
អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ពេលនាំមកសាលាដំបូងរាជធានីភ្នំពេញកន្លងមក។ ផា លីណា
Wed, 7 March 2018
ភ្នំំពេញ ប៉ុស្តិ៍
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តុលាការកំពូល នៅព្រឹកថ្ងៃទី ៧ ខែមីនានេះ បានជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង លោក ស៊ុត ឌីណា ពាក់ព័ន្ធនឹងបទចោទទទួលសំណូកក្នុងអំឡុងកាន់តួនាទីជាសំណុំរឿងដែលតុលាការថ្នាក់ក្រោមផ្តន្ទាទោសជាប់ពន្ធនាគារ ៥ ឆ្នាំ។
លោកស្រី គិម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា៖ «តុលាការកំពូលជំនុំជម្រះ តែអំពីនីតិវិធីនៃបណ្តឹងសារទុក្ខប៉ុណ្ណោះ។ ព្រោះនៅក្នុងបណ្តឹងទាស់របស់មេធាវីការពារជនជាប់ចោទមិនបានសរសេរលិខិតជាលាយលក្ខណ៍អក្សរពឹងពាក់មេធាវីដាក់ប្តឹងទាស់ចូលសាលាឧទ្ធរណ៍»។
ទោះយ៉ាងណា លោក ស៊ុត ឌីណា អាយុ ៤៥ ឆ្នាំ ដែលត្រូវចៅក្រមផ្តល់សិទ្ធិឲ្យឡើងបំភ្លឺនោះបានឆ្លើយក្នុងបន្ទប់សវនាការថា គាត់បានផ្តិតមេដៃលើលិខិតចំហមួយដែលមេធាវីគាត់ចូលទៅជួបក្នុងពន្ធនាគារព្រៃសហើយពេលនោះក៏គាត់មិនបានមើលដែរ ប៉ុន្តែគាត់បានពឹងពាក់មេធាវីមែន។
លោក ឌីណា បញ្ជាក់ថា ៖ ឯករណីដែលនាំឲ្យខ្ញុំត្រូវចោទប្រកាន់និងត្រូវជាប់ពន្ធនាគារនោះខ្ញុំគិតថាខ្ញុំមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់នោះទេ។ប៉ុន្តែជាការកាច់កុងពីមន្រ្តីរបស់ខ្ញុំដែលនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំតែប៉ុណ្ណោះ»។
លោកមេធាវីការពារសិទ្ធិឲ្យលោក ស៊ុត ឌីណា គឺលោក គីម ម៉េងឃី និងលោក ឱ ពិសិដ្ឋ បានសន្និដ្ឋានដូចគ្នាថា បណ្តឹងសារទុក្ខពេលនេះគឺប្រឆាំងនឹងសាលដីការបស់សាលាឧទ្ធរណ៍ ព្រោះសំអាងថា បណ្តឹងរបស់កូនក្តីលោកខុសនីតិវិធីច្បាប់។ប៉ុន្តែបណ្តឹងដែលបានដាក់ចូលសាលាឧទ្ធរ ណ៍នោះកូនក្តីពួកលោកបានផ្តិតមេដៃពឹងពាក់មេធាវីរួចហើយ ហើយនេះក៏ជាលិខិតប្រគល់សិទ្ធិ ដែរ។
លោកថ្លែងថា៖«ខ្ញុំសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាលើការសម្រេចរបស់សាលាឧទ្ធរណ៍ឡើងវិញចំពោះបញ្ហានេះ»។
ក្រោយពីពិភាក្សាគ្នារយៈពេលជិតមួយម៉ោងមក លោកស្រីចៅក្រម គិម សត្ថាវី បានថ្លែងថា សាលដីកានៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃ ទី១៤ ខែមីនា៕