គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត

លោក សាម អ៊ីន អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​។ ផា លីណា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​(GDP) ​ដែល​មាន​ធនធាន​មនុស្ស​មកពី​អង្គការ​សង្គម​ស៊ីវិល ​បាននិងកំពុង​អំពាវនាវ​ឲ្យ​អ្នកបោះឆ្នោត​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ​ដើម្បី​ឲ្យ​មាន​សំឡេង​គណបក្ស​ប្រឆាំង​មួយ​ដ៏​ពិតប្រាកដ​ខណៈ​ដែល​សមាជិក​សភា​នា​ពេល​បច្ចុប្បន្ន​មិន​មាន​សំឡេង​ជំទាស់​នឹង​រាជរដ្ឋាភិបាល​។

ការ​អំពាវនាវ​នេះ ​ធ្វើឡើង​ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​អតីតមន្ត្រី​គណបក្ស​ប្រឆាំង​ដែល​មិន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥​ ឆ្នាំ ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

លោក​សាម អ៊ីន អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​GDP​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា គណបក្ស​ប្រឆាំង​ដែល​មាន​ពលរដ្ឋ​ច្រើន​គាំទ្រ បូក​នឹង​កម្លាំង​របស់ GDP នឹង​អាច​«​បំបែក​បាន​នូវ​សំឡេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដោយ​សារ​ពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មួយ​ក្រោយ​ការ​បោះឆ្នោត​។

លោក​ថ្លែងថា​៖«​ព្រោះ​យើង​គិត​ថា ប្រជា​ពលរដ្ឋ​ជាច្រើន​គាត់​នៅ​គាំទ្រ ហើយ​គាត់​នៅ​មើលឃើញ​កម្លាំង​សង្គ្រោះ​ជាតិ ជា​កម្លាំង​សំខាន់​មួយ ដូច្នេះ​យើង​គិតថា ការ​ចូលរួម​របស់​ស​ង្គ្រោះ​ជាតិ វា​អាច​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទឹក​ចិត្ត និង​ក្ដី​សង្ឈឹម ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត ហើយ​យើង​ជឿជាក់​ថា​ឈាន​ទៅ​បំបែក​សំឡេង​របស់​គណបក្ស​ប្រជាជន​។ កុំ​ឲ្យ​គណបក្ស​ប្រជាជន​គាត់​អាច​សម្រេច​ចិត្ត​បង្កើត​រដ្ឋាភិបាល រួច​អាចធ្វើ​ច្បាប់​អី​បាន​ស្រេច​តែ​ចិត្ត និង​កុំ​ឲ្យ​ជិះសេះ​លែង​ដៃ​»​។

លោក​ថ្លែងថា​៖«​យើង​សង្កេត​ឃើញ​មហាជន​គាត់ ភាគច្រើន​ចង់បាន​ការផ្លាស់ប្ដូរ​ន​យោ​បាយ​ថ្មី​គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​បង្កើត​បាន​នយោបាយ​ថ្មី​។ គណបក្ស​កាន់​អំណាច​គាត់​មើលឃើញ​ពី​ផ្លូវ​របស់​គាត់​ប៉ុន្តែ​យើង​ត្រូវ​សម្រេចចិត្ត​តាមផ្លូវ​របស់​យើង តាម​យុទ្ធសាស្ត្រ​របស់​យើង​»​។

លោក​ទាវ វណ្ណុល ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​ដែល​បាន​ដូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី ថ្លែងថា លោក​ក៏​មិនទាន់​បានឃើញ​ពី​ការ​អំពាវនាវ​របស់​គ​ណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅឡើយ​ទេ ហើយក៏​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ថា​នឹងចូលរួម​ការបោះឆ្នោត​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖​ «​ពីព្រោះ ​យើង​ឃើញ​ស្ថានការណ៍​នយោបាយ​វា​អាក្រក់​ខ្លាំង យើង​ឃើញ​បក្ស​កាន់​អំណាច បាន​រិត​ត្បិត​អ្នក​ប្រជាធិបតេយ្យ បានន័យថា​ហាក់បី​ដូចជា​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ដូច្នេះ​យើង​ត្រូវ​ពិចារណា​ថា គួរ​ចូលរួម​ឬ​មិន​ចូលរួម ឧបមា​ថា​យើង​ចូលទៅ​ឈ្នះ សំណួរ​សួរថា​តើ ប្រទេស​កម្ពុជា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​អាច​ឡើងកាន់​អំណាច​ទៀត​ឬទេ​?»​។

លោក សឺន ស៊ូប៊ែរ្តិ៍ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ថ្លែង​កាលពី​ម្សិលមិញ​ហាក់​មិន​គាំទ្រ​នឹង​ការ​អំពាវនាវ​របស់​GDP ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​នោះទេ​ព្រោះ​គ្មាន​ប្រយោជន៍​។

លោក​ថ្លែងថា​៖«​ខ្ញុំ​មិន​ជឿថា​អាច​បំបែក​បានទេ កុំ​ចូលរួម​ការ​បោះឆ្នោត​ទៅ​វា​ល្អ​ជាង​…​អន្តរជាតិ​មិន​ទទួល​ស្គាល់​ទេ​»​។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​ដល់​គណបក្ស​ណា​ដែល​ចង់​ប្រកួតប្រជែង​ជាមួយនឹង​បក្ស​កាន់​អំណាច​។

លោក​ថ្លែងថា​៖«​យើង​ស្វាគមន៍​ឲ្យ​គណបក្ស​នានា​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ ចូលរួម​ប្រកួត​ប្រជែង​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​ស្មើមុខ ស្មើ​មាត់​គ្នា​ចំពោះ​មុខ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​…​វា​ជា​សិទ្ធិ​សម្រេច​របស់​ប្រជា​ពលរដ្ឋ​»​។

​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​លោក អ៊ីន ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា នៅពេល​ទទួល​បាន​សំឡេង​គាំទ្រ​នាពេល​បោះឆ្នោត​ក្នុង​ខែ​កក្កដា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​គោលនយោបាយ​នឹង បង្រួម​ក្រសួង​របស់​រដ្ឋ​ដែល​មាន​ជិត ៣០ មក​ត្រឹម ១៥​ ប៉ុណ្ណោះ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​លើ​ការងារ​មិន​ចាំបាច់​។ ដើម្បី​ធ្វើ​វិមជ្ឈការ​អំណាច និង​ធនធាន​ទៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ថ្នាក់ឃុំ​-​សង្កាត់ និង​ក្រុង​-​ស្រុក​-​ខណ្ឌ ក្នុងការ​ដឹកនាំ​ការអភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ប្រសើរ នូវ​ការផ្តល់​សេវាសាធារណៈ​នៅ​មូលដ្ឋាន​។

លោក អ៊ីន បាន​ថ្លែងថា​៖«​បើ​យើង​បង្រួម​ក្រសួង​ណា​ដែល​មាន​កិច្ចការ​ទាក់ទង​គ្នាច្រើន មក​ក្រសួង​តែមួយ គឺ​វា​នឹង​ជួយ​សម្រួល​ឲ្យ​ការងារ​សម្រប​សម្រួល​ចាត់ចែង​វា​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​។ យើង​មិន​ចង់​ឲ្យ​ការ​ចាយវាយ​ធនធាន​របស់​ជាតិ​ខ្ជះខ្ជាយ​ដោយ​ការបង្កើត​ក្រសួង​ជាច្រើន ដែល​មាន​មនុស្ស​ជាច្រើន​ទទួល​ខុសត្រូវ​ដោយ​មិនចាំបាច់ ជាពិសេស​កម្រិត រដ្ឋ​មន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​អីហ្នឹង គឺជា​ការ​ចាយ​វាយ​ធនធាន​មនុស្ស​ដែល​វា​មិន​ចាំបាច់​»​។

លោក បន្ត​ថា​៖«​យើង​ជជែក​គ្នា​នៅក្នុង​ក្រុមប្រឹក្សា​គោល​នយោបាយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​មួយ​ដែលមាន​ប្រសិទ្ធភាព ចាត់ចែង​ការងារ​សម្រប​សម្រួល​កិច្ចការ​ដែលមាន​ទំនាក់​ទំនង​គ្នា​មាន​ប្រសិទ្ធ​ភាព វា​អត់​ចាំបាច់​ត្រូវការ​មាន​ក្រសួង​ច្រើន​ទេ វា​អាច​កាត់បន្ថយ​ការចំណាយ​ថវិកា​ជាតិ​ទៅលើ​អ្នកដឹកនាំ​ជាន់​ខ្ពស់ មួយ​ចំនួន​ដែល​មិនចាំបាច់​តែម្ដង​»​។

ទោះ​ជា​យ៉ាង​ក៏​ដោយ លោក​សុខ ឥសាន ថ្លែងថា ក្រោយ​ការ​ផ្តួល​រំលំ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៧៩​រដ្ឋាភិបាល​កម្ពុជា​មាន​ក្រសួង​តែ​ជាង​៤​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង​ជា​លំដាប់​ដោយ​សារ​ស្ថានភាព និង​តម្រូវ​ការ ចាំបាច់​។

លោក​បាន​ថ្លែង​ទៀត​ថា​៖«​វា​អាស្រ័យ​ដោយ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។ តួនាទី​ភារកិច្ច​របស់​ក្រសួង វា​ចេះតែ​រីក​អ៊ីចឹង វា​ត្រូវ​បំបែក​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ឡែកៗ​ពីគ្នា​។ បើ​គ្មាន​ការ​រីក​ចម្រើន ចាំបាច់​បង្កើត​ធ្វើ​អី​»​។

លោក​ថ្លែង​បន្ថែមថា​៖ «​ការ​គិត​គូរ វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គាត់ មិន​មាន​បញ្ហា​អី​ដែល​យើង​ត្រូវ​ជំទាស់​ជាមួយនឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​គាត់​ដែល​រៀបចំ​កម្មវិធី​នយោបាយ​នោះ​ទេ ទោះបីជា​គាត់​បង្កើត​តែ​ ៣​ ក្រសួង ក៏បាន បង្កើត​៥​ក្រសួង​ក៏​បាន វា​ជា​រឿង​គាត់​។ នេះ​ជា​កម្មវិធី​នយោបាយ ហើយ​គាត់​យកទៅ​ឃោសនា​ជាមួយ​ប្រជាជន​ទៅ បើ​ប្រជាជន​គាំទ្រ​អាហ្នឹង​បោះឆ្នោត​ជូន​គាត់​ទៅ បើ​សិន​ណា​ជា​ប្រជាជន​លោក​មិន​ឯកភាព​ទេ អាហ្នឹង​លោក​មិន​បោះឆ្នោត ជូន​ទេ​។ គាត់​នឹង​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​គាត់​ជឿទុកចិត្ត​»​។

លោក មាស នី អ្នក​វិភាគ​នយោបាយ នៅ​ក្នុង​សង្គម​ស៊ីវិល​បាន​ថ្លែងថា ជា​គោល​ការណ៍ រដ្ឋាភិបាល​កម្ពុជា​មាន​ក្រសួង​ច្រើន​ណាស់ ខណៈដែល​បច្ចុប្បន្ន​មាន​ចំនួន ២៨​ក្រសួង​។

លោក​បាន​ចង្អុល​បង្ហាញ​ថា ក្រសួង​នានា​ជា​រឿយៗ​ធ្វើការ «​ត្រួត​គ្នា​» និង​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ពួកគេ​។

លោក​នី​ថ្លែងថា​៖«​ឧទាហរណ៍​ថា ក្រសួងបរិស្ថាន និង​ក្រសួង​កសិកម្ម មាន​សិទ្ធិ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ដូចគ្នា​ហើយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​ដឹកជញ្ជូន​ក៏មាន​អំណាច​ក្នុង​ការ​កសាង​ផ្លូវ​ថ្នល់​ដូចគ្នា​ផងដែរ​។ រដ្ឋាភិបាល​កម្ពុជា​មាន​ក្បាល​ធំ ប៉ុន្តែ​ខ្លួន​តូច​»៕

រាយការណ៍​បន្ថែម​ដោយ Andrew Nachemson


Contact author: បែន សុខហ៊ាន

What Next?

Recent Articles