ដោយ លោក ញឹម សុខន | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០១៨
http://vodhotnews.com

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន (ប្រភព៖ Fresh News)
រដ្ឋាភិបាល បានប្រកាសថា សហគ្រាសឯកជន ឬសហគ្រាសសហកម្មសិទ្ធិ មានប្រាក់ចំណូលប្រចាំឆ្នាំ ចាប់ពី២៥០លានរៀលឡើងទៅនឹងត្រូវជាប់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ឲ្យដឹង តាមសេចក្តីប្រកាសមួយ ចុះថ្ងៃទី២៤ខែមករាថា ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា លោកថា ក្រសួងបានកែសម្រួលចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសជា៣ប្រភេទ គឺប្រភេទអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ធំ។
បើតាមក្រសួង អ្នកជាប់ពន្ធតូច ជាសហគ្រាសឯកបុគ្គល ឬជាសហគ្រាសសហកម្មសិទ្ធិ ដែលមានផលរបរប្រចាំឆ្នាំ ចាប់ពី២៥០លានរៀល ដល់៧០០លានរៀល ឬមានផលរបរក្នុងរយៈពេល៣ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី៦០លានរៀលឡើងទៅ។
អ្នកជាប់ពន្ធមធ្យម ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី៧០០លានរៀល ដល់៤០០០លានរៀល ឬសហគ្រាសដែលបានចុះបញ្ចីនីតិបុគ្គល ការិយាល័យតំណាង។
ក្រសួងបន្តថា អ្នកជាប់ពន្ធធំ ជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី៤០០០លានរៀល ឬបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនពហុជាតិសាខាក្រុមហ៊ុនបរទេស ឬសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
តមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៥ អ្នកជាប់ពន្ធតូច ចាប់ពី២៥០លានរៀងដល់ ៧០០លានរៀល។អ្នកជាប់ពន្ធធម្យមពី៧០០លានរៀលដល់២០០០លានរៀល អ្នកជាប់ពន្ធខ្ពស់ លើសពី ២០០០លានរៀល៕