លូទឹកកខ្វក់ចំនួន៥កន្លែង បន្តបង្ហូរចូលទន្លេនៅកន្លែងពលរដ្ឋដើរកំសាន្ត

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

ទឹកខ្មៅកខ្វក់ចេញពីលូ ហូរចូលទឹកទន្លេ (ណាត សុភាព)


ទឹកខ្មៅកខ្វក់ចេញពីលូយ៉ាងតិចចំនួន៥កន្លែង ត្រូវ​បានគេបង្ហូចូលទឹកទន្លេ ចាប់ពីផ្សាររាត្រី រហូត​ដល់ស្ពានកោះពេជ្យថ្មី ក្បែរ​ក្រសួង​បរិស្ថាន។

តាមការចុះសង្កេតផ្ទាល់របស់អ្នកព័ត៌មានវីអូឌី គឺលូបង្ហូរទឹកស្អុយកខ្វក់យ៉ាងតិច៥កន្លែងបន្តបង្ហូរចូលទន្លេ ស្ថិតនៅម្តុំផ្សាររាត្រី មុខ​វត្ត​ឧណ្ណា​លោម ក្បែ​រ​ព្រះ​បរមរាជវំាង ក្រោយ​សណ្ឋាគារកាំបូឌីយ៉ាណា និងក្រោមស្ពានកោះពេជ្យថ្មី ក្បែរក្រសួងបរិស្ថានជាដើម។ ការបង្ហូរទឹកកខ្វក់ចូលទន្លេនេះពលរដ្ឋប្រកបរបរនៅក្បែរៗនោះ បារម្ភពីសុខភាព។​

រុញរទេះ​ដើរលក់ភេសជ្ជៈនៅក្បែរច្រំាងមាត់ទន្លេ អ្នកស្រី​ ចែម ស្រីខួចរៀបរាប់ថា គាត់មានការព្រួយបារម្ភពីសុខភាពនៅពេលរុញរទេះដើរលក់ក្បែរច្រំាងទន្លេជិតទឹកកង្វក់នោះ ប៉ុន្តែគាត់ថា គ្មានជម្រើស ដោយសារ​គ្មានមុខ​របរអ្វីក្រៅពីដើរលក់តាមមាត់ទន្លេ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ​។

អ្នកស្រីនិយាយថា«មានអារម្មណ៍ថា សុខភាពយើងមិនល្អដែរ…ធ្វើម៉េចបើយើង​ជារាស្ត្រ​ យើងនិយាយជាមួយគេម៉េច​បាន​ យើង​ទៅ​លក់​កន្លែងណា បើមានតែកន្លែងហ្នឹង ទៅលក់នៅក្នុងផ្សារត្រូវបង់កន្លែង ដ៏នៅទីនេះយើងអត់បង់កន្លែង តែគេ​ចាប់ គេដេញ[សន្តិសុខ] រាល់ថ្ងៃ​លក់​មួយ​ថ្ងៃ ចាយមួយថ្ងៃដែរ»។

អ្នកដើរកំសាន្តតាមមាត់ទន្លេម្តុំ ព្រះបរមរាជវំាង លោក តេន វាសនា​ សង្កេតឃើញថា ទឹកខ្មៅ​កខ្វក់​នេះ ត្រូវបានគេបង្ហូរចូលទឹកទន្លេ​ជាច្រើន​ឆ្នាំ​ហើយ។ ​លោកថា បើមិនមាន​អាជ្ញាធរ​ទប់​ស្កាត់ទេ នឹង​ធ្វើឲ្យទឹកទន្លេកាន់តែកខ្វក់ ករណីនេះ បើ​ពល​រដ្ឋមួយ​ចំនួន​នៅ​ក្រោមដៃទន្លេ ដង​ទឹក​នោះយ​ក​ទៅប្រើប្រាស់ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន​ផងដែរ​។

លោកយល់ថា«ទឹកស្អុយបង្ហូរចូលទៅក្នុងទឹកទន្លេ…មើលទៅវាបាត់សណ្តាប់ធ្នាប់​ទឹកមួយ ពេលដែលគាត់ប្រើប្រាស់ គាត់អត់បានយកទៅចំអិន​បានស្រួលបួល ធ្វើឲ្យ​ប៉ះពាល់ដល់សុខភាព​ ដូចជារាករួស​ជាដើម​ ជាពិសេសកូនរបស់គាត់គឺកុមារ ប៉ះពាល់មែនទែន»។

បើតាមអ្នកលក់ដូរចល័តនៅម្តុំលូទឹកខ្មៅកខ្វក់ និងអ្នកដើរកំសាន្តបានលើកឡើងប្រហាក់ប្រហែលគ្នាថា ទឹក នោះ ហូរចេញពី​ផ្ទះ​ប្រជា​ពលរដ្ឋ​ ភោជនីដ្ឋាន និងសណ្ឋាគារ នៅម្តុំជួរមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ រួច​ហូរចូលក្នុង លូ ឬអាងស្តុបទឹ​កទំាង​៥កន្លែង​ដែល​ស្ថាប័ន​រដ្ឋធ្វើនៅក្រោមដី ហើយ​នៅកន្លែងខ្លះ​ត្រូវ​បាន​ស្ថាប័នរដ្ឋ ​បង្ហូរ​ចូល​ទន្លេជា​រៀង​រាល់​ថ្ងៃ ឬមួយសប្តាហ៍ម្តង។

ទាក់ទិនករណីនេះ កាលពីថ្ងៃទី២៣ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែង​​ក្នុង​ពិធីមួយរិះគន់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានដែលបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេ ដោយលោកថា​ ការបង្ហូរនេះ វានឹងបង្កឲ្យមានបញ្ហាធំនាពេលអនាគត។

អ្នកនាំពាក្យក្រសួងបរិស្ថាន​ លោក សៅ សុភាព មានប្រសាសន៍ថា ក្រសួងនឹងធ្វើការដោះស្រាយចំពោះបញ្ហានេះ ដើម្បីកែ​លម្អ​ចំណុចខ្វះចន្លោះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងថា លោកនឹងពិភាក្សាជាមួយមន្ត្រីជំនាញនៅក្រសួងបរិស្ថាន និងក្រសួង​សាធារណៈការ និងដឹកជញ្ជូន ពីបញ្ហាទឹកកខ្វក់នេះ។

លោកមានប្រសាសន៍ថា«ករណីហ្នឹង ដូចលោកបានជម្រាបជូន ខ្ញុំសូមដកឃ្លាបន្តិច ដើម្បី​សុំការបំភ្លឺ ឬក៏ជូនទៅខាងមន្ទីរ​ជំនាញ​ ទំាងក្រសួងបរិស្ថាន​ ទំាងក្រសួងសាធារណៈការ ដែលពាក់ព័ន្ធនឹងលូទឹក​ ឲ្យលោកបំភ្លឺខ្ញុំបន្តិចវិញសិន ទើប​ខ្ញុំជូនកិច្ចការលំអិត ព្រោះ​​ជាធម្មតា​ដូចជា​មិនមានករណី​​ហ្នឹង ត្រូ​វ​បង្ហូ​រហូត​ទៅឈានដល់ទឹកស្អុយ ដូចការលើកឡើងចូលទៅទន្លេផ្ទាល់តែម្តងទេ​​»។

កាលពី​ឆ្នាំ​២០១៤ សាលារាជធានីភ្នំពេញទទួលបាន​ជ័យលាភី​ជា​ពានរង្វាន់ និង​វិញ្ញាបនបត្រ ​ផ្នែក​ទឹកស្អាត នៃ​ទីក្រុង​ធំៗ​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន​។ បន្ទាប់ពី​ទទួល​ជ័យលាភី​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រួមជាមួយ​លោក អៀង អូ​នី អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រតិភូ​ទៅ​ទទួល​ដោយផ្ទាល់​ពី​គណៈកម្មការ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles