អង្គការជាតិនិងអន្តរជាតិជាង៣០០ ស្ថិតក្រោមការឃ្លាំមើលថាពាក់ព័ន្ធបដិវដ្តពណ៌

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 5:40 PM
http://vodhotnews.com

នយោបាយ | សន្ដិសុខ


ឯកសាររបស់អគ្គស្នងការនគរបាលជាតិ​ចែកទៅអាជ្ញាធរពាក់ព័ន្ធហើយលេចធ្លាយដល់អ្នកព័ត៌មាន​ បានបញ្ជាក់ពីឈ្មោះស្ថាប័នអង្គការជាតិនិងអន្តរជាតិជាង៣០០ស្ថាប័នថា កំពុងតែធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល​ ដែលរុញឲ្យមានចលនាបដិវដ្តពណ៌កើតឡើងក្នុងបំណងផ្តួលរដ្ឋាភិបាល។​

ឯកសារដែលសារព័ត៌មានភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មានអង្គការអន្តរជាតិ​ចំនួន៤៩ ​ដែលរដ្ឋាភិបាលកំពុងកត់សម្គាល់រួមមានទាំង USAID អង្គការ DCA/CA IRI, Peace Corps, ACILS, និង​CANVAS ជាដើម​។ របាយការណ៍នោះឲ្យដឹងទៀតថា អង្គការក្នុងស្រុកមាន​២៥០ស្ថាប័ន និងសហព័ន្ធសហជីពចំនួន​១១ ដែលស្ថិតក្នុងមុខសញ្ញាដែរ​។

របាយការណ៍អគ្គស្នងការនគរបាលជាតិ​ដែលភ្នំពេញប៉ុស្តិ៍ចុះផ្សាយនោះក៏បានចោទប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ថា កំពុងរិះគន់រដ្ឋាភិបាល​រួមមាន ​VOD, VOA , RFA,​ វិទ្យុ​សារិកា វិទ្យុ​សំបុក​ឃ្មុំ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​បណ្តាញ​ទំនាក់​ទំនង​សង្គម​​។​

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ថាប័នទាំងនេះគ្រាន់តែស្ថិតនៅក្នុងឃ្លាំមើលប៉ុណ្ណោះហើយថា បើមានការចេញសកម្មភាពនោះនឹងមានការចាត់វិធានការផ្លូវច្បាប់។​

បច្ចុប្បន្ន​សហគមន៍អន្តរជាតិ​កំពុងតែសម្តែងការព្រួយបារម្ភ និងខ្លះ​បាន​ថ្កោលទោសរដ្ឋាភិបាលកម្ពុជាថា កំពុងតែប្រើប្រាស់ផ្លូវច្បាប់​បង្ក្រាបលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលផ្សាយការពិតរិះគន់ភាពខ្វះចន្លោះរបស់រដ្ឋាភិបាល៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles