
គបម ជួបប្រជុំនៅទីស្នាក់ការកណ្តាលគណបក្ស នាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។ រូប គបម
Mon, 11 December 2017
បែន សុខហ៊ាន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម GDP) អះអាងថាខ្លួននឹងដាក់តំណាងឈរឈ្មោះទូទាំងប្រទេស ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ ក្រោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងត្រូវបានរំលាយ។ នេះបើយោងតាមបណ្តាញសង្គមTweeter របស់លោកយ៉ង សាំងកុមារ កាលពីម្សិលមិញ។
ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ នៅពេលដែលលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងជាសហស្ថាបនិកនៃគណបក្ស GDP បានជួបប្រជុំជាមួយគណៈកម្មាធិការនាយកនៃគណបក្ស ដើម្បីផ្តោតលើការអនុម័តគោលនយោបាយសម្រាប់ការប្រកួតប្រជែងនៅឆ្នាំ២០១៨នេះ។
គោលនយោបាយមួយនេះនឹងផ្តោតលើការដោះស្រាយបញ្ហាសង្គម រួមមានកំណែទម្រង់វិស័យសុខាភិបាល សិក្សាធិការនិងយុវជន សេដ្ឋកិច្ចនិងកសិកម្ម សង្គមកិច្ច សន្តិសុខនិងសេវាសាធារណៈ។
ទោះយ៉ាងណា លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះពីគណបក្សសម រង្ស៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រឹកនេះ លោកនៅមិនទាន់ជឿជាក់ថា គណបក្ស GDP មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងធ្វើជាគណបក្សប្រឆាំងធំទី២ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះឡើយ។
ដោយឡែក គណបក្សភ្លើងទៀន បញ្ជាក់ថា បក្សមួយនេះ និងគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សសម្ព័ន្ធរបស់ខ្លួននឹងមិនចូលរួមបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ នោះឡើយ៕
(សូមរង់ចាំអានព័ត៌មានពិស្តារ)
Contact author: បែន សុខហ៊ាន