
អ្នកស្រី ង៉ូវ ណារី ឈរកាន់បដាឲ្យភ្នំពេញប៉ុស្តិ៍ថតនៅកន្លែងស្នាក់នៅក្នុងបុរីកីឡាកាលពីម្សិលមិញ។ ហុង មិនា
Mon, 11 December 2017
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ពលរដ្ឋបុរីកីឡាអះអាងថានឹងនៅតែមិនទទួលយកសំណងតាមកាលកំណត់ចុងក្រោយរបស់សាលារាជធានីនោះទេ ហើយពួកគេនឹងនាំគ្នាបោះតង់ស្នាក់នៅបន្តទៀត បើទោះបីជាអគារចាស់ដែលពួកគាត់កំពុងស្នាក់នៅនឹងត្រូវបានវាយកម្ទេចចោលយ៉ាងណាក៏ដោយ។
ការអះអាងនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញគឺ ១ ថ្ងៃក្រោយពេលដែលអាជ្ញាធរបានយកសេចក្តីជូនដំណឹង ១ របស់សាលាក្រុងទៅបិទនៅអគារចាស់ដែលពលរដ្ឋសេសសល់កំពុងស្នាក់នៅបន្ទាប់ពីលំនៅឋានពួកគាត់ត្រូវឈូសឆាយកាលពីឆ្នាំ ២០១២។
សេចក្តីជូនដំណឹងនោះបានប្រាប់ «ជាលើកចុងក្រោយ» ដល់ពលរដ្ឋឲ្យទៅទទួលយកសំណងគោលនយោបាយក្នុងរយៈពេល ២ សប្តាហ៍ដោយគិតចាប់តាំងពីថ្ងៃសុក្រទី ៨ ខែធ្នូរហូតដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ នេះជាកំហិត។
សេចក្តីជូនដំណឹងព្រមានថា៖ «ផុតកំណត់រយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងយន្តការតុលាការដោយមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ និងបញ្ឈប់រាល់ការដោះស្រាយដោយចាត់ទុកថាបងប្អូនដែលនៅសេសសល់បានបោះបង់សិទ្ធិក្នុងការទទួលយកសំណងគោលនយោបាយរបស់ខ្លួន»។
សេចក្តីជូនដំណឹងនេះមិនបានបញ្ជាក់ពីចំនួនពលរដ្ឋដែលនៅសេសសល់នោះទេ។ ប៉ុន្តែពលរដ្ឋដែលផ្តល់សម្ភាសន៍ដល់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញបានអះអាងថាពលរដ្ឋដែលមិនព្រមទទួលយកសំណងទៅរស់នៅឯភូមិអណ្ដូងក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នោះមានជាង ៣០ គ្រួសារ។
អ្នកស្រី ង៉ូវ ណារី អាយុ ៥៦ ឆ្នាំបានថ្លែងថាពួកគាត់នឹងមិនទទួលយកសំណងជាផ្ទះនៅភូមិអណ្តូងនោះទេព្រោះវាឆ្ងាយពីផ្សារសាលារៀនហើយមិនមានការអភិវឌ្ឍគ្រប់គ្រាន់ដែលអាចផ្តល់ការងារឲ្យពួកគាត់រកស៊ីចិញ្ចឹមជីវិតបាននោះទេ។
អ្នកស្រី ណារី ចាត់ទុកការកំណត់ពេល ២ សប្តាហ៍នេះថាជា «ការបង្ខិតបង្ខំ» ដោយនិយាយថា៖ «ពួកខ្ញុំមានអារម្មណ៍ថាអយុត្តិធម៌ចំពោះពួកខ្ញុំ។ គេឈូសឆាយកម្ទេចផ្ទះខ្ញុំជាម្ចាស់ដី ខ្ញុំត្រូវមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា។ តែបែរជាមកគំរាមកំហែងពួកខ្ញុំរាប់ឆ្នាំមកហើយ»។
អ្នកស្រី ណារី និងពលរដ្ឋផ្សេងទៀតបានកំពុងតែស្នាក់នៅអគារចាស់ ៣ ជាន់មួយសល់ពីសម័យសង្គមរាស្ត្រនិយមដែលនៅជាប់នឹងអតីតដីពួកគាត់ដែលត្រូវបានក្រុមហ៊ុនធ្វើរបងព័ទ្ធជិត។ អគារនោះធ្លុះធ្លាយ ខូចខាតដោយអន្លើៗប្រកបដោយគ្រោះថ្នាក់។ ទោះយ៉ាងណាពួកគាត់បានយកតង់ និងក្តារយកទៅបិទបាំងបន្ថែមដើម្បីក្រាញននៀលជ្រកកោននៅទីនោះដោយខ្លះប្រកបរបរលក់ផ្លែឈើ ម្ហូបអាហារ និងខ្លះទៀតដើររើសអេតចាយលក់ជាដើម។
អ្នកស្រី ណារី បញ្ជាក់ថាពួកអ្នកស្រីនៅតែទទូចឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន និងសាលាក្រុងអនុវត្តតាមកិច្ចសន្យាដែលអភិវឌ្ឍនៅនឹងកន្លែងដោយសង់អគារចំនួន ១០ មិនមែនមានតែ ៨ អគារនេះទេ។
អ្នកស្រីនិយាយថា៖ «ពួកខ្ញុំដាច់ខាតអត់ទៅរស់នៅភូមិអណ្តូងបានទេ ទោះបីដាក់ឱសានវាទ គំរាមកំហែង ឬធ្វើបាបយ៉ាងណាក៏ដោយ ក៏មិនសុខចិត្តដែរ។ ទាល់តែដោះស្រាយសមរម្យ។ បើឈូសអគារនេះចោលក៏មិនចេញដែរគឺនឹងបោះតង់នៅទៀត»។
សេចក្តីជូនដំណឹងរបស់សាលារាជធានីបានចេញបន្ទាប់ពីមានកិច្ចប្រជុំរកដំណោះស្រាយជាមួយពលរដ្ឋជាលើកចុងក្រោយកាលពីចុងខែវិច្ឆិកាកន្លងមក។ ក្នុងនោះសាលារាជធានីឲ្យដឹងថាពលរដ្ឋជាង ៩០% បានយល់ព្រមទទួលយកសំណង និងគោលនយោបាយ។
ក្រុមពលរដ្ឋបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាពលរដ្ឋដែលព្រមទៅនៅភូមិអណ្តូង ព្រោះខ្លាចបាត់សំណង និងខ្វះខាតខាងជីវភាពដែលមិនមានពេលវេលា ដើម្បីតវ៉ាទៀត។ ប៉ុន្តែពលរដ្ឋភាគច្រើនបានវិលមករស់នៅក្នុងក្រុងវិញ។
អ្នកស្រី អឿ សុភ័ក្រ អាយុ ៣១ ឆ្នាំអះអាងថាអ្នកស្រីបានយល់ព្រមទៅរស់នៅភូមិអណ្តូងកាលពីឆ្នាំ ២០១២។ ប៉ុន្តែអ្នកស្រី និងកូនតូចៗបានត្រឡប់មកស្នាក់នៅជាមួយនឹងម្តាយក្មេកវិញដែលនៅក្នុងបន្ទប់ជាប់គ្នានឹងអ្នកស្រី ណារី ក្នុងអគាចាស់នោះដោយរកស៊ីដើរលក់ម្ជូរ។ អ្នកស្រីថ្លែងថានៅភូមិអណ្តូងអត់មានការងារធ្វើ ដើម្បីចិញ្ចឹមជីវិតទេ។
ម្តាយក្មេកអ្នកស្រី សុភ័ក្រ គឺអ្នកស្រី យិន ស្រ៊ីន បានឲ្យដឹងថាទោះបីរស់នៅអគារចាស់ទ្រុឌទ្រោមក៏អ្នកស្រីអាចរកប្រាក់បានប្រមាណជា ៤០០០ រៀលពីការរើសអេតចាយដែរ ដែលវាគ្រាន់បើជាងទៅភូមិអណ្តូង ហើយបើពួកអ្នកស្រីជិះម៉ូតូឌុបទៅភូមិអណ្តូង ទៅវិញទៅមកព្រឹកល្ងាចមួយថ្ងៃគឺត្រូវចំណាយអស់ ២ ម៉ឺនរៀលឯណោះ។
អ្នកស្រី ស្រ៊ីន ក៏បានអះអាងផងដែរថាក្នុងអំឡុងពេលចូលចរចាដោះស្រាយកាលពីខែមុននោះលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីបានសន្យាផ្តល់ប្រាក់សំណងឲ្យពួកអ្នកស្រីម្នាក់ៗ ១ ម៉ឺនដុល្លារតែពួកអ្នកស្រីមិនទទួលយកព្រោះវាតិចតួចពេក មិនអាចយកទៅទិញផ្ទះរស់នៅបានឡើយ។ ទោះយ៉ាងណាពួកអ្នកស្រីអាចនឹងទទួលយក និងព្រមចាកចេញបើបានសំណងក្នុងមួយគ្រួសារ ៣៥០០០ ដុល្លារ។
នៅពេលទាក់ទងកាលពីម្សិលមិញលោក មាន ចាន់យ៉ាដា បានថ្លែងថាលោកជាប់រវល់មិនអាចមានប្រសាសន៍លើបញ្ហានេះបានទេ។
ទោះយ៉ាងណាលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានឲ្យដឹងថាការសន្យាផ្តល់សំណងជាប្រាក់ ១ ម៉ឺនដុល្លារនោះដូចជាមិនមានទេ។ លោកក៏បានអះអាងផ្ទុយពីពលរដ្ឋផងដែរថានៅទីតាំងថ្មីឯភូមិអណ្តូងនោះគឺមានការអភិវឌ្ឍទីផ្សារ និងសាលារៀនជាដើម។ ប៉ុន្តែមនុស្សមានតម្រូវការផ្សេងៗពីគ្នាដែលអាជ្ញាធរមិនអាចបំពេញ ឬផ្តល់ឲ្យបាន ១០០ ភាគរយនោះទេ។
លោកថ្លែងថា៖ «យើងមិនចង់អូសបន្លាយពេលវេលាដោះស្រាយជូនអ្នកនៅសេសសល់ទេ…មុនពេលកំណត់ថាទទួលបានអីនោះ ឬមានលក្ខណសម្បត្តិកម្រិតណានោះគឺសុទ្ធតែមានគណៈកម្មការវាយតម្លៃ។ វាយតម្លៃគឺផ្អែកលើការផ្ទៀងផ្ទាត់ឯកសារទាំងអស់។ គាត់ទទួល ឬមិនទទួលនោះជាសិទ្ធិរបស់គាត់»។
លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចសុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេដោយលោកស្រីបានបង្វែរសំណួរទៅសាលាក្រុងវិញ។ «ការងារហ្នឹងនៅលើក្រុង…ព្រោះអីសាលាក្រុងជាអ្នកចាត់ចែង។ ខ្ញុំអស់ភារកិច្ចហើយ»។ លោកស្រីថ្លែងថាក្រុមហ៊ុនលោកស្រីគ្មានដីនៅតំបន់នោះទៀតទេ ព្រោះក្រុមហ៊ុនបានលក់ ឬក៏ផ្ទេរទៅឲ្យក្រុមហ៊ុនផ្សេងអស់ហើយ។
លោក សឺន សែនករុណា អ្នកនាំពាក្យអង្គការអាដហុកសង្កេតឃើញថា ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅបុរីកីឡាកើតឡើងដោយសារតែភាគីក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាក្នុងការសង់អគារឲ្យគ្រប់ចំនួន ១០។
លោកថា ការមិនគោរពតាមកិច្ចសន្យាដោយសារតែលើកហេតុផលថាក្រុមហ៊ុនក្ស័យធននោះគឺមិនសមហេតុផលនោះទេ ហើយអាជ្ញាធរគួរតែមានចំណាត់ការចំពោះការមិនគោរពកិច្ចសន្យានោះ។ «ការមិនគោរពកិច្ចសន្យាគួរមានវិធានការដើម្បីរកដំណោះស្រាយឲ្យពលរដ្ឋ។ តែបែរជាដាក់សម្ពាធឲ្យពលរដ្ឋទទួលយកសំណង និងឱសានវាទម្តងហើយម្តងទៀត។ ការប្រើវិធីបង្ខិតបង្ខំធ្វើឲ្យការទទួលយកមិនពេញចិត្ត និងអូសបន្លាយរហូតមក»៕