ដោយ អេង គីមហុង
25/10/2017
RFI

rfi
រូបថតៈ ប្រាក់យន់ចិនដាក់ទន្ទឹមនឹងប្រាក់ដុល្លារអាមេរិក (@FB)
អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានមើលឃើញស្រដៀងគ្នាថា គ្មានអ្វីចោទបញ្ហាឡើយនៅក្នុងការទូទាត់ពាណិជ្ជកម្មរវាងកម្ពុជានិងចិន ដោយគិតជាប្រាក់យន់របស់ចិននោះ។ ការលើកឡើងនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីធនាគារជាតិកម្ពុជា នៅថ្ងៃទី២៤ខែតុលាម្សិលមិញបានអះអាងថា ការប្រើប្រាស់ប្រាក់យន់ចិនក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនផ្ដើមកើនឡើងគួរឲ្យកត់សម្គាល់។
«ការកើនឡើងនៃការប្រើប្រាស់ប្រាក់យន់ចិន ក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិននេះ ប្រហែលគ្រាន់តែជាការកើនឡើងខ្លាំងនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានការកើនឡើងខ្លាំងប៉ុន្មានទេ» នេះគឺការលើកឡើងរបស់លោក ង៉ែត ជូរ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC)។
លោក ង៉ែត ជូរ បន្ថែមថា ទោះបីជាកម្ពុជាមានការវិនិយោគច្រើនពីក្រុមហ៊ុនចិនក៏ពិតមែន តែការកើនឡើងនៃការទូទាត់ប្រាក់យន់នេះ មានត្រឹមរយៈពេលខ្លីប៉ុណ្ណោះដោយសារតែការធ្វើពាណិជ្ជកម្មនៅកម្ពុជា នៅតែពឹងផ្អែកលើការនាំចេញទៅអាមេរិក ឬក៏អឺរ៉ុបជាដើម ដែលការនាំចេញនេះត្រូវបានទូទាត់ជាប្រាក់ដុល្លារ។ តែយ៉ាងណាក៏ដោយសម្រាប់អ្នកសេដ្ឋកិច្ចរូបនេះមើលឃើញថា ការប្រើប្រាស់ប្រាក់យន់ចិន ក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិននេះ មិនមែនជារឿងអាក្រក់ទេនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ព្រោះកម្ពុជាមានអ្នកវិនិយោគចិនច្រើន។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក តេង ដឺលុចថា ការប្រើប្រាស់ប្រាក់យន់ចិន ក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីចំណេញនៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជារក្សាតម្លៃនៅក្នុងការប្រកួតប្រជែងរវាងចិន និងកម្ពុជា។ សម្រាប់ លោក តេង ដឺលុច មើលឃើញថា នេះគឺជាផ្នែកមួយនៃគោលយោបាយចិន ដែលចង់ពង្រីកខ្លួននៅលើទីផ្សារក្នុងពិភពលោក តាមរយៈការកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើដុល្លារអាមេរិក។
តែយ៉ាងណាក៏ដោយ សម្រាប់សេដ្ឋកិច្ចវិទូកម្ពុជាខាងលើ ចលនានៃការប្រើប្រាស់ប្រាក់យន់ទាំងស្រុងនៅក្នុងសេដ្ឋកិច្ចកម្ពុជា គឺជារឿងមួយមិនអាចទៅរួចទេ ។ បើទោះណាជាទៅរួចក៏ត្រូវប្រើពេលវេលាដ៏យូរទៀតដែរ។ ហ៊ានថា ដូច្នេះក៏ដោយសារតែប្រើប្រាស់ប្រាក់យន់នៅមិនទាន់មានភាពទូលំទូលាយដូចប្រាក់ដុល្លារអាមេរិក ដែលប្រាក់ដុល្លារអាមេរិកត្រូវបានចាយវាយពេញពិភពលោក។
ទោះយ៉ាងណា នៅក្នុងសន្និសីទស្ដីពីខ្សែរក្រវ៉ាត់មួយ ផ្លូវមួយនៅក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់យន់ចិន និងប្រាក់រៀលក្នុងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី កាលពីថ្ងៃទី២៤ខែតុលា លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានថ្លែងថា ការប្រើប្រាស់ប្រាក់យន់ចិន ក្នុងការទូទាត់ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិននេះបានកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ការប្រើប្រាស់ប្រាក់យន់ចិន នៅក្នុងការដោះដូរទំនិញនិងសេវាមានចំនួន២,៥ពាន់លានយន់ និងប្រមាណ៣៧៧លានដុល្លារអាមេរិក៕