន​បោះពុម្ព​ផ្សាយ​មួយ​ថ្ងៃ​បន្ទាប់ពី​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ត្រូវ​បាន​ធ្វើ​ឃាត​ហើយ​ត្រូវ​បាន​សម្ដែង​ដោយ​​អ្នក​ចម្រៀង​ម្នាក់​នៅ​ក្នុង​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​។

កំណាព្យ​ចុងក្រោយ​បង្អស់​របស់​លោក​គឺ​បណ្ឌិត បិសាច ដែល​ជា​ការ​រិះគន់​ចំពោះ​សញ្ញាបត្រ​បណ្ឌិត ឬ​សញ្ញាបត្រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​លក់​។

កវី ចំណាប់ ឈុន ​បាន​មាន​​ប្រសាសន៍​ថា​៖ «​កុំ​មោទនភាព​ចំពោះ​បណ្ឌិត​របស់​អ្នក សូម​គិត​ពិចារណា​ថា​អ្នក​កំពុង​តែ​មិន​អើពើ​ចំពោះ​ប្រទេស​ជាតិ និង​សាសនា​របស់​អ្នក​»​។

លោក ឈុន ដំបូង​បាន​ចាប់ផ្តើម​សរសេរ​បន្ទាប់ពី​មាន​មហាបាតុកម្ម​ក្រោយ​បោះឆ្នោត​ឆ្នាំ​ ២០១៣​។ លោក​បាន​មាន​​ប្រសាសន៍​ថា​៖ «​ប្រហែល​ជា​ក្រោយ​ការ​បោះឆ្នោត​ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​ខ្ញុំ​។ ​ប្រសិន​បើ​គ្មាន​អ្វី​​ផ្លាស់ប្តូរ តើ​ខ្ញុំ​អាច​ទៅ​លាក់​ខ្លួន​យូរ​ប៉ុនណា​?»៕ PS / NS

A.M. Sassoon

រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ និង​ គង់ មេត្តា

What Next?

Recent Articles