ពលរដ្ឋ​ចោទ​អាជ្ញាធរ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ​ចូល​កាប់​ព្រៃ​អភិរក្ស

គល់​ឈើ​ដែល​ទើប​តែ​កាប់​ថ្មីៗ​នៅ​ក្នុង​​តំបន់​ព្រៃ​អភិរក្ស​ព្រះ​រកា។ សហ​ការី




ភ្នំពេញប៉ុស្តិ៍

ព្រះ​វិហារៈ ពលរដ្ឋ​រស់នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ថា បាន​បើក​ដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា ដោយ​មិន​ត្រឹម​តែ​មិន​មាន​ចំណាត់​ការ​ទប់​ស្កាត់ ថែម​ទាំង​បាន​ឃុបឃិត​គ្នា​ប្រមូល​លុយ​ពី​ឈ្មួញ​ដែល​ចូល​ទៅ​កាប់​ឈើ​ទៅ​វិញ​។

អ្នក​ស្រី នួន ម៉ុន ទីប្រឹក្សា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា រស់នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែង​មានជ័យ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ចាប់​តាំង​ពី​តំបន់​ព្រៃ​ព្រះ​រកា ត្រូវ​បាន​រដ្ឋាភិបាល បាន​ចេញ​រាជក្រឹត្យ ឲ្យ​រក្សា​ព្រៃ​នេះ ជា​តំបន់​ព្រៃ​អភិរក្ស និង​កន្លែង​ជម្រក​សត្វ​ព្រៃ​មក មាន​ជន​ខិលខូច​បាន​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​តូច ទាំង​ធំ ស្ទើរ​ជា​រៀងរាល់​ថ្ងៃ ព្រមទាំង​ដឹក​ជញ្ជូន​តាម​រថយន្ត និង​គោយន្ដ​ផងដែរ​។

អ្នកស្រី​បន្តថា នៅ​ពេល​ដែល​ក្រុម​ឈ្មួញ​ចូល​កាត់​ឈើ​បង្ហាញ​មុខ​មាត់​ខ្លាំងពេក អាជ្ញាធរ​បាន​ចុះទៅ​ទីតាំង​នោះ ប៉ុន្ដែ​មិន​បាន​ឃាត់​ខ្លួន ឬ​ចាត់​វិធានការ​ទៅ​លើ​ជនល្មើស​នោះទេ​ដោយ​គ្រាន់​តែ​ចូល ទៅ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​រួច​ក៏​ចេញ​មក​វិញ ហើយ​ខ្លះ​គ្រាន់​តែ​យក​គោយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​មួយ​យប់ រួច​ក៏​ប្រគល់​ឲ្យ​ជន​ល្មើស​វិញ​។

អ្នក​ស្រី​បញ្ជាក់​ថា​៖«​អាជ្ញាធរ​រាល់ថ្ងៃ​ហ្នឹង មិន​ដឹង​ជា​ធ្វើ​ការ​របៀប​ណា​ទេ បើ​ឃើញតែ​គេ​ចូល​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ព្រះ​រកា​ហ្នឹង អាជ្ញាធរ​ពេល​ឃើញ​ឈ្មួញ​កាត់​ឈើ គគ្រឹក​គគ្រេង​ពេក ក៏​បាន​ចុះ​ទៅ​ចាប់​ឡាន​មួយ​យក​ទៅ​ទុក​នៅ​ប៉ុស្ដិ៍​មួយ​យប់​រួច​ប្រគល់​ឲ្យ​គេ​វិញ​»​។

អ្នក​ស្រី​សាំ ស៊ីង​ពលរដ្ឋ​រស់នៅ​ឃុំ​ប្រមេរុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​៖«​ខ្ញុំ​សុំ​និយាយ​ជារួម​ថា ឈ្មួញ​ដែល​ចូល​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​នោះ​គឺ​នៅ​ពេល​ដែល​គេ​ឃើញ​ប៉ូលិស​ឬ​អាជ្ញាធរ​ចូល​ទៅ​គេ​សប្បាយ​ចិត្ត​ទៅវិញ​ទេ ដោយ​គ្រាន់​តែ​ដាក់​លុយ​តិចតួច​ទៅ ជាការ​ស្រេច​។ ប៉ុន្ដែ​បើ​គេ​ឃើញ​ប្រជា​សហគមន៍​ចូល​ទៅ​គឺ​ក្រុម​ឈ្មួញ​ហ្នឹង​គេ​ខ្លាច​ដូច​ខ្លា​អ៊ីចឹង គឺ​គេ​រត់​អស់ហើយ​។ អ៊ីចឹង​មាន​ន័យ​ថា អាជ្ញាធរ​គេ​អត់​ខ្លាច​ទេ គឺ​គេ​ខ្លាច​តែ​ពលរដ្ឋ​សហគមន៍​យើង​ទេ​»។

លោក យឿន ឌីនិត្យ សមាជិក​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)​ដែល​បាន​ដឹកនាំ​យុវជន​ជាង ២០​នាក់​ចុះទៅ តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា​រយៈពេល​២​ថ្ងៃ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុម​របស់​លោក បាន​ចុះ​ដល់ទី​តាំង​ព្រៃ​ព្រះ​រកា​ផ្ទាល់ ដោយ​បានឃើញ​ទិដ្ឋភាព​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត​។ «​ពេល​ខ្ញុំ​ទៅដល់​តំបន់​នោះ ខ្ញុំ​បាន​សួរនាំ​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ ពួក​គាត់​បាន​ប្រាប់​ថា អាជ្ញាធរ​នៅ​តំបន់​នោះ អសកម្ម​ចំពោះ​សកម្មភាព​បំផ្លាញ​ព្រៃឈើ ដោយ​ពួក​គាត់​គ្រាន់តែ​ដើរ​ប្រមូល​លុយ​មួយ​ភ្លែត ក៏​ចេញ​មក​វិញ ប្រគល់​ឲ្យ​ឈ្មួញ​កាប់​បន្ត​ទៀត​ហើយ​សកម្ម​ភាព​កាប់​ឈើ​នេះ ភាគច្រើន​គេ​កាប់​នៅ​ពេល​យប់​»​។

លោក ឃុល អ៊ី នាយប៉ុស្ដិ៍​ប្រមេរុ បាន​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​ថ្លែងថា​ជាប់​រវល់​។

លោក​ពីង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​បាន​ដឹង​ព័ត៌មាន​នេះ​ច្បាស់​ទេ ប៉ុន្ដែ​លោក​អះអាង​ថា​មិន​មាន​ឈ្មួញ​មក​ពី​ខាង​ណា ទៅ​កាប់​ឈើ​នៅ​ទីនោះ​ទេ ដោយ​គ្រាន់​តែ​មាន​ប្រជា​ពលរដ្ឋ​ក្រីក្រ ចូល​កាប់​ឈើ​បន្ដិច​បន្តួច​យក​មក​សាង​សង់​ផ្ទះ​ប៉ុណ្ណោះ​។ «​ខ្ញុំ​ដូច​មិន​ច្បាស់​ដែរ ប៉ុន្ដែ​ដូច​មិនមាន​អ្នក​ពី​ក្រៅ​ណា​មក​កាប់​ទេ មាន​តែ​ពលរដ្ឋ​ក្នុង​ភូមិ​ហ្នឹង​គាត់​កាប់​តិចតួច​យកទៅ​ធ្វើជា​ផ្ទះ​ទេ​»​។

លោក​ប៉ិក សោភ័ណ ប្រធាន​សម្រប​សម្រួល​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ បាន​ឲ្យ​ដឹង​ថា ព្រៃ​ព្រះ​រកា ឃើញ​មាន​ឈ្មួញ​ចូល​កាប់​ជា​ហូរហែ​ប៉ុន្ដែ​មិន​មាន​វិធានការ​អ្វី​ពី​អាជ្ញាធរ​ទេ​។

លោក​បញ្ជាក់ថា​៖«​បើ​តាម​មើល​សកម្មភាព​អភិរក្ស​ព្រៃ​តំបន់​នោះ បើ​ពឹង​ទៅលើ​អាជ្ញាធរ​រក្សា​ព្រៃ​នោះ ព្រៃ​នោះ នឹង​រលាយ​នាពេល​ឆាប់​ខាង​មុខ​នេះ ប៉ុន្ដែ​សព្វថ្ងៃ បាន​ប្រជា​សហគមន៍​ការពារ ទើប​បាន​សល់​ព្រៃ​បន្ដិច​បន្តួច​នេះ​»​។

បណ្ដាញ​សហគមន៍​ការពារ​ព្រៃឈើ នៅ​ខេត្ត​ព្រះវិហារ បាន​អំពាវនាវ ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​ជំនាញ​ពាក់ព័ន្ធ​ជួយ​ចាត់​វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ព្រៃ​ព្រះ​រកា​យកទៅ​ជួញដូរ​ខុសច្បាប់​ដែល​កំពុង​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ​។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក អ៊ា សុខា មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​។

ព្រៃ​ព្រះ​រកា​មាន​ទំហំ​ដី​ជិត ១០ ម៉ឺន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល ចេញ​ព្រះរាជក្រឹត្យ ដាក់​ជា​តំបន់​អភិរក្ស​កាល​ពី​ឆ្នាំ ២០១៦ ក្នុង​ភូមិ​សាស្ត្រ​ប្រជុំ​ស្រុក​ចំនួន​ ៣ នៃ​ខេត្ត​ព្រះវិហារ គឺជា​តំបន់​ព្រៃស្រោង និង ជា​ដែន​ជម្រក​សត្វ​ព្រៃ​ដែល នៅ​សេសសល់​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles