អភិបាលខេត្តព្រះសីហនុបង្ហាញផលប៉ះពាល់នៃកំណើនជនបរទេស ខណៈចិនមានច្រើនជាងគេ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

អភិបាលកិច្ចល្អ

អាជ្ញាធរខេត្តព្រះសីហនុអះអាងថា កំណើនជនបរទេស ធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះជួបទាំងផលវិជ្ជមាន និងផលប៉ះពាល់ ដោយថា ក្នុងចំណោមជនបរទេសទាំងនោះ ភាគច្រើនជាជនជាតិចិន ដែលកំពុងធ្វើសកម្មភាពខុសច្បាប់ពិបាកក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់។​

យោងតាមរបាយការណ៍ ចុះកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ ដែលផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានគូសបញ្ជាក់ថា កំណើនជនបរទេស បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តមួយនេះ ដូចជា កើនឡើង រោងចក្រ វិស័យដីធ្លី សំណង់ និងអចលនទ្រព្យមានតម្លៃខ្ពស់ សម្បូរសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋាន សម្រាប់ទទួលភ្ញៀវទេសចរ និងប្រាក់ចំណូលពន្ធកើនឡើង។ ​

ប៉ុន្ដែ ក្នុងរបាយការណ៍នោះ លោក យន្ដ មីន ក៏បង្ហាញពីផលប៉ះពាល់ជាច្រើន កើតចេញពីកំណើនភ្ញៀវទេសចរ និងជនបរទេសក្នុងខេត្តព្រះសីហនុនេះ ដូចជា ក្រុមម៉ាហ្វីយ៉ាជាជនជាតិចិន បានបន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស ដោយពួកគេបានបង្កអសន្ដិសុខ និងចាប់ជម្រិតអ្នកវិនិយោគ ពួកគេបើកបរដោយគ្មានច្បាប់អនុញ្ញាត អ្នកខ្លះផឹកស៊ី ឡូឡា​ និងវាយតប់គ្នានៅតាមទីសាធារណៈ។ លោកបន្ដថា ជនបរទេសមួយចំនួន គេចវេសមិនព្រមបំពេញបែបបទតាមនីតិវិធីច្បាប់ ពួកគេបើកហាងរកស៊ីតូចតាច នាំឲ្យប៉ះពាល់ និងការថ្នាំងថ្នាក់ចិត្តពីប្រជាពលរដ្ឋ ហើយថា ជនជាតិចិនបានជួលផ្ដាច់សណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនធំ ដែលធ្វើឲ្យពិបាកផ្ដល់សេវាដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅពេលបុណ្យ ឬថ្ងៃឈប់សម្រាក។

បើតាមរបាយការណ៍ដដែលនេះ ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត។

មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំនៅខេត្តព្រះសីហនុ លោកស្រី ជាប សុធារី សង្កេតឃើញថា ជនជាតិចិនជាច្រើន បានចូលមកធ្វើការរកស៊ី និងបើកបនល្បែងកាស៊ីណូក្នុងខេត្តនេះ ហើយថា ពួកគេតែងប្រើពាក្យសម្ដីអសីលធម៌ ស្រែកឡូឡា មិនគោរពច្បាប់កម្ពុជា និងថែមទាំងដណ្ដើមការងារ និងមុខរបរប្រជាពលរដ្ឋខ្មែរទៀតផង។

លោកស្រីជំរុញឲ្យអាជ្ញាធរ ក្រើនរំឭកជនជាតិចិនទាំងនោះ ឲ្យយល់ដឹងពីទំនៀមទំលាប់ និងច្បាប់របស់កម្ពុជា ដោយថា ត្រូវចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់ជនបរទេសចូលមកស្នាក់នៅ និងរកស៊ីខុសច្បាប់ក្នុងខេត្តនេះ។ ​

អ្នកស្រីថា៖ «យើងឃើញ បច្ចុប្បន្ននេះ គឺប្រជាពលរដ្ឋមួយចំនួន គឺគាត់បាត់ទីកន្លែងប្រកបមុខរបរ នៅតាមតំបន់ឆ្នេរ ត្រូវបានម្ចាស់ដីហ្នឹង គេយកទៅវិញ ហើយគេជួលរយៈពេលវែងឲ្យទៅក្រុមហ៊ុនចិន ឬទៅជនជាតិចិនគេមានលុយ។ កំណើនជនជាតិចិនមករកស៊ីក្នុងខេត្តព្រះសីហនុនេះ គឺមកទ្រង់ទ្រាយធំ គឺមកទាំងក្រុមហ៊ុន មកទាំងកម្មករ ទាំងអ្នកជំនាញ តែចង់ជម្រាបជូនថា ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចក្ដី គួរផ្សព្វផ្សាយពីច្បាប់នៅកម្ពុជាឲ្យគាត់ដឹងផង»។

អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន បានអះអាងក្នុងរបាយការណ៍ថា​ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានត្រៀមកម្លាំងការពារសន្ដិសុខ និងបង្ក្រាបបទល្មើស ចុះស្រង់ស្ថិតិអំពីអាជីវកម្មបរទេស និងជំរុញឲ្យពួកគេគោរពច្បាប់កម្ពុជា។

កំណើនជនជាតិ​ចិន បានកើនឡើងនៅក្នុងខេត្តព្រះសីហនុនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ការចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិន កាលពីឆ្នាំ២០១៦ ដោយថា នឹងធ្វើការអភិវឌ្ឍខេត្តព្រះសីហនុនេះ ឲ្យក្លាយជាតំបន់ទេសចរអន្ដរជាតិ និងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

What Next?

Recent Articles