
ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថ្លែងក្នុងពេលផ្ដល់បទសម្ភាសជាមួយកាសែតភ្នំពេញ ប៉ុស្ដិ៍ (ខ្មែរ)។ គាំ ច័ន្ទរស្មី
Mon, 23 October 2017
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: មេធាវីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សហ៊្វុនស៊ិនប៉ិច កំពុងរៀបចំពាក្យបណ្ដឹងទៅតុលាការប្តឹងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចក្រោយបានសន្ទនាតាមទូរស័ព្ទរវាងលោកនឹងលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិចដែលមានចំណុចខ្លះប្រមាថដល់ព្រះមហាក្សត្រ។
កាលពីថ្ងៃសៅរ៍ទំព័រហ្វេសប៊ុកឈ្មោះ សី ហា បានបញ្ចេញសំឡេងសន្ទនាឯកជនតាមទូរស័ព្ទរវាងលោក លឺ ឡាយស្រេង និងលោកស្រី គី លំអង ដែលនៅក្នុងការសន្ទនានោះលោក លឺ ឡាយស្រេង ថ្លែងថា៖ «អត់ទេបើមិនហ៊ានទេឲ្យដាក់រាជ្យទៅឲ្យយកគេទៅធ្វើម្តងវិញមាន់គ្រាវអ៊ីចឹងនោះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីម្សិលមិញថាលោក និងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ដែលបានថ្លែងប្រមាថព្រះមហាក្សត្រតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី គី លំអង។
លោកថ្លែងថា៖ «ឥឡូវនេះគឺថាកុំរត់ៗ។ ផ្តាំទៅ លឺ ឡាយស្រេង ថា ខ្ញុំផ្ញើសារប្រាប់ឲ្យហើយថាខ្ញុំប្តឹងជាមួយនឹងសម្តេចក្រុមព្រះ។ ចេញមកសារភាពថាបាននិយាយមែន។ សុំអភ័យទោសព្រះមហាក្សត្រសូមអភ័យទោសសម្ដេច ហ៊ុន សែន។ តែខ្ញុំអត់អភ័យទោសឲ្យលោកឯងទេ ព្រោះលោកឯងព្រហើនពេក»។
លោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកបានទទួលការណែនាំពីលោកនាយករដ្ឋមន្ត្រីរួចហើយក្នុងការប្តឹងលោក ឡាយស្រេង។ លោក តិច ថ្លែងថា៖ «ខ្ញុំបានទទួលការណែនាំពីសម្តេចតេជោរួចហើយ ហើយខ្ញុំកំពុងរៀបចំបណ្ដឹង។ អ្វីដែលសម្តេចលោកបានណែនាំមកខ្ញុំគឺចំណុចដែលថាលោកតា លឺ ឡាយស្រេង ថ្លែងថាសម្តេចតេជោបានផ្តល់លុយទៅឲ្យគណបក្សហ៊្វុនស៊ិនប៉ិច អ៊ីចឹង។ នេះផ្ទុយពីការពិតហើយសម្តេចគិតថាជាការបរិហារកេរ្តិ៍ជាសាធារណៈចំពោះគាត់»។
ដោយឡែកលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងថាមេធាវី ៤ រូបកំពុងប្រមូលរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការប្រឆាំងលោក ឡាយស្រេង។ លោក ប៊ុន ជិន ថ្លែងថា៖ «យើងជជែកគ្នាម្សិលមិញឃើញច្រកចេញថាទាល់តែយើងដាក់ពាក្យប្តឹងទៅតុលាការហើយបាន (អាច) ដោះស្រាយបញ្ហា។ បើមិនអ៊ីចឹងទេគាត់នៅតែនិយាយរហូត ខមាទោស និយាយទាល់តែគាត់និយាយលែងកើត។ គាត់នៅតែជេរយើងថាឲ្យយើងអ៊ីចឹង»។
លោកថ្លែងបន្តថា៖ «បើគាត់មិននៅជាមួយហ៊្វុនស៊ិនប៉ិចទេ កុំទៅបំផ្លាញផ្ទះហ្នឹងទុកឲ្យកូនចៅទុកឲ្យបងប្អូនដែលជាសាច់សាលោហិតនាំគ្នាជួសជុលនៅទៅ។ គាត់មិនត្រូវហែកដំបូលហើយគាត់មកដកសសរកន្លោង គាត់មកកាត់ជើងសសរ អ៊ីចឹងមិនយុត្តិធម៌ទេ។ គាត់អាចនិយាយឲ្យក្មេងស្តាប់ពីរោះបាន តែជាមនុស្សចាស់ គាត់ជាអ្នកបំផ្លាញទ្រនំរបស់ខ្លួនគាត់»។
លោក ប៊ុនជិន បានបដិសេធថាការចោទប្រកាន់ដែលថាសម្តេចក្រុមព្រះប្រមូលលុយម្នាក់ ២ ម៉ឺនដុល្លារពីសមាជិកបក្សជាថ្នូរនឹងការបានធ្វើតំណាងរាស្ត្រដើម្បីទទួលកៅអីសភាពីគណបក្សសង្គ្រោះជាតិដែលនឹងត្រូវរំលាយនោះមិនមែនជាការពិតទេ។ លោកបានថ្លែងថា៖ «សម្តេចក្រុមព្រះទៅយកលុយពីណា ២ ម៉ឺនៗបូកទៅ ១ លានពីណាមក? ចុះកាលលោកធ្វើឧបនាយករដ្ឋមន្ត្រីគាត់យកលុយទៅសូកលោកឬយ៉ាងម៉េច?»។
លោក ប៊ុន ជិន ថ្លែងថាលោកស្រី លំអង អាចជាប់ពាក់ព័ន្ធជាមួយលោក ឡាយស្រេង ប៉ុន្តែទុកឲ្យក្រុមមេធាវីធ្វើការលើរឿងនេះ។
កាលពីព្រឹកថ្ងៃសៅរ៍ទំព័រហ្វេសប៊ុកឈ្មោះ សី ហា បានបញ្ចេញសំឡេងសន្ទនាឯកជនតាមទូរស័ព្ទរវាងលោក ឡាយស្រេង និងលោកស្រី គី លំអង ដែលលោក ឡាយស្រេង និងលោកស្រី លំអង គឺជាអតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច។ ក្នុងការសន្ទនានោះលោក ឡាយស្រេង បាននិយាយថាលោក និងលោក ឡៅ ម៉ុងហៃ មានគម្រោងចូលគាល់ព្រះមហាក្សត្រដើម្បីស្នើឲ្យព្រះអង្គបន្ថយកម្តៅនយោបាយកម្ពុជា។ លោកស្រី គី លំអង បានថ្លែងថា៖ «មើលទៅលោកមិនហ៊ានទេបង លោកមិនហ៊ានទេ»។ លោក ឡាយស្រេង បានឆ្លើយតបថា៖ «អត់ទេ បើមិនហ៊ានទេឲ្យដាក់រាជ្យទៅឲ្យយកគេទៅធ្វើម្តងវិញមាន់គ្រាវអ៊ីចឹងនោះ»។
លោក ឡាយស្រេង បានបន្តសន្ទនាឯកជននោះជាមួយលោកស្រី លំអង អំពីការទទួលបានកៅអីរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិដោយលោកនិយាយថា៖ «ឱ! ពួកអាអត់ខ្មាសហ្នឹងឥឡូវកំពុងពួកក្រសេកំពុងចែត។ យី! គិតទៅអាមនុស្សរកលុយបានស្រួល… ហ៊ុន សែន ឲ្យជិត ១ លានចុះម្នាក់ ២ ម៉ឺនបានជិត ១ លានបាត់ទៀតហើយ ហ្អេ អស្ចារ្យ! ចេះតែទៅហើយមុខអាមួយនេះ។ អាសម្តេចចោលម្សៀតមួយនេះយ៉ាប់មែនទែនហ្មង។ ខ្ញុំថា អាហែ្អង ខ្ញុំទ្រាំមិនបាន ថោកទាបពេក»។
ក្រោយពេលមានការបង្ហោះការសន្ទនារបស់លោកលើហ្វេសប៊ុក លោក ឡាយស្រេង នៅថ្ងៃសៅរ៍ដដែលបាននិយាយឆ្លើយឆ្លងតាមទូរស័ព្ទជាមួយលោកស្រី គី លំអង ម្តងទៀតដោយលោកស្រី គី លំអង សុំឲ្យលោកចេញវីដេអូតាមហ្វេសប៊ុក សុំទោសលោកនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ។ ការសន្ទនាឯកជននេះក៏ត្រូវបានផេច សីហា យកមកបង្ហោះបន្តទៀតដែរ។
លោក លឺ ឡាយស្រេង និងលោកស្រី គី លំអង មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញដោយអ្នកទទួលទូរស័ព្ទរបស់លោក និងលោកស្រីប្រាប់ថាពួកគាត់ចេញទៅក្រៅភ្លេចទូរស័ព្ទនៅផ្ទះ។
ក៏ប៉ុន្តែតាមរយៈហ្វេសប៊ុករបស់លោក លោក លឺ ឡាយស្រេង បានថ្លែងសុំទោសព្រះមហាក្សត្រ និងលោក ហ៊ុន សែន ដោយលោកថ្លែងថា៖ «ដូច្នេះម្តងទៀតការនិយាយប៉ុន្មានៗដែលបានខុសឆ្គងនេះ ខ្ញុំសូមអភ័យទោសដល់ព្រះមហាក្សត្រ សម្តេចនាយក និងបងប្អូនទាំងអស់។ សូមមេត្តាយោគយល់ថា ខ្ញុំនេះជាអ្នកបម្រើព្រះមហាក្សត្រយូរណាស់ តាំងពីណាពីណីមក។ ជួនណាវាវិលទៅមិនដឹងទៅណាៗអាចនិយាយភាន់ច្រឡំ ឬខុសក៏មាន។ ខ្ញុំទទួលថា បើមានពាក្យលើសលស់ត្រង់នេះហើយសូមបងប្អូនមេត្តាម្ដងទៀតសូមអភ័យទោសយ៉ាងជ្រាលជ្រៅពីខ្ញុំ លឺ ឡាយស្រេង»។
ប៉ុន្តែលោក ឡាយស្រេង មិនបានសុំទោសដល់គណបក្សហ៊្វុនស៊ិនប៉ិច ឬសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នោះទេ។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សារបស់ព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ បានថ្លែងថាព្រះមហាក្សត្រ មិនអាចមានបុគ្គលណាបំពានបានឡើយ។ អង្គព្រះមហាក្សត្រលោកអត់មានលូកព្រះហស្ថក្នុងនយោបាយលោកជាបិតារបស់ខ្មែរទូទាំងប្រទេសហើយលោកអត់មានព្រះរាជតួនាទីអីមកចាត់ចែងនយោបាយទេ។ លោកថ្លែងថា៖ «យើងស្នើទៅថ្វាយលោកបាន ប៉ុន្តែយើងអត់ត្រូវទិតៀនលោកទេ។ និយាយពីព្រះមហាក្សត្រត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចមិនអាចទៅបញ្ជាលោកបានទេ»៕
Contact author: នៀម ឆេង