បក្សហ្វ៊ុនស៊ិនប៉ិចដាក់វិធានការទប់ស្កាត់ការបំបែកផ្ទៃក្នុង​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨​
http://vodhotnews.com

នយោបាយ

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ


គណបក្សរាជានិយមដែលទទួលបានអសនៈពីការរំលាយបក្សសង្រ្គោះជាតិ បានប្រកាសចាត់វិធានការ​ទប់ស្កាត់​ការ​បែកបាក់​ផ្ទៃក្នុង ដើម្បីធានានូវស្ថិរភាពផ្ទៃក្នុងបក្សឲ្យរឹងមាំឈានទៅរកការបោះឆ្នោតខាងមុខ។

គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសពង្រឹងផ្ទៃក្នុងបែបនេះតាមរយៈសេចក្ដីណែនាំមួយចុះថ្ងៃទី ២៥ ខែមករា ដោយលើកឡើងថាមានជនអសកម្មមួយចំនួននៅក្នុងបក្សតែងបង្កភាពអនាធិបតេយ្យ ញុះញង់ បំបែកបំបាក់​សាមគ្គីផ្ទៃក្នុង ក្នុងគោលបំណងបំផ្លាញរចនាសម្ព័ន្ធបក្ស។

សេចក្ដីណែនាំដដែលនោះបានឲ្យដឹងដែរថាករណីញុះញង់ បំបែកបំបាក់​សាមគ្គីផ្ទៃក្នុងនេះធ្លាប់បានកើតឡើងជា​រឿយៗតាំងពីអតីតកាល ដែលបង្កដោយជនមួយក្រុមតូចគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

សេចក្ដីណែនាំដដែលនោះបន្តថាដើម្បីជៀសវាងការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ឬការបំផ្លាញ​រចនា​សម្ព័ន្ធបក្ស គណបក្សឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការណ៍ស្របតាមលក្ខន្តិកៈ ឬវិធានផ្ទៃក្នុងបក្ស ចំពោះអ្នកដែលរងការចោទថា បំបែកបំបាក់ផ្ទៃក្នុង។

គណបក្សហ៊្វុនស៊ិនប៉ិចប្រកាសទប់ស្កាត់ការបែកបាក់ផ្ទៃក្នុងបែបនេះ ដោយថា ដើម្បីធានានូវស្ថេរភាពផ្ទៃ​ក្នុងបក្ស​ឲ្យរឹងមាំឈានទៅរកការបោះឆ្នោតថ្ងៃ ២៩ ខែ កក្កដាខាងមុខ។

គណបក្សរាជានិយមដែលមិនទទួលបានការគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ នេះត្រូវបាន គ.ជ.ប បែងចែកឲ្យ ៤១ អសនៈបន្ទាប់ពីតុលាការកំពូល បានប្រកាសរំលាយគណបក្សសង្គ្រោះ​ជាតិ កាលពីថ្ងៃ​ទី១៦ ខែវិច្ឆិកា ទៅ​តាម​បណ្ដឹងក្រសួងមហាផ្ទៃ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles