ដោយ លោក ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០១៨
http://vodhotnews.com

រថយន្តក្រុងសាធារណៈ
អភិបាលរាជធានីភ្នំពេញលើកឡើងថាក្នុងមួយខែៗ ត្រូវខាតបង់ប្រាក់ជាង១៥ម៉ឺនដុល្លារទៅលើសេវារថយន្តក្រុងសាធារណៈ។
បើគិតពីចំនួននេះភ្នំពេញត្រូវចំណាយប្រាក់បង់ខាតជាង១សែន៨ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
ក្នុងកិច្ចប្រជុំជាមួយអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋានរាជធានី កាលពីថ្ងៃទី២៣ មករា អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានលើកឡើង ថា ក្នុងមួយខែៗរដ្ឋបាលរាជធានី ខាតបង់ថវិការប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីទូទាត់លើថ្លៃខាតបង់សម្រាប់សេវារថយន្តក្រុង ខណៈលោកជំរុញមានការបង្កើនសេវារថយន្តនេះបន្ថែមទៀតដល់ពលរដ្ឋ។
លោកថា៖ «ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារ ដើម្បីទូទាត់ថ្លៃខាតបង់សម្រាប់រថយន្តក្រុង ដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ។ ប៉ុន្តែបើទោះបីជាខាតបង់យ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនរុញរានោះទេ សំខាន់ឲ្យ សេវាដឹកជញ្ជូនសាធារណៈនេះ ប្រើប្រាស់ឲ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន»។
យោងតាមហ្វេសបុករបស់មន្ទីរសាធារណការរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មករា បានឲ្យដឹងថា ចំនួនអ្នកជិះរថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញបានកើនឡើងពី៦ពាន់នាក់ ដល់២ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលបានកើនឡើង៣ដង លើផ្លូវរត់ចំនួន៨ខ្សែនៅទូទាំងរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថាសេវារថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញមានតម្លៃ១ ៥០០រៀលក្នុងមួយជើងសម្រាប់ពលរដ្ឋធម្មតា តែសម្រាប់ ព្រះសង្ឃ ជនចាស់ជរា ជនពិការ កម្មករ និងសិស្សានុសិស្សមិនតម្រូវឲ្យយកថវិការនោះឡើយ។ របាយការណ៍សាលាររាជធានីភ្នំពេញបានឲ្យដឹងថា អ្នកជិះរថយន្តក្រុងមិនគិតថ្លៃនេះមានជាង៣០ភាគរយនៃអ្នកធ្វើដំណើរទាំងអស់៕