Fri, 8 December 2017
ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ អង្គការលើកលែងទោសអន្តរជាតិកាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយដោយបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងជំរុញឲ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែង និងការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដោយបានចាត់ទុកការចាប់ឃុំខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ដែលត្រូវបានចោទប្រកាន់ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិថាជាអ្នកទោសមនសិការហើយថាការចាប់ខ្លួនពួកគេបានធ្វើឡើងនៅក្នុងបរិបទនៃការវាយប្រហារលើសារព័ត៌មានឯករាជ្យ រឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទាំងក្រៅ និងក្នុងប្រព័ន្ធអ៊ីនធឺណិត នៅខណៈដែលអាជ្ញាធរកម្ពុជាមានបំណងក្នុងការបំបិទសំឡេងរិះគន់ ក្នុងអំឡុងពេលប៉ុន្មានខែនៅមុនពេលការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨។
អង្គការអន្តរជាតិនេះបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា «ធ្វើការដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ដែលជាអ្នកទោសមនសិការ…សូមឲ្យអាជ្ញាធរទម្លាក់បទចោទប្រឆាំងនឹងពួកគេ…»។
សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះធ្វើឡើងក្រោយពីចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៤ ខែធ្នូ បានបដិសេធសំណើសុំឲ្យដោះលែងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២ រូបឲ្យនៅក្រៅឃុំដោយតុលាការសំអាងថាព្រួយបារម្ភអំពីការរត់គេចខ្លួន និងការបំផ្លាញភ័ស្តុតាងផ្សេងៗដែលចាំបាច់សម្រាប់ធ្វើការស៊ើបអង្កេតរបស់ជនជាប់ចោទ។ មេធាវីអ្នកទាំង ២ គ្រោងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។
កន្លងទៅអ្នកសារព័ត៌មាននៅតាមស្ថាប័នផ្សេងៗគ្នាប្រមាណ ៨០ នាក់នៅក្នុងប្រទេសកម្ពុជាបានចេញលិខិតចំហមួយអំពាវនាវឲ្យសាលាដំបូងរាជធានីភ្នំពេញពិចារណាក្នុងការទម្លាក់បទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង ២ រូបនេះដោយសំអាងថាការចោទប្រកាន់ទាក់ទងនឹងការផ្តល់ព័ត៌មានដែលនាំឲ្យអន្តរាយដល់ការការពារជាតិជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរ និងបានកំពុងធ្វើឲ្យមាន «ភាពភ័យខ្លាច» ដល់អ្នកសារព័ត៌មានផ្សេងទៀតដែលកំពុងប្រកបរបរវិជ្ជាជីវៈមួយនេះ។
លោក ឈិន និងលោក សុជាមេត្តា ត្រូវបានចាប់ខ្លួនកាលពីដើមខែវិច្ឆិកា ដោយពីដំបូងប៉ូលិសបានប្រាប់ថាអ្នកទាំង ២ ត្រូវបានឃុំខ្លួនពីបទបើកបន្ទប់ស្ទូឌីយោដោយគ្មានអាជ្ញាប័ណ្ណ។ ប៉ុន្តែក្រោយមកក្រសួងមហាផ្ទៃបានស៊ើបអង្កេតហើយអះអាងថាពួកគេបានបង្កើតស្ទូឌីយោសម្រាប់វិទ្យុអាស៊ីសេរី ប៉ុន្តែអ្នកទាំង ២ បានបដិសេធ។ វិទ្យុអាស៊ីសេរីដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកត្រូវបានបិទប្រតិបត្តិការនៅកម្ពុជាកាលពីខែកញ្ញា៕
Contact author: ម៉ិច ដារ៉ា
