កម្ពុជា​គ្រោង​ធ្វើ​សមយុទ្ធ​យោ​ធា​ជា​មួយ​ចិន​ជា​លើក​ទី​ពី​រនៅខែមីនា

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

​កម្ពុជា​គ្រោង​ធ្វើ​សមយុទ្ធ​យោ​ធា«​នាគមាស»​ជា​លើក​ទី​ពីរ នៅក្នុង​ខែ​មី​នាឆ្នាំ​២០១៨​នេះ ដើម្បី​អប​អរ​ខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និង​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ​រវាងប្រទេសទាំងពីរ។

យោង​តាម​ហ្វេស​បុក​នាយក​ដ្ឋាន​ព័ត៌មាន និង​សេវា​កម្ម​យោធា​របស់​ក្រសួង​ការ​ពារ​ជាតិ​បាន​ បាន​ដក​ស្រង់​ការ​ថ្លែង​ របស់​អគ្គមេបញ្ជាការរង នៃ​កងយោធពលខេមរភូមិន្ទលោក ឥត សារ៉ាត់ ​ថា​ សមយុទ្ធ​កម្ពុជា​ចិន​ជាលើ​ក​ទី​២​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​មីនា​ឆ្នាំ​២០១៨នេះ ដោយ​ជ្រើ​ស​យកបញ្ជាការដ្ឋាន ការពារកោះឆ្នេរ និងវិទ្យាស្ថានកង ទ័ពជើងគោក នៅ​ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក​បន្ថែម​ថា ប្រធានបទលំហាត់រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅ​ឆ្នាំ​នេះ​គឺ​ផ្តោ​ត​លើ​ បេសកកម្មប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ដោយ​កម្ពុជា​មាន​កម្លាំងចូលរួមក្នុងលំហាត់នេះ២៨០នាក់ ហើយ​ចិន​មាន​ចំនួន ១៩០នាក់។

គួរ​រំលឹក​ផង​ដែរ​ថា សមយុទ្ធ​ប្រចាំ​ឆ្នាំ «ឆ្មាំ​អង្គរ» ដែល​ធ្លាប់​ធ្វើ​ចំនួន​៧​ឆ្នាំ​ជាប់​គ្នាជា​មួយ​សហរដ្ឋ​អាមេរិក និង​សមយុទ្ធ​«ដោន​គោ​ព្រៃ​» ដែល​ធ្លាប់​ធ្វើ​ជាមួយ​អូស្ត្រា​លី​ ​ត្រូវបានកម្ពុជា​សុំ​​ផ្អាកចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ដល់​ពេល​នេះ​ដោយ​លើក​ហេតុ​ផល​ថា​​ដើម្បី​ត្រៀម​រៀប​ចំសណ្តាប់​ធ្នាប់​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧និង​២០១៨។ តែអ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺកម្ពុជាបន្ត​សមយុទ្ធ​ជា​មួយ​ចិន​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ផ្អាក​សមយុទ្ធ​ជា​មួយ​ប្រទេស​ទាំង​ពីរនេះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ធ្លាប់​លើក​ឡើង​ប្រាប់​វី​អូ​ឌី​កាល​ពី​ឆ្នាំ​២០១៧​ថាការ​ការ​ផ្អាក​សមយុទ្ធ​យោធានេះ​ វា​បាន​បង្ហាញ​ថា​កម្ពុជា​ខ្វះ​លទ្ធភាព​ក្នុង​ការ​សហប្រតិបតិ្ត​ការ និង​រៀប​ចំ​កម្លាំង​របស់​ខ្លួន ហើយ​ការ​ដក​សម​យុទ្ធ​យោធានេះ​វា​បាន​ធ្វើ​ឲ្យ​ការ​បង្កើន​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​គឺ​ហាក់​បី​ដូច​ជា​ឃ្លាត​ឆ្ងាយពី​កម្ពុ​ជា ខណៈដែល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន។

បើ​តាម​លោក សុវណ្ណារ៉ា កម្ពុជា​គួរ​តែ​រក្សា​ជំហរ​ខ្លួន​ឯង​ឲ្យ​មាន​អព្យា​ក្រិត ក្នុងការ​រក្សា​ទំនាក់​ទំនង និងសន្តិសុខ​ក្នុង​តំបន់​ព្រោះ​មិន​អាច​ពឹង​តែ​ទៅ​លើ​ចិន​បាន​តែ​មួយ​នោះ​ទេ ខណៈដែល​ប្រទេស​ដែល​កំពុង​មា​ន​ឥទ្ធិ​ពល​នៅ​អាស៊ីនោះ​ក៏​មាន​​សហរដ្ឋ​អា​មេរិក និង​អូស្ត្រាលី​ផង​ដែរ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

What Next?

Recent Articles