កម្មករ​ជិត​២០​នាក់​របួស​ដោយ​ការ​ផ្ទុះ​ឡ​ចំណាយ​ក្នុង​រោងចក្រ​ម្ដុំ​ចោមចៅ

ដោយ អាស៊ីសេរី
2017-10-30

និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA
និមិត្ត​សញ្ញា​អាស៊ីសេរី។ Photo: RFA


កម្មករ​ជិត​២០​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ឡ​ចំហាយ​នៅ​រោងចក្រ​ផលិត​អំបោះ​ឈ្មោះ គ័ង​ស៊ីង ក្នុង​សង្កាត់​ចោមចៅ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ តុលា។

សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បាន​រាយការណ៍​ថា ហេតុការណ៍​ដែល​កើតឡើង​កាល​ពី​ម៉ោង​៩​ព្រឹក នៅ​ក្នុង​រោងចក្រ ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នោះ បាន​ធ្វើ​អោយ​កម្មករ​របួស​ចំនួន​១៩​នាក់ ក្នុង​មាន​៤នាក់​របួស​ធ្ងន់។

ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ក៏​បាន​ដកស្រង់ ការ​អះអាង​របស់​សមត្ថកិច្ច​ដែល​ថា ឡ​ចំហាយ​នៅ​ក្នុង​រោងចក្រ​គ័ងស៊ីង បាន​ផ្ទុះ​ដោយ​កម្លាំង​ខ្លាំង បាន​ខ្ទាត​ទៅ​ដល់​រោងចក្រ និង​អាគារ​ក្រុមហ៊ុន​​នៅ​ក្បែរ​នោះ ហើយ​បាន​ធ្វើ​អោយ​កម្មករ​នៅ​ទី​នោះ​របួស​ដែរ គឺ​រោងចក្រ ហ្វុងស៊ីន និង​ក្រុមហ៊ុន តាំង ផេងប៉ោ។ ក្នុង​ចំណោម​អ្នក​ទាំង​១៩​នាក់​ដែល​របួស​នោះ គឺ​មាន​ទាំង​​អ្នក​ធ្វើ​ការ​នៅ​រោង​ចក្រ​គ័ងស៊ីង រោងចក្រ​ហ្វុងស៊ីន និង​ក្រុមហ៊ុន តាំង ផេងប៉ោ។

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ គឺ​ពុំ​ទាន់​មាន​ការ​អះអាង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ការផ្ទះ​ឡ​ចំហាយ​នោះ​ទេ បើ​ទោះ​បី​ជា​មន្ត្រី​តាម​បណ្ដា​មន្ទីរ​ជំនាញ​មួយ​ចំនួន​បាន​ទៅ​ដល់​ទីតាំង​រោង​ចក្រ​នេះ​តាំង​ពី​ព្រឹក​ហើយ​ក្ដី។ ក្នុង​នោះ​រួម​មាន​មន្ត្រី​នៃ​មន្ទីរ​ការងារ មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ជា​ដើម។

ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ករណី​ផ្ទុះ​ឡ​ចំហាយ​នៅ​តាម​រោងចក្រ​ជាច្រើន​ករណី បាន​កើត​ឡើង​ក្នុង​នោះ​ក៏​មាន​ករណី​ខ្លះ​ដែល​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ផង។ ក្រុម​សហជីព​កម្មករ​នៅ​តែ​មាន​ចម្ងល់​ចំពោះ​ការ​កើត​ឡើង​នូវ​ហេតុ​ការណ៍​ទាំង​នោះ ដ្បិត​តែ​ពុំ​មាន​ការ​បំភ្លឺ​ជា​ផ្លូវ​ការ​ពី​មន្ត្រី​ជំនាញ​ពី​មូលហេតុ​ណាមួយ​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ខែ​មេសា បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​កាត់​ដេរ​សំលៀក​បំពាក់ និង​ដេរ​ស្បែក​ជើង​ទាំងអស់ ឲ្យ​អនុវត្ត​វិធានការ ៩​ចំណុច ដើម្បី​ប្រតិបត្តិការ​ឡ​ចំហាយ​ឲ្យ​មាន​សុវត្ថិភាព និង​បង្ការ​ហានិភ័យ​នៃ​ការ​ផ្ទុះ​ជា​យថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles