ដោយ មាន ឫទ្ធិ
2017-12-10
RFA

មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧។ RFA/Pry Neru
![]()
អង្គការសង្គមស៊ីវិល រៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបទី៦៩ រៀងៗខ្លួននៅតាម បណ្ដាខេត្តផ្សេងៗ ខណៈដែលរដ្ឋាភិបាល ប្រារព្ធទិវានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។ អង្គការសមាគម សហគមន៍ដីធ្លី កសិករ យុវជន និងកម្មករកម្មការិនី រាប់រាយនាក់ ទាមទារឲ្យរដ្ឋាភិបាលមានការគោរពសិទ្ធិមនុស្ស លើកស្ទួយសេរីភាពបញ្ចេញមតិ និងការជួបជុំ ព្រមទាំងដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកកាសែតជាដើម។ រីឯរដ្ឋាភិបាលថា សិទ្ធិមនុស្ស និងវឌ្ឍនភាពមានពេញបរិបូរណ៍ ក្រោយផ្ដួលរំលំរបបប៉ុលពត។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ របស់ក្រុមអង្គការសង្គមស៊ីវិល គឺធ្វើឡើងក្រោមរូបភាព ភ័យខ្លាចបំផុត ពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល ដោយពួកគេ ពុំហ៊ានប្រារព្ធទិវានេះ ទ្រង់ទ្រាយធំ ដូចរាល់ឆ្នាំនៅក្នុងទីក្រុងភ្នំពេញនោះទេ ពោលគឺពួកគេ ប្រារព្ធទិវានេះទ្រង់ទ្រាយតូចនៅ តាមបណ្ដាខេត្តផ្សេងៗតែរៀងៗខ្លួន។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា សមាគមរបស់លោក បានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នៅខេត្តព្រះវិហារ ដោយមានប្រជាពលរដ្ឋចូលរួម ប្រមាណ ជិត ១ពាននាក់ ក្រោមការឃ្លាំមើល របស់អាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតមិនអោយហែក្បួនតាមដងផ្លូវ។
លោក សឹង សែនករុណា បន្តថា ក្នុងទិវានេះ អ្នកចូលរួមបានស្រែកផ្ញើសារទៅរដ្ឋាភិបាលឲ្យជួយដោះស្រាយនូវក្តីកង្វល់របស់ពួកគាត់ រួមមាន ការរឹតត្បិតសេរីភាពបញ្ចេញមតិ ជួបប្រជុំ រំលោភដីធ្លីដោយក្រុមហ៊ុន និងការកាប់បំផ្លាញព្រៃឈើ។ លើសពីនេះ ពួកគេក៏ទាមទារឲ្យដោះលែងអតីត អ្នកសារព័ត៌មាន អាស៊ីសេរី សកម្មជនមាតាធម្មជាតិ សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស ទម្លាក់ ចោលការចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្សជាដើម។ «»
លោកសម្ដែងការសោកស្ដាយដែលពុំមានធ្វើទិវានេះរួមគ្នា ឲ្យបានទូលំទូលាយក្នុងទីក្រុងភ្នំពេញ ដោយសារស្ថានភាពបច្ចុប្បន្ននេះ មិនអំណោយផលដល់ការជួបប្រជុំ និងពិបាកទទួលបានការអនុញ្ញាតពីអាជ្ញាធរ។ ជាពិសេសនៅមុនថ្ងៃទិវាសិទ្ធិមនុស្សមកដល់ គឺរដ្ឋាភិបាលបានរឹតត្បិតសេរីជួបប្រជុំរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលយ៉ាងខ្លាំង។
រីឯប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សក្នុងភោជនីយដ្ឋានមួយក្នុងក្រុងភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២រយនាក់ ក្រោមប្រធានបទសិទ្ធិទទួលបាន ប្រាក់ខែសមរម្យ និងកិច្ចគាំពារសង្គមសមរម្យ។ លោកបានស្នើចំនួន ១៨ចំណុចទៅរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីជួយដោះស្រាយរួមមាន៖ ការស្នើដំឡើងប្រាក់ឈ្នួលសមរម្យ ស្នើរៀបចំប្រព័ន្ធសន្តិសុខសង្គមជូនកម្មករឲ្យបានភាគច្រើន និងស្នើបញ្ឈប់ការរឹតត្បិតសហជីព និងប្តឹងផ្ដល់សហជីព ព្រមទាំងស្នើឲ្យរដ្ឋាភិបាលពិនិត្យមើលរោងចក្រ ដែលបិទទ្វារមិនបើកលុយជូនកម្មករ ព្រមទាំងធ្វើកិច្ចសន្យាខ្លីៗជាដើម។ «»
លោកបានចាត់ទុកថា ស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំ ២០១៧នេះ អាក្រក់ខ្លាំងបំផុតដោយសារការជួប ប្រជុំម្តងៗត្រូវបានរារាំងគ្រប់ពេល និងចោទប្រកាន់ផ្ដេសផ្ដាសតាមអំពើចិត្តពីអាជ្ញាធររដ្ឋាភិបាល។
ក្នុងទិវាសិទ្ធិមនុស្សនេះ យុវជនក៏បានជួបប្រជុំគ្នាដែរ ដោយពួកគេបានទាមទារថា យុវជនត្រូវការ សេរីភាពបញ្ចេញមតិ និងការជួបជុំ។
ដោយឡែករដ្ឋាភិបាល បានប្រារព្ធទិវាអន្តរជាតិសិទ្ធិមនុស្សនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមប្រធានបទ «សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានចូលរួមកម្មវិធីនោះទេ ប៉ុន្តែលោកបានរំលេចនូវសារខ្លីមួយ នៅលើហ្វេសប៊ុក (Facebook) ថា រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ខែមេសា ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ១៩៧៩ នៃរបបវាលពិឃាដ គឺពលរដ្ឋខ្មែរ គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលទានអាហារគ្រប់គ្រាន់។ លោកបន្តសំណេរថា នៅថ្ងៃទី៧ ខែមករា ១៩៧៩ គឺលោកបាននាំមកវិញនូវសិទ្ធិសេរីភាព និងវឌ្ឍនភាពសម្រាប់ពលរដ្ឋកម្ពុជារហូត មកដល់សព្វថ្ងៃ។
អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា ថា លោកមិនបដិសេធនូវអ្វីដែលរដ្ឋាភិបាលលើកឡើងនោះទេ ប៉ុន្តែសន្តិភាពកម្ពុជាមិនមែនកើតឡើងដោយក្រុមណាមួយទេ គឺកើតឡើងដោយ សារមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយការលើកឡើងថា ពលរដ្ឋខ្មែរទទួលបានសិទ្ធិគ្រប់គ្រាន់ នោះគឺមិនបានឆ្លុះបញ្ចាំពីការពិតឡើយ។ «»
ក្នុងរយៈកាល ៥ឆ្នាំកន្លងមកនេះ ការរំលោភសិទ្ធិមនុស្សលើសកម្មជនដីធ្លី ទៅលើកម្មករ យុវជន អ្នកកាសែត ពិសេសអ្នកការពារសិទ្ធិមនុស្សមានការគំរាមកំហែងខ្លាំង រហូតទៅមានការបាញ់សម្លាប់ ចាប់ដាក់ពន្ធនាគារ និងជាប់បណ្ដឹងជាច្រើននៅតុលាការ ដោយសារការតវ៉ា និងការសម្ដែងមតិ។
អង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប សុទ្ធតែមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការ។ សហគមន៍អន្តរជាតិ ស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់ការពិត ហើយដោះស្រាយជាបន្ទាន់ បើពុំនោះទេ គេនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត ក្រោយសហរដ្ឋអាមេរិក បិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ មិនអោយចូលទឹកដីអាមេរិក៕