ដោយ លោក ញឹម សុខន | ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៧ | ម៉ោង 5:22 PM
http://vodhotnews.com

សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ
ព្រះមហាក្សត្រ សម្រេចលើកលែងទោស អតីតសមាជិកព្រឹទ្ធសភា មកពីបក្សប្រឆាំង លោក ហុង សុខហួរ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី ក្រោយពីជាប់ឃុំជាង២ឆ្នាំ។
លោក ហុង សុខហួរ ដែលសកម្មរិះគន់បញ្ហាព្រំដែន ត្រូវសមត្ថកិច្ចចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០១៥ ក្រោយពីលោកបានរិះគន់រដ្ឋាភិបាលថា ទាក់ទិននឹងការបោះបង្គោលព្រំដែន ដែលថាធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម។
ការរិះគន់បញ្ហាព្រំដែន របស់លោក ហុង សុខហួរ ពេលនោះបាន ផ្តល់បទសម្ភាសជាមួយ អ្នកសារព័ត៌មាន និងបង្ហោះឯកសារសន្ធិសញ្ញាព្រំដែនមួយចំនួនទៀត លើហ្វេសប៊ុករបស់លោក សម រង្ស៊ី។
តុលាការ បានផ្តន្ទាទោស អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី រូបនេះ ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ចោទពីបទក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធាណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ព្រះរាជក្រឹត្យចុះថ្ងៃទី២៥ខែតុលានេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ បានឡាយព្រះហស្តលើកលែងទោស លោក ហុង សុខហួរ តបតាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី៨ ខែកញ្ញា ២០១៧ លោក ហុង សុខហួរ បានសរសេរលិខិត សុំទោសលោកនាយករដ្ឋមន្ត្រី និងបានសារភាពទទួលកំហុស របស់ខ្លួននូវអ្វីដែលគាត់បានធ្វើកន្លងទៅ។
តាមលិខិតសូមទោសរបស់ លោក ហុង សុខហួរ ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកទ្បើងដែរថា ការសូមទោសនេះ ដើម្បីឲ្យលោកបានទៅព្យាបាលនៅក្រៅប្រទេស និងជួបក្រុមគ្រួសារផងដែរ៕