ដោយ លោក ឃុត សុគន្ធ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨ | ម៉ោង 2:20 PM
http://vodhotnews.com

អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែលកំពុងគេចខ្លួននៅក្រៅប្រទេស ត្រូវបានតុលាការផ្ដន្ទាទោសនៅថ្ងៃនេះ ជុំវិញបណ្ដឹងជេរប្រមាថព្រះមហាក្សត្រ និងបណ្ដឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានមេធាវីតំណាងលោក ហ៊ុន សែន ប្ដឹងទៅតុលាការកាលពីខែតុលាឆ្នាំមុន ដោយចោទថា បានបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី។
មេធាវីលោក គី តិច ដែលតំណាងឲ្យលោក ហ៊ុន សែន នោះ ត្រូវបានដកស្រង់សម្ដីដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News ដែលបាននិយាយថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក ឡឺ ឡាយស្រេង ដោយតម្រូវឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងដល់ទៅ ៥០០លានរៀល ឬស្មើនឹង ១២ម៉ឺនដុល្លារ។
បណ្ដឹងប្រឆាំងនឹងអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់សំឡេងសន្ទនាឯកជនរបស់លោកជាមួយអ្នកស្រី គី លំអង ត្រូវបានទម្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជុំវិញការជជែកអំពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា។
សំឡេងសន្ទនាតាមទូរសព្ទឯកជននោះ ត្រូវបានសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ចាត់ទុកជាការប្រមាថទៅលើព្រះមហាក្សត្រផងដែរ៕