មេឃុំចៅសង្កាត់បក្សប្រឆាំងមួយចំនួនប្រកាសជំហរមិនចុះចូលបក្សកាន់អំណាច

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 4:17 PM
http://vodhotnews.com

នយោបាយ

ទីស្នាក់ការគណបក្សសង្គ្រោះជាតិ


មេឃុំនិងចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិមួយចំនួន នៅថ្ងៃចន្ទនេះ បានប្រកាសជំហរថា ពួកគេនឹងមិនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដូចការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីឡើយ ​បើទោះបីជាគណបក្សនេះត្រូវរំលាយ។

កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៧ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ទៅ​មេដឹកនាំ​តាម​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង​​ ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ប្រសិន​បើ​ពួកគេ​ចង់​រក្សា​តំណែង​របស់​ពួកគេ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ត្រូវរំលាយ។

ពាក់ព័ន្ធរឿងនេះ ​ចៅសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅ​រ៉ូហ្ស៊េត មានប្រសាសន៍ថា ទោះបីជាគណបក្សសង្គ្រោះជាតិត្រូវរំលាយ ក៏កញ្ញាមិនចុះចូលជាមួយគណបក្សប្រជាជន ដោយក្បត់ឆន្ទៈប្រជាពលរដ្ឋនោះទេ។

កញ្ញាមានប្រសាសន៍ថា «មិនថា ខ្ញុំនឹងក្រុមប្រឹក្សាដទៃទៀត គឺដាច់ខាត មិនចុះញ៉ម ឬមួយក៏មិនចុះចូលជាមួយសម្ដេចនាយកជាដាច់ខាត ពីព្រោះការបោះឆ្នោតខែមិថុនាឆ្នាំ២០១៧ កន្លងមក គឺជាការបោះឆ្នោតសមាមាត្រ មានន័យថា ប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្ស។ ប្រសិនជាយើង​ ដែលបានជាប់ឆ្នោតហើយ បែបជាទៅចុះចូលទៅគណបក្សមួយ ដែលប្រជាពលរដ្ឋមិនពេញចិត្ត សំខាន់តំណាងពលរដ្ឋ គឺវាអស់តម្លៃ វាអត់មានតម្លៃអីសោះសម្រាប់ប្រជាពលរដ្ឋ»

ចំណែកចៅសង្កាត់​សាលាកំរើក ក្រុង​សៀមរាប លោក ជិន សុខង៉េង លើកឡើងប្រហាក់ប្រហែលគ្នាថា តំណែងរបស់លោកបានបច្ចុប្បន្ន គឺកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដូចនេះ ទោះបី​គណបក្ស​លោក​ត្រូវ​រំលាយ ក៏លោក​មិន​ចុះចូលជាមួយ​បក្ស​កាន់​អំណាចដែរ។

លោកមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ថា ពួកយើងខ្ញុំគឺកើតចេញពីប្រជាពលរដ្ឋមិនមែនកើតចេញអំពីគណបក្សនយោបាយដែលលើកបណ្តុកទេ។ ដូច្នេះ ពួកខ្ញុំគឺតស៊ូដើម្បីប្រជាពលរដ្ឋ អ្វីដែលយើងត្រូវគិតនោះ គឺត្រូវគិតអំពីជីវិតភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

លោក ជិន សុខង៉េង ចាត់ទុកការអំពាវនាវរបស់លោក ហ៊ុន សែន ថាគ្រាន់​តែ​ចង់​បំបាក់​ស្មារតី​មន្ត្រី​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ប៉ុន្តែលោក មិនខ្វល់ចំពោះរឿងនេះឡើយ។

នៅទីក្រុងភ្នំពេញឯនេះវិញ ចៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ លោក ជា សាម៉ន លើកឡើងដែរថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយនោះ លោកសុខចិត្តទៅលក់បន្លែ ឬ​ទៅធ្វើការងារផ្សេង ដោយមិនចុះចូលជាមួយគណបក្សកាន់អំណាចឡើយ។

លោកថា «សូមជម្រាបផងដែលថា បើទោះបីសល់១ម៉ោង សល់១វិនាទី នៃពេលវេលា បើគេមិនទាន់រំលាយ ខ្ញុំនឹងបម្រើប្រជាពលរដ្ឋក្នុងពេលដែលខ្ញុំមានតម្លៃ។ ដូច្នេះហើយ ជំហររបស់ខ្ញុំក្នុងនាមជាចៅសង្កាត់បឹងទំពុនទី២ ដាច់ខាន មិនលក់ក្បាល មិនលក់ឧត្ដមគិតក្បត់ឆន្ទៈប្រជាពលរដ្ឋនោះទេ»។

លោក សាម៉ន អំពាវនាវឲ្យមេឃុំ និងចៅសង្កាត់ទាំងអស់ ត្រូវប្រកាន់ជំហររឹងមាំ ​ដើម្បីបម្រើប្រជាពលរដ្ឋ បើទោះបីគណបក្សសង្គ្រោះជាតិ កំពុងទទួលរងគំនាបពីគណបក្សកាន់អំណាចក៏ដោយ។

ចំពោះ មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស ចាត់ទុកការចូល ឬមិនចូលនេះ ថាជាការសម្រេចចិត្តរបស់មេឃុំនិងចៅសង្កាត់ទាំងនោះ ប៉ុន្តែលោកថា ប្រសិនបើជាពួកគេ ចុះចូលគណបក្សមួយ ដែលពលរដ្ឋ​មិនបានបោះឆ្នោតគាំទ្រ ថ្ងៃក្រោយ ពួកគេនឹងបាត់បង់ប្រជាប្រិយភាព។

លោកថា «សំខាន់យើងត្រូវយល់ ឃើញខ្លួនឯងថា តើតម្លៃ ឬក៏តំណែងរបស់អស់នឹងវាជាតម្លៃដែលយើងទទួលបានទេ ឬមួយតម្លៃគេប្រគល់ឲ្យ ឬមួយក៏ជាតម្លៃប្រជាពលរដ្ឋបោះឆ្នោត។ ចឹងក្រុមប្រឹក្សាគ្រប់រូប អាចពិចារណានឹងថា តើនៅពេលទៅខាងមុខតម្លែ ដែលខ្លួនទទួលបានវាទៅជាយ៉ាងណា»។

ទោះជាយ៉ាងណា អ្នកវិភាគ ធ្លាប់អះអាងថា គណបក្ស​ហ៊្វុនស៊ិនប៉ិចរបស់សម្ដេច ក្រុមព្រះ ដែលឈ្នះគណបក្សប្រជាជនកម្ពុជា នៅអាណត្តិទី១ កន្លងមក ត្រូវបានអស់អាសនៈសភាវិញនៅឆ្នាំ២០០១៣ បន្ទាប់ពីគណបក្សនោះបែកបាក់ផ្ទៃក្នុង៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

What Next?

Recent Articles