Fri, 26 January 2018
គួច ម៉ាស៊ី and ម៉ិច ដារ៉ា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្ស ហ៊្វុនស៊ិនប៉ិច ២ រូបដែលជាតំណាងរាស្រ្តបានតំណែង ក្រោយរំលាយគណបក្សសង្គ្រោះជាតិគឺលោក ប៉ោ ប៊ុនស្រ៊ឺ និង លោក យឹម សាវី កំពុងត្រូវបានសមាជិកក្នុងបក្សធ្វើញត្តិថ្វាយសម្តេចក្រុមព្រះ ដើម្បីឲ្យបញ្ចប់មុខតំណែងក្នុងបក្សពាក់ព័ន្ធនឹងរឿងបក្ខពួកនិយម ប៉ុន្ដែ មន្រ្តីនោះថា ការផ្ដិតមេដៃជាទង្វើខុសឆ្គង។
លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការរង និងជាទីប្រឹក្សាសម្តេចក្រុមព្រះមួយរូបដែលបានចូលរួមក្នុងរឿងនេះបានឲ្យដឹង កាលពីម្សិលមិញថា ការប្រមូលស្នាមមេដៃនេះបានកើតឡើងក្រោយពីមានមន្រ្តីមួយចំនួនមិនសប្បាយចិត្តចំពោះការតែងតាំងតែបក្ខពួករបស់ខ្លួន។
លោកថា ឥឡូវនេះប្រមូលបាន ៦០ ភាគរយ ហើយពេលល្ងាច [ម្សិលមិញ]នឹងទទួលបាន ៩០ ភាគរយ ព្រោះខេត្តមួយចំនួនផ្ញើតាម ហ្វេសប៊ុក។
លោកបានបន្តថា៖«ខ្ញុំមិនអត្តនោម័តតែឯងណា អ្នកដទៃថាខ្ញុំជាមេ ជាកើយ តែនេះអត់ទេ ខ្ញុំគ្រាន់តែជាអ្នកស្តាប់ដំបូងគេនៃសម្រែកស្រែកយំ ស្រែកអំពាវនាវនៃបណ្តាអ្នកខាំស្មៅ ហ៊្វុនស៊ិនប៉ិច ណានោះ។ អាអ្នកខាំស្មៅហ្នឹងបានត្រឹមស៊ីស្មៅ។ អ៊ីចឹងអាអ្នកអត់បានខាំស្មៅនោះយកតែអាអីរ៉ាហ្គូ យកនំប៉័ងប៉ាតេ ស្ទេកអីណាអស់ទៅ។ អ៊ីចឹងអាអ្នកខាំស្មៅនៅបន្តស៊ីស្មៅដដែលទៅ។ អ៊ីចឹងយើងមិនសុខចិត្តទេ ចំពោះចំណាត់ការមនុស្ស ២ នាក់ គឺ ប៉ោ ប៊ុនស្រ៊ឺ និង យឹម សាវី។ ការពិតគណៈកម្មការគឺ ៥ នាក់ឯណោះ ប៉ុន្តែអ្នកមេខ្លោងទទួលខុសត្រូវធំគឺ ២ នាក់ហ្នឹងឯង»។
លោកបញ្ជាក់ថា៖ «គាត់ដកគេអស់ហើយ គាត់ត្រូវដាក់អ្នកថ្មី គ្រាន់តែថា គេប្រជុំ គាត់គំរាមគេថា បើអ្នកទាំងអស់គ្នាមិនយកឈ្មោះដែលគាត់បានដៅឲ្យហ្នឹងមកទេ គាត់នឹងដាក់គណបក្ស ញឹក ប៊ុនឆៃ មុនហ្មង ដាក់ជំនួសឲ្យគណបក្សដទៃហើយ។ …យើងវាមិនដែល កូនយើងចែកមិនទាន់គ្រប់ផង រឿងអី ចែកកូនគេស៊ី។ គាត់ធ្វើនេះគឺយុទ្ធសាស្ត្ររំលាយដោយខ្លួនឯងខាង CNRP រំលាយដោយច្បាប់ យើងរំលាយខ្លួនឯងអ្ហា បំផ្លាញមនុស្សខ្លួនឯងបក្សខ្លួនឯង»។
លោកបានបន្ថែមថា «យើងអត់បានបណ្តេញអីទេ យើងចង់បញ្ចប់តួនាទីក្នុងបក្សបានហើយ កុំឲ្យគាត់ដើរវាតទីរហូតដល់មូលដ្ឋាន។ គាត់ដូរពី ក ទៅ ខ អត់បានប្រជុំឲ្យពួកយើងដឹងទាំងអស់…ខ្ញុំអត់បានទទួលដំណឹងសោះ សូម្បីតែតំណែងក៏គេមិនឲ្យមកខ្ញុំដែរ ហើយឥឡូវគេចង់ដកខ្ញុំទៀត ដកចេញពីបក្ស ដោយសារខ្ញុំមេខ្លោង អ៊ីចឹងកាន់តែល្អទៀតហើយ ព្រោះបើដកខ្ញុំក៏បានដែរ ព្រោះខ្ញុំអត់បានធ្វើវិទ្ធង្សនាអីទេ ញត្តិនេះ សូមឲ្យបញ្ចប់មុខតំណែង ២ នាក់ហ្នឹងទេ អត់ឲ្យដកសភាឬធ្វើឲ្យបក្សអន់សាច់ អន់ឈាមអីទេ»។
ទោះយ៉ាងណា លោក យឹម សាវី អគ្គលេខាធិការគណបក្ស ហ៊្វុនស៊ិនប៉ិច និងជាតំណាងរាស្ត្រ ដែលរងការចោទប្រកាន់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា លោកមិនបានដឹងអំពីរឿងប្រមូលមេដៃនេះទេ ប៉ុន្តែលោកថា នោះជាអំពើខុសច្បាប់។
លោកបានបញ្ជាក់ថា៖ «គណបក្សណាក៏ដោយគេមានលក្ខន្ដិកៈច្បាប់ និងបទបញ្ជាផ្ទៃក្នុងរបស់គេ ដូច្នេះធ្វើអ្វីក៏ដោយត្រូវតែធ្វើតាមច្បាប់ហ្នឹងហើយអ្វីដែលធ្វើខុសច្បាប់ហ្នឹងគឺវាមិនស្របច្បាប់…នរណាក៏ដោយមិនអនុញ្ញាតឲ្យធ្វើអ៊ីចឹងបានទេ ប៉ុន្តែគាត់ធ្វើ»។
លោកបានបន្តថា ដោយសាររូបលោកមិនទាន់ទទួលព័ត៌មានច្បាស់លាស់វាមានការលំបាកក្នុងការវាយតម្លៃ ប៉ុន្តែលោកថា លោកមិនចាប់អារម្មណ៍ពីរឿងនេះទេ ខណៈដែលវារំលោភច្បាប់ និងលក្ខន្ដិកៈរបស់បក្ស។
លោកថា៖ «ខ្ញុំថាមិនគួរមានការភ្ញាក់ផ្អើលទេ…ធម្មតាលទ្ធិប្រជាធិបតេយ្យមិនមែនធ្វើខុសក្បូនបែបនេះទេ។ បក្សគេប្រាប់ហើយតើថា គេមានក្រឹត្យក្រមនិងក្របខ័ណ្ឌ។ រឿងនេះ ខ្ញុំមិនចាប់អារម្មណ៍ផង។ គេមាននីតិវិធីនៃការងាររបស់គេមិនអាចធ្វើអ្វីតាមចិត្តនឹកឃើញបានទេ ហើយកាលណាយើងធ្វើតាមចិត្តនឹកឃើញមិនមានក្បួន មានច្បាប់វាទៅជាគណបក្សមួយអនាធិបតេយ្យ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក សាវី បានបញ្ជាក់ថា «ខ្ញុំធ្វើអ្វីក៏ដោយ គឺតាមរបៀបរបបការងាររបស់វា។ គណបក្សណាក៏ដោយមុនគេសម្រេចអ្វីមួយ គេមានរៀបចំរបស់គេត្រឹមត្រូវ និងច្បាស់ណាស់ មិនមែនម្នាក់ឬពីរនាក់បានឯណា។ ខ្ញុំធ្វើតាមសិទ្ធិរបស់ខ្ញុំ។…អ្នកដែលចង់បាន ចេះតែទាមទារ ប៉ុន្តែទាមទារទៅតាមក្រឹត្យក្រមហើយអ្នកឲ្យក៏តាមក្រឹត្យក្រមដែរ…»។
ដោយសំដៅដល់កិច្ចប្រជុំគណបក្ស ហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី ២៧ មករាខាងមុខនេះលោក ហាក់ស្រ៊ុន បានវាយតម្លៃថា ជាបក្សប្រហារយ៉ាងត្រជាក់។
លោកបានបញ្ជាក់ថា៖«ថ្ងៃ ២៧ គាត់ប្រុងយាងលោក [សម្តេចក្រុមព្រះ] វេលា ១ និង ៣០នាទី នៅទន្លេបាសាក់ ២ កម្មវិធីគេត្រឹមត្រូវអ្ហា។ បើនេះមែនទេ… ខ្ញុំវាយតម្លៃថា ពួកគេធ្វើបក្សប្រហារដោយត្រជាក់ ព្រោះក្នុងហ្នឹង គេឲ្យតែងតាំងពួកគេជាប្រធានភាគតិច ប្រធានគណៈប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ហ្មង ហើយខ្ញុំមើលឃើញគ្រោះថ្នាក់នៃគោលដៅគេហ្នឹង ខ្ញុំត្រូវតែធ្វើអ្វីមុន ដើម្បីទប់ស្កាត់កុំឲ្យគេធ្វើបាន។ យើងអ្នកទប់ស្កាត់មិនឲ្យគេធ្វើ»។
បើតាមញត្តិដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានបញ្ជាក់ថា៖ «អនាគតនៃបក្សហ៊្វុនស៊ិនប៉ិច ដកមុខតំណែងមនុស្ស ២ ឬ ៣ នាក់គឺមិនរលាយទេ តែបើតែងតាំងមនុស្សម្នាក់ក្បត់ប្រើអំណាចដើរដកគេ ១០០ ទៅ ២០០ នាក់ទើបរលាយ តើព្រះអង្គសព្វព្រះទ័យគួរជ្រើសរើសយកមួយណា?»។
នេះមិនមែនជាលើកទី១ ទេដែលគណបក្ស ហ៊្វុនស៊ិនប៉ិច មានទំនាស់ផ្ទៃក្នុង តែករណីស្រដៀងគ្នានេះបានកើតតាំងពីក្រោយឈ្នះឆ្នោតនៅឆ្នាំ ១៩៩៣ រហូតបាត់បង់អាសនៈទាំងស្រុងក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣៕
Contact authors: គួច ម៉ាស៊ី and ម៉ិច ដារ៉ា
