ស្ថាប័ន​រដ្ឋាភិបាល​រិះគន់​ទូត​អាមេរិក​រឿង​គ្រាប់បែក​គីមី

មន្ត្រី​ជំនាញ​កម្ពុជា​កំពុង​ពិនិត្យ​គ្រាប់បែក​មាន​សារធាតុ​គីមី​នៅ​ក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក​។ រូបថត សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ស្ថាប័ន​រដ្ឋាភិបាល​បាន​ច្រានចោល​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​រឿង​គ្រាប់បែក​គីមី​ដោយ​ចាត់ទុក​ការ​លើក​ឡើង​នោះ​ថា​​ជា​ការ​បំភ្លៃ​ការពិត និង​ចង់​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ហើយ​បាន​អំពាវនាវ​ឲ្យ​អាមេរិក សហការ​គ្នា​រំដោះ​គ្រាប់បែក​ទាំង​នោះ​។

គ្រាប់បែក​ដែល​ជា​កេរដំណែល​នៃ​សង្គ្រាម​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​និង​កំពុង​តែ​បង្ក​ភាព​ចម្រូង​ចម្រាស​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​មាន​ការ​វាយប្រហារ​ពាក្យ​សម្ដី​ដូច​ទឹក​បាក់​ទំនប់​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រឿង​គ្រាប់បែក​គីមី​ក្នុង​ខេត្ត​ស្វាយរៀង​នោះ​មក​ស្ថានទូត​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បាន​បកស្រាយ​ដោយ​សម្រាល​ស្ថានការណ៍​ថា​គ្រាប់បែក​នោះ​គឺជា​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​មិន​បង្ក​ផលប៉ះពាល់​សុខភាព​យូរ​អង្វែង​ទេ​។ លើស​ពី​នោះ​កម្ពុជា​ក៏​បាន​ដឹង​ពី​វត្តមាន​នៃ​គ្រាប់បែក​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​មន្ត្រី​ជំនាញ​គ្រាប់បែក​កម្ពុជា​ក៏​ទទួល​បាន​ការ​បណ្តុះបណ្ដាល​ហើយ​ផង​ដែរ​។

នៅ​ថ្ងៃ​ដដែល​នោះ​អាជ្ញាធរ​មីន (CMAA) ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ថ្កោលទោស​ដាច់​អហង្ការ​រាល់​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ដោយ​បាន​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​នោះ​ថា «​មាន​ចេតនា​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​, បំភ្លៃ​ការពិត និង​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ​»​។ អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា​ទើប​តែ​បាន​ដឹង​ព័ត៌មាន​ពី​គ្រាប់បែក​គីមី​នោះ​កាលពី​អំឡុង​ខែ​មករា​ឆ្នាំ​ ២០១៧ នេះ​ពី​អ្នក​ភូមិ​ប៉ុណ្ណោះ​។ អាជ្ញាធរ​មីន​បាន​សរសេរ​ថា​៖ «​យើង​ក៏​ទំនាក់ទំនង​តាម​គ្រប់​មធ្យោបាយ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ន័យ​សហការ​គ្នា​តាម​គោលការណ៍​មនុស្សធម៌​ដើម្បី​លុប​បំបាត់​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​ទី​នោះ​។ ប៉ុន្តែ​ជា​អកុសល​យើង​ពុំ​ដែល​ទទួល​បាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​ពី​ស្ថានទូត​នៅ​ភ្នំពេញ​ឡើយ​»​។ ហេតុ​នោះ​កម្ពុជា​បាន​ធ្វើការ​ដោះ​គ្រាប់​នោះ​ដោយ​ខ្លួនឯង ហើយ​បាន​រកឃើញ​គ្រាប់​ជាច្រើន​កន្លែង​ថែម​ទៀត​នៅ​ភូមិសាស្ត្រ​នោះ ហើយ​ពលរដ្ឋ ១៩ នាក់​ត្រូវ​រកឃើញ​ថា​រង​ផលប៉ះពាល់​ពី​សារ​ធាតុគីមី​នោះ​។

ទោះ​យ៉ាង​ណា​អាជ្ញាធរ​មីន​បាន​អំពាវនាវ​ដ៏​ទទូច​ឲ្យ​សហរដ្ឋ​អាមេរិក​មាន​ «​វិចារណញ្ញាណ​» ​ប្រកប​ដោយ​មនុស្សធម៌​ដើម្បី​រួម​គ្នា​បោស​សម្អាត និង​បំផ្លាញ​គ្រាប់បែក​ទាំង​នោះ និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​។

មួយ​ថ្ងៃ​ក្រោយ​មក​លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC) ​ក៏​បាន​ច្រានចោល​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ​ក៏​បាន​ចេញ​របាយការណ៍​កម្រាស់​ ១០ ទំព័រ​ស្តីពី​ការ​ប្រមូល​ព័ត៌មាន​នៃ​គ្រាប់បែក​គីមី​នៅ​ឃុំ​គគីរ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​នោះ​។ លោក​ ហេង រតនា បាន​យល់​ឃើញ​ថា​៖ «​សេចកី្ត​ថ្លែងការណ៍​នេះ​មាន​ចេតនា​ប្រមាថ​ដល់​ប្រជាពលរដ្ឋ​ខែ្មរ​ដែល​បាន​ស្លាប់ និង​កំពុង​រស់នៅ​រងទុក្ខ​វេទនា​ដោយសារ​អាវុធ​គីមី​នេះ​។ ជាពិសេស​ប្រមាថ​ដល់​កងកម្លាំង​ដែល​ប្តូរជីវិត​ដើម្បី​រំដោះ​គ្រាប់បែក​ជា​អាវុធ​គីមី​ផ្ទាល់​តែ​ម្តង​ដែល​មាន​អ្នក​ខ្លះ​កំពុង​ធ្លាក់​ខ្លួន​ឈឺ​នៅ​ឡើយ​»​។ លោក​សរសេរ​ផង​ដែរ​ថា​សារធាតុ​ពុល​ដូច​គ្នា​ដំបូង​ជា​សារធាតុ CS ប្រភេទ​ស្រាល​។ ប៉ុន្តែ​តាមពិត​អាច​ជា​សារធាតុ​គីមី​ប្រភេទ CS2 ដែល​វា​មិន​រលាយ​តាម​ទឹក​ ឬ​ខ្យល់​ឡើយ​។

របាយការណ៍ CMAC គឺ​យោង​សំខាន់​ទៅ​លើ​សាក្សី​រស់​សំខាន់ៗ​ចំនួន ៧ រូប​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​គគីរ គណៈកម្មការ​វត្ត​គគីរ នាយក និង​នាយករង​សាលា​បឋមសិក្សា​គគីរ​។ សាក្សី​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ហើយ​ភាគច្រើន​គឺ​បាន​ឃើញ និង​បាន​ចូលរួម​រំកិល​ធុង​គ្រាប់​ទាំង ២ ​យក​ទៅ​កប់​ចោល​កាលពី​ឆ្នាំ ១៩៧១ បន្ទាប់ពី​កងទ័ព​អាមេរិក​ទម្លាក់​លើ​សាលា​ឆាន់​ក្នុង​វត្ត​គគីរ​តែ​មិន​ផ្ទុះ​កាល​ក្នុង​រដូវប្រាំង​នៅ​វេលា​ម៉ោង ២ រសៀល​ក្នុង​ឆ្នាំ ១៩៧០​។ យន្តហោះ​ទម្លាក់​គ្រាប់​នោះ​គឺ​ហោះ​កម្ពស់​ប្រមាណ​ជា ១០០ ម៉ែត្រ​ពី​ដី​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​សាក្សី​មើល​ឃើញ​ពួក​ទាហាន​រុញ​ធុង​គ្រាប់បែក​ទម្លាក់​ចុះ​មក​។

យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​រយៈពេល​ជាង ៤០ ឆ្នាំ (២០១០ ​ឬ​ ២០១១) ទើប​ធុង​គ្រាប់​គីមី​នេះ​លេច​វត្តមាន​ឡើង​ជា​ថ្មី​គឺ​នៅ​ពេល​កូនសិស្ស​បាន​ធ្វើ​ពលកម្ម​អនាម័យ និង​កាប់​ដី​ដាំ​ត្រកួន ហើយ​ប៉ះ​វា​។

របាយការណ៍​សរសេរ​ថា​៖ «..​ក៏​ជះ​ក្លិន​ឆួល​ឡើង​ធ្វើឲ្យ​កូន​សិស្ស​មួយ​ចំនួន​ហូរ​ទឹកភ្នែក និង​មិន​ស្រួល​ខ្លួន​…​ចាប់ពី​ពេល​នោះ​មក​ទើប​ព័ត៌មាន​នៃ​ធុង​គ្រាប់បែក​គីមី​នោះ​ត្រូវ​បាន​ខ្ចរខ្ចាយ​ចេញ​មក​សង្គម​ខាង​ក្រៅ​»​។

CMAC បាន​លើក​ឡើង​ថា​គ្រាប់បែក​គីមី​នោះ​មាន​ឥទ្ធិពល​ដូចជា​ធ្វើឲ្យ​ហូរ​ទឹកភ្នែក គ្រុនផ្តាសាយ ក្អក​កណ្តាស់ ក្រហល់​ក្រហាយ​ស្បែក (​ដូច​ប្រឡាក់​ម្ទេស​) ​និង អាច​ណ្តាល​ឲ្យ​ខ្យល់គ​។ បន្ថែម​ពី​នេះ​ឥទ្ធិពល​របស់​វា​ប្រែប្រួល​ទៅ​តាម​បរិមាណ​ទីតាំង​រងគ្រោះ និង​កម្លាំង​ខ្យល់​បក់​ដែល​អាច​បណ្តាល​ឲ្យ​រលាក​ស្បែក​ធ្ងន់ធ្ងរ «​រហូត​ដល់​ស្លាប់​ក៏​មាន​» ក្នុង​ករណី​ប្រើប្រាស់​លើស​ចំណុះ​។ CMAC បាន​គូសបញ្ជាក់​ថា​៖ «​ទោះបី​ជា​វា​មាន​អាយុ​ជាង ៤០ ឆ្នាំ​កន្លង​ទៅ​ហើយ​ក្តី​ក៏​សារធាតុ​គីមី​ពុល​នេះ​នៅ​មាន​ឥទ្ធិពល​មក​លើ​អ្នក​ដែល​នៅ​ជុំវិញ ឬ​អ្នក​ដែល​បាន​ប៉ះពាល់​វា​»​។

មន្ត្រី​ស្ថានទូត​អាមេរិក​កាលពី​ម្សិលមិញ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ​ទេ ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ស្ថានទូត​អាមេរិក​អះអាង​ថា​គ្រាប់បែក​ដែល​រកឃើញ​នៅ​ខេត្ត​ស្វាយរៀង​គឺ​គ្រាន់តែ​ជា​គ្រាប់​បែក​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ធម្មតា ដែល​ត្រូវ​បាន​ប្រើ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​គឺ​វា​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដែល​ធ្វើឲ្យ​ក្មេង​កើត​មក​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ​៕

What Next?

Recent Articles