រដ្ឋ​សភា​ប្រគល់​អាសនៈ​របស់​បក្ស​ប្រឆាំង​ចំនួន​១១​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច

ដោយ មួង ណារ៉េត
2017-12-08
RFA

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA
សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​គាំអនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​វិសាមញ្ញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA


គណបក្ស​ប្រជាជន​កម្ពុជា បាន​អាសនៈ​ក្នុង​រដ្ឋសភា ១១​បន្ថែម​ទៀត ដោយសារ​តែ​លោក ហ៊ុន សែន ធ្វើ​ច្បាប់​បន្ថែម​ដើម្បី​យក​អាសនៈ​បក្ស​ប្រឆាំង​ក្រោយ​ត្រូវ​បាន​រម្លាយ។ អាសនៈ​បន្ថែម​នេះ គឺ​បាន​មក​ពី​ការ​ដក​ហូត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រម្លាយ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ នេះ បាន​ប្រគល់​អាសនៈ​ទាំង ១១​នេះ ទៅ​គណបក្ស​កាន់​អំណាច​ក្រោយ​ពី​អាសនៈ​ចំនួន ៤៤​ទៀត​របស់​បក្ស​ប្រឆាំង ត្រូវ​ចែក​ទៅ​ឲ្យ​គណបក្ស​បី​ផ្សេង​ទៀត​ដែល​មិន​ជាប់​ឆ្នោត​សូម្បី​តែ​មួយ​កៅអី​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣។

​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​ក្នុង​ចំណោម​អាសនៈ​ទាំង ១១ ដែល​ចែក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប មួយ​រូប​គឺ​លោក វ៉ាន សំអឿន ដែល​បាន​ចុះ​ចូល​គណបក្ស​កាន់​អំណាច កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ និង​មួយរូប​ទៀត​គឺ​លោក ឡុង ប៊ុន្នី ដែល​បាន​ទៅ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ជាង​ពីរ​សប្តាហ៍​មុន​ការ​រម្លាយ​បក្ស​ប្រឆាំង។

​រដ្ឋ​សភា​ក៏​បាន​ប្រកាស​សុពលភាព​សមាជិក​ថ្មី​បី​រូប ជំនួស​សមាជិក គ.ប.ជ ពី​ខាង​គណបក្ស​ប្រឆាំង​ដែល​បាន​ប្រកាស​លា​ឈប់​ក្រោយ​រម្លាយ​បក្ស​ប្រឆាំង។ សមាជិក​ថ្មី​ទាំង​បី​រូប​នេះ រួម​មាន​លោក នុត សុខុម មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​តំណែង​អនុ​ប្រធាន គ.ជ.ប និង​តំណែង​សមាជិក​សម្រាប់​លោក ហ៊ែល សារ៉ាត់ មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា ជា​សមាជិក និង​លោក ឌឹម សុវណ្ណារុំ មក​ពី​សាលាក្តី​ខ្មែរក្រហម​ដែល​គេ​ដឹង​ថា​ជា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles