រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង ម៉ៅ បូរ៉ា ដូរ​ម៉ូតូ​ជិះ Rolls-Royce កែច្នៃ

រថយន្ត​កែច្នៃ​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្សម្នា​តាមផ្លូវ​ឲ្យ​ជាវ​ម៉ាំល្ហុង​ម្នាក់ៗ​ពីរ​បីថង់។ ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ថ្មីៗ​នេះ បុរស​ជា​អ្នកលក់​ម៉ាំល្ហុង​ដែល​ធ្លាប់​បាន​ប្រើ​ម៉ូតូ​ជិះ​ឆ្វែល​ដឹក​ម៉ាំ​ទៅ​លក់​នៅ​តាម​ទីប្រជុំជន​នានា​នៅ​ពេញ​ទី​ក្រុង​ភ្នំពេញ អម​ដោយ​ឧបករណ៍​បំពង​សំឡេង និង​តុប​តែង​កាយ​ពាក់​អាវធំ​កាលីប​ដូច​តារា​ល្បី បាន​អភិវឌ្ឍ​ខ្លួន​មួយ​កម្រិត​ទៀត​ជា​រថយន្ត​ប្រើ​គំនិត​កែច្នៃ​ថ្មី​កាន់​តែ​ទាក់ទាញ​ខ្លាំង​ជាង​មុន នៅ​ក្នុង​មុខរបរ​ចាស់ ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០០៨ មក​នោះ។

ជាមួយ​មធ្យោបាយ​លក់​ម៉ាំល្ហុង​គឺ​ប្រើ​រថយន្ត​កែច្នៃ​ថ្មី​មាន​ឡូហ្គោ​ខាង​មុខ​ម៉ាក​រ៉ុលរ៉យ និង​តួ​រថយន្ត​លាប​ពណ៌​លឿង​ស្រស់ ដែល​នៅ​ខាងក្រោយ​មាន​កញ្ចក់​ថ្លា​សម្រាប់​ដាក់​ម៉ាំល្ហុង​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន​នោះ ឃើញ​ថា បងប្អូន​ខ្មែរ ដែល​ធ្លាប់​ជា​ម៉ូយ​ទិញ​ម៉ាំល្ហុង​លោក ម៉ៅ បូរ៉ា ក៏មាន​ការ​ភ្ញាក់ផ្អើល​ចាប់អារម្មណ៍​ជាខ្លាំង។

លោក ម៉ៅ បូរ៉ា ដែល​កាល​ពី​ដំបូង បណ្តើរ​កង់​កញ្ចាស់​តុបតែង​ដោយ​ផ្កាជ័រ​ពណ៌​ក្រហម ចង​ដោយ​ក្រមា​ដឹក​ម៉ាំល្ហុង និង​ស្ពៃជ្រក់ ពពាយ​នាយ​លក់​នៅ​តាម​ទីប្រជុំជន ពេញ​ទី​ក្រុង​ភ្នំពេញ​ក្រោយ​មក​ក៏ឡើង​កាលីប​ជិះ​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី និង​ជា​ចុងក្រោយ​នេះ បាន​ប្រើ​រថយន្ត​កែច្នៃ​ចំណាយ​ទុន​អស់​ជាង ៥០០០ ដុល្លារ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ដោយសារ​តែ​ចង់​បង្កើន​ប្រាក់​ចំណូល​ពីរ​បរ​លក់​ម៉ាំល្ហុង​នេះ ឲ្យ​បាន​ច្រើន​ជាង​មុន ទើប​គេង​រក​គំនិត​កែច្នៃ​ធ្វើ​យ៉ាងណា​អាច​ដាក់​ម៉ាំល្ហុង​បាន​ច្រើន ហើយ​ធ្វើ​ឲ្យ​បងប្អូន​អ្នកទិញ​ម៉ាំល្ហុង​ខ្ញុំ​ចាប់អារម្មណ៍​នោះ ក៏​ឃើញ​គំនិត​ទិញ​តួ​រថយន្ត​ចាស់ ឥត​ដំបូល​ដែល​គេ​ប្រើ​សម្រាប់​បើក​ដឹក​ភ្ញៀវ​តាម​សណ្ឋាគារ តម្លៃ​ជាង ២០០០ ដុល្លារ មក​កែច្នៃ​បន្ថែម​ដោយ​ទិញ​ដែក​មក​ផ្សារ​ខ្លួនឯង និង​យក​ទៅ​ឲ្យ​ជាង​បាញ់​សាច់​ស្មាច់​ជា​ខោអាវ​ព័ទ្ធ​ជុំវិញ​តួ​រថយន្ត​អស់​តម្លៃ​ជិត ២០០០ ដុល្លារ បូក​ផ្សំ​នឹង​ការ​ចំណាយ​ផ្សេងៗ​ទៀត​សរុប​អស់​ជាង ៥០០០ ដុល្លារ»។

លោក បូរ៉ា បាន​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា បើ​ខ្ញុំ​គ្មាន​គំនិត​ច្នៃ​ធ្វើ​អ្វី​ឲ្យ​ប្លែក​ដើម្បី​ទាក់ទាញ​គេ​ទេ របរ​លក់​ម៉ាំល្ហុង​របស់​ខ្ញុំ ក៏​នឹង​មិន​កើន​ឡើង​ជាង​មុន​ដែរ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹក​ឃើញ​សម្រេច​យក​ស្លាក​ខាងមុខ​នៃ​រថយន្ត​រ៉ុលរ៉យ​ដែល​ជា​ម៉ាក​ល្បី និង​ថ្លៃ​មក​កែច្នៃ​ជា​រថយន្ត​លក់​ម៉ាំ​ល្ហុង​ខ្ញុំ​តែម្តង»។

លោក​បន្តថា៖ «រថយន្ត​នេះ​ដំណើរ​លក់​ដឹក​ម៉ាំ​លក់​បាន​ជិត​មួយ​ខែ ហើយ​ក៏​ឃើញ​ថា​ទាក់ទាញ​អារម្មណ៍​បងប្អូន​អ្នកទិញ​ច្រើន​មែន គឺថា យ៉ាង​ហោច​ណាស់​ពេល​បងប្អូន​ដែល​ចោម​រោម​មើល​ឡាន​ខ្ញុំ ក៏បាន​ឆ្លៀត​ទិញ​ម៉ាំ​ពីរបី​កញ្ចប់​ដែរ»។

លោក ម៉ៅ បូរ៉ា បាន​លក់ម៉ាំ​នៅ​ក្រុង​ភ្នំពេញ​បាន​ជិត ១០ ឆ្នាំ ហើយ​ក៏ជា​របរ​តពី​ម្តាយ​មក​ជាង ២០ ឆ្នាំ​ដែរ។ ក្រៅ​ពី​ចំណូល​លក់ដូរ​មួយ​ខែ​បាន​ពី ៤០០ ទៅ ៥០០ ដុល្លារ អ្នកស្រុក​កោះ​អណ្តែត ខេត្ត​តាកែវ រូបនេះ ក៏មាន​វត្តមាន​លើ​វិថី​សិល្បៈ​ដូចជា​ការ​ថត​កុន ស្ប៉ត និង​ថត MV ខារ៉ាអូខេ​ឲ្យ​ហង្សមាស​ជាដើម៕

ពេល​រាត្រី រថយន្ត​រ៉ុលរ៉យ​លក់​ម៉ាំ​លេង​ភ្លើង​ភ្លឺ​ចិញ្ចាច។ ហ្វេសប៊ុក

What Next?

Recent Articles