ចៅក្រមខេត្តក្រចេះថាមិនបានធ្វើខុសករណីដោះលែងឈ្មួញឈើ

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 4:11 PM
http://vodhotnews.com

សិទ្ធិមនុស្ស

ចៅក្រមស៊ើបមួយរូបនៅ​តុលាការខេត្តក្រចេះបានអះអាងថា ​មិន​បាន​ធ្វើខុស​នីតិវិធី​ច្បាប់​ បន្ទាប់ពី​ព្រះរាជ​អាជ្ញា​​រងខេត្តនេះ​​ចោទប្រកាន់ថា មានភាពមិនប្រក្រតី​ពាក់ព័ន្ធសំណុំរឿងដោះលែង​ឈ្មួញដឹកឈើខុសច្បាប់​ ​កាល​ពី​ថ្ងៃ​ទី​១៥​ខែតុលា​នេះទេ​​។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងខេត្តក្រចេះលោក ជា សុភ័ក្រ បានប្តឹងទៅស្ថាប័នបី រួមមាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ និង​ឧត្តម​ក្រុមប្រឹ​ក្សា​​​នៃអង្គចៅក្រម ឲ្យចាត់វិធានការច្បាប់លើចៅក្រមស៊ើបសួរលោក អេង ចំណាប់ ដោយថា​មាន​ភាព​មិន​ប្រក្រតី ជុំវិញការ​ដោះលែងឈ្មួញដឹកឈើខុសច្បាប់ នៅស្រុកឈ្នួល ខេត្តក្រចេះ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក អេង ចំណាប់ បានប្រាប់ VOD យ៉ាងខ្លី​នៅថ្ងៃ​ទី២៤​ខែតុលា នេះថា លោកមិនចាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយដែលដកសម្រង់សម្តី ព្រះរាជអាជ្ញារង លោក ជា សុភ័ក្រ ចោទប្រកាន់រូប​លោក​នោះទេ ដោយថាគាត់​ធ្វើតាមនីតិវិធីច្បាប់។

លោកនិយាយថា ​«ខ្ញុំដូចជាមិនមានអ្វីបកស្រាយ​ទេ ព្រោះអ្វីដែលគេចុះ ឲ្យគេចុះ​កាសែតស្រង់សម្តីលោក ជា សុភ័ក្រ]ចោះ គឺខ្ញុំធ្វើតែបទល្មើសខូចខាត​ស្តុបរថយន្ត[រថយន្ដសារ៉ែន របស់សមត្ថកិច្ច]គឺខ្ញុំធ្វើតាមនីតិវិធី»

នៅពេលសួរថា ហេតុអ្វីបានជាលោកចៅក្រម សម្រេចដោះលែងឈ្មួញ​ឈើដែល​សមត្ថកិ​ច្ចចាប់​បាន​នោះ? លោកសុំមិនបកស្រាយ ដោយថាជាប់រវល់នៅក្នុងសវនាការ។

មន្ត្រីសម្របសម្រួល​នៅ​សមាគមន៍អាដហុក កញ្ញា ហ៊ាន ជាវគុណ គំាទ្រនឹងចំណាត់​ការរបស់​ព្រះរាជ​អាជ្ញា​​ខេត្តក្រចេះ ដែលប្តឹងចៅគ្រមស៊ើបសួរលោក អេង ចំណាប់ ដោយកញ្ញាយល់ថា នេះជាគំរូល្អ សម្រាប់​ដាក់ទណ្ឌកម្មលើមន្ត្រីតុលាការដែលប្រព្រឹត្តខុសនីតីវិធីច្បាប់៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles