រដ្ឋាភិបាល​យក​សំឡេង​សន្ទនាឯក​ជនដែល​បែក​ធ្លាយ​ប្តឹង លោក លឺ ឡាយ​ស្រេង

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧​
http://vodhotnews.com

នយោបាយ

អតីតឧបនាយករដ្ឋមន្រ្តី​កូតា​គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លី ឡាយ​ស្រេង


រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយ​ស្រេង ទៅ​តុលាការ​ដោយ​ថា​បានបរិហា​កេរ្តិ៍បក្ស​ប្រជា​ជន​ជា​សាធារណៈចំពោះ​ខ្លឹមសារ​ដែល​លោកបាន​សន្ទនា​ឯក​ជនតាម​ទូរសព្ទ ហើយ​បាន​បែក​ធ្លាយ​តាម​រយៈប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​នាពេល​ថ្មី​ៗ​នេះ។

​សំឡេង​សន្ទនា​តាម​ទូរសព្ទ​រវាង​លោក លឺ ឡាយស្រេង អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​មក​ពី​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាមួយ​អតីតតំណាងរាស្ត្រគណបក្សហ្វ៊ុនស៊ិនប៉ិច ​លោកស្រី គី លំអង ត្រូវ​បាន​ទម្លាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក «សីហា» ជា​បណ្ដាញ​សង្គម​មួយ​ ដែល​ធ្លាប់​បាន​ទម្លាយ​សំឡេង​សន្ទនា​ឯកជន​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​នា​ពេល​កន្លងម​ក។

សំឡេង​សន្ទនាតាម​ទូរស័ព្ទ​រវាង​លោក លឺ ឡាយស្រេង និង​​លោកស្រី គី លំអង ត្រូវ​បាន​ទម្លាយ បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​ថា តើ​ព្រះ​មហាក្សត្រ ព្រះ​ករុណា នរោត្ដម សីហមុនី នឹង​ឡាយ​ព្រះហស្ថលេខា​លើ​សំណើ​កែរ​ប្រែ​ច្បាប់​៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ឬ​យ៉ាង​ណា។

ថ្លែង​ជា​មួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយ​ស្រេង ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៤ តុលានេះ មេធាវីតំណាង​រដ្ឋាភិបាល​លោក គី តិច បានឲ្យ​ដឹងថាលោក​ទាម​ទារ​ឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោក លឺ ឡាយ​ស្រេង​តាម​ផ្លូវ​ច្បាប់ និង​ទារ​សំណង​ជាង​១២ម៉ឺន​ដុល្លារ។ លោក​បន្ថែម​ថា ការ​​និយាយ​​បរិហារ​រិះគន់​តាម​ទូ​រសព្ទ​ជា​លក្ខខណៈឯកជន​ក៏​ដោយ ​ប្រសិន​ជាសំឡេង​នោះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈសំឡេង​គឺ​ស្មើ​នឹងការ​និយាយ​បរិហារ​ជា​សារធាណៈ។

លោក​ថា​៖ «សំខាន់យើងផ្តោតលើសំឡេងរបស់គាត់ គាត់និយាយចឹងមែន ទោះបីផ្សាយតាមផេកណាក៏ដោយ ប៉ុន្តែ​​សំឡេងដែលយើងស្តាប់គឺសំឡេងរបស់លោកលឺ ឡាយស្រេងសន្ទនាជាមួយលោកជំទាវ គី លំអង។ប្អូនជាអ្នកសារព័ត៌មានក៏ដោយប្រសិនជាប្អូននិយាយតាមណាក៏ដោយតាមទូរស័ព្ទតាមណាក៏ដោយបើសិនជាប្អូននិយាយទៅវាប៉ះពាល់ទៅលើបុគ្គលណាមួយដែលគេមិនបានធ្វើ ប្អូនបានចោទគេធ្វើអាហ្នឹងប្អូនមានកំហុសហើយ» ​​

អ្នក​នាំពាក្យ​សាលារ​ដំបូង​រាជធានីភ្នំពេញលោក លី សុផាណា ​បាន​ឲ្យ​ដឹង​តាម​រយៈសាអេឡិច​ត្រូនិច​តេលេ​ក្រាម​ថាសំណុំ​រឿង​នេះអយ្យការបានទទួលពាក្យបណ្តឹងរួច​ហើយ​និង​កំពុង​បន្ត​ចំណាត់​ការ​តាម​នីតិ​វិធី។

ទាក់​ទង​នឹង​ករណី​នេះ​ផង​ដែរ​លោកមេធាវី​សុក សំអឿន​ យល់​ថា ការ​ចោទ​ប្រកាន់​ដោយ​សំអាង​ទៅ​ការ​បែក​ធ្លាយ​សំឡេង​នោះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេប្រសិន​ជា​ផ្សព្វផ្សាយ​នោះ​គ្មា​ន​ការ​អនុញ្ញាត្តិ​ពីម្ចាស់​សាម៉ី​។

លោក​ថា៖ «វាទាល់តែរដ្ឋាភិបាលមានភស្ភុតាងណាដែលបង្ហាញថាគាត់អនុញ្ញាតឲ្យគេផ្សព្វផ្សាយ។អញ្ចឹងមនុស្សនិយាយគ្រប់គ្នាគេចង់ដាក់គុកនណារគេថតសំឡេងចោតគេជាប់គុកពេញទឹកពេញដីអស់ហើយស្រេចចិត្តគេ។ ដូច្នេះទាល់តែអ្នកហ្នឹងឲ្យគេផ្សព្វផ្សាយ»

ដោយ​យោង​តា​ម​កម្មវត្ថុដូច​គ្នា​​នៃ​ការ​ប្តឹង​​លោក លឺ ឡាយ​ស្រេង ពី​សំណាក់​រដ្ឋាភិបាល​នេះគណបក្ស​ហ៊្វុន​ស៊ិន​ប៉ិចក៏​កំពុង​ពិចារណា​ប្តឹង​លោក​ផង​ដែរដោយ​ថា​លោ​ក​ លឺ ឡាយ​ស្រេង​ប្រមាថដល់​ព្រះ​មហា​ក្សត្រ។

បន្ថែ​ម​ពី​លើ​ប្តឹង​លោក​ លឺ ឡាយ​ស្រេង​ នេះ ក្រសួង​យុត្តិ​ធម៌​នៅ​ថ្ងៃ​នេះក៏​បាន​ធ្វើសំណើទៅ​កាន់​តុលាការ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ដោយ​ស្នើ​ដល់​តុលាការ​ចាត់​វិធាន​ការផ្លូវ​ច្បាប់ជា​បន្ទាន់ និង​តឹង​រឹងបំផុត​ផង​ដែរ។

អ្នកជំនាញផ្នែកព័ត៌មានវិទ្យាលោក ង៉ែត ម៉ូសេ យល់ថាភស្ភុតាងណាដែលត្រូវបានគេយកដោយរូបភាពមិនស្របច្បាប់នោះគឺមិនអាចត្រូវបានគេយកជាភស្ភុតាងបាននោះទេ។ លោកបន្ថែមថា ការសន្ទនាតាមទូរស័ព្ទគឺជាភាពឯកជនរបស់បុគ្គលម្នាក់ៗ ហើយការចូលទៅយកសំឡេងសន្ទនាឯកជននេះគឺជាការបំពានទៅលើភាពឯកជនរបស់មនុស្ស ហើយរដ្ឋាភិបាលគួរមានវិធានការលើការជ្រៀតចូលក្នុងភាពឯកជននេះ។

សំណើ​វិសោធនកម្ម​ច្បាប់៤នោះ ​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​អនុម័ត​នៅ​ដើម​សប្ដាហ៍​មុន ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មុន​នឹង​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា ដើម្បី​ចូល​ជា​ធរមាន។

សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង៤​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ចាត់​ទុក​ជា​ការ​ប៉ុន​ប៉ង ​ដើម្បី​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​នេះ ទៅ​ឲ្យ​គណបក្ស​តូចៗ ក្នុង​នោះ​មាន​ទាំង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ផង​ដែរ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles