សាលាឧទ្ធរណ៍​បង្គាប់​ឲ្យ​លោក​ សម រង្ស៊ី សង​ជំងឺចិត្ត​លោក​ ហ៊ុន សែន ជិត​ $១ ​លាន​ដដែល

លោក​ សម រង្ស៊ី ថ្លែង​ក្នុង​ពិធី​មួយ​នៅ​សហរដ្ឋអាមេរិក​ចុង​ខែ​មុន​។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បាន​ប្រកាស​តម្កល់​សាលក្រម​សាលាដំបូង​ដោយ​តម្រូវ​ឲ្យ​លោក​ សម រង្ស៊ី ​សង​ជំងឺ​ចិត្ត​ ៤ ​ពាន់​លាន​រៀល​ ឬ​ជិត​ ១ ​លានដុល្លារ​អាមេរិក​ទៅ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រាក់​ពិន័យ​ ១០ ​លាន​រៀល​ដដែល​ក្នុង​បណ្តឹង​ប្តឹង​លោក​ រង្ស៊ី ​ក្នុង​រឿង​បរិហារកេរ្តិ៍​ដែល​ការសម្រេច​នេះ មេធាវី​ចុងចោទ​ថា​ជា​ការ​សម្រេច​យ៉ាង​អយុត្តិធម៌ និង​ទាមទារ​ធ្ងន់ធ្ងរ​បំផុត​។

នៅក្នុង​បន្ទប់​សវនាការ​ដែល​មាន​សមាសភាព​លោក​ចៅក្រម អ៊ិន វ៉ាន់វិបុល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ព្រម​ទាំង​មាន​សហ​ចៅក្រម​លោក​ ប្លង់ សំណាង និង​លោកស្រី​ គឹម ដានី ​នោះ​ក្រោយពី​បើក​សវនាការ​ជិត​ ១ ​ម៉ោង​ហើយ​ចូល​ទៅ​ពិភាក្សា​គ្នា​រួច​មក​លោក​ចៅក្រម​ អ៊ិន វ៉ាន់វិបុល បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​មេធាវី​ខាង​ដើម​បណ្តឹង​ និង​ចុង​ចម្លើយ​ថា សំណុំ​រឿង​បរិហារកេរ្តិ៍ ដែល​មាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​អ្នកប្តឹង​លោក​ សម រង្ស៊ី ហើយ​បន្ទាប់ពី​ពិភាក្សា​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​យល់​ឃើញ​ថា​នៅ​ក្នុង​សំណុំ​រឿង​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ជំនុំជម្រះ​ហើយ​ចេញ​សាលក្រម​កាលពី​ថ្ងៃទី​ ២៩ ​ខែ​ធ្នូ​ឆ្នាំ​មុន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ​។

លោក​ចៅក្រម​ថា​៖ «​ក្រុមប្រឹក្សា​យល់​ថា​ក្នុង​ពាក្យពេចន៍​ដែល​បាន​លើកឡើង​របស់​លោក​ សម រង្ស៊ី នៅ​ក្នុង​វេទិកា​សាធារណៈ​នៅឯ​ប្រទេស​បារាំង​នោះ គឺ​ស្រប​នឹង​ការចោទប្រកាន់​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ហើយ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​គណនី​នៅក្នុង​ហ្វេសប៊ុក​ដែល​ជា​ភ័ស្តុតាង​នៃ​បណ្តឹង​ដែរ​»​។

លោក​ចៅក្រម​បន្ត​ថា​៖ «​ចំពោះ​ការខូចខាត​វិញ​គឺ​មាន​លក្ខណៈ​ធំធេង​ណាស់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សម្តេច​ ហ៊ុន សែន ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ រឿង​នេះ​តុលាការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ដដែល​»​។

ប៉ុន្តែ​លោក ​សំ សុគង់ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក​ សម រង្ស៊ី បាន​សន្និដ្ឋាន​ថា នៅ​ក្នុង​រឿង​នេះ​ការសម្រេច​សេចក្តី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​កូនក្តី​លោក​សង​ជំងឺចិត្ត​ ៤ ​ពាន់​លាន​រៀល និង​ពិន័យ​ប្រាក់​ ១០ ​លាន​រៀល​នោះ គឺជា​រឿង​អយុត្តិធម៌​ណាស់​។ ព្រោះ​នៅ​ក្នុង​រឿង​នេះ​ដែល​លោក​ សម រង្ស៊ី បាន​ថ្លែង​ក្នុង​វេទិកា​រយៈពេល​ជិត​ ២ ​ម៉ោង​នៅ​ប្រទេស​បារាំង​នោះ គឺ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​យក​ធ្វើ​ជា​ភ័ស្តុតាង​មាន​តែ​ ៣ ​ទំព័រ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា បើ​ពិនិត្យ​លើ​គណនី​ហ្វេសប៊ុក​ ២ ​គឺ​មិន​ដឹង​មកពី​ប្រភព​ណា​ច្បាស់លាស់​ទេ​ព្រោះ​អាច​ជា​របស់​អ្នក​សារព័ត៌មាន​ដែល​គាត់​ចង់​ផ្សព្វផ្សាយ​រហ័ស​ និង​ចំណេញ​ម៉ោង​អាច​មាន​ការកាត់ត​តាម​ជំនាញ​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។

លោក​ថា អ្វី​ដែល​លោក​ប្តឹង​ឧទ្ធរណ៍​គឺ​តុលាការ​យក​តែ​ភ័ស្តុតាង Social Media BreakingNews នា​ថ្ងៃទី​ ១៤ ខែ​មករា ឆ្នាំ​ ២០១៧ មក​សំអាង​តែប៉ុណ្ណោះ​។ ចំណុច​ ១ ​ទៀត​សំណុំ​រឿង​មិន​បាន​ឆ្លងកាត់​ចៅក្រម​ស៊ើបសួរ​ទេ​ហើយ​មិន​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ទៀត​។

លោក​អះអាង​ថា​៖ «​ដូច្នេះ​ភ័ស្តុតាង​នេះ​មិន​អាច​និយាយ​ពី​ភាពជឿជាក់​បាន​ទេ ហើយ​ភ័ស្តុតាង​នេះ​ដែរ​មេធាវី​ដាក់​បញ្ជូល​ទៅក្នុង​ VCD ហើយ​ដល់​ថ្ងៃទី​ ១៨ ខែ​មករា ឆ្នាំ ​២០១៧ ទើប​ដាក់​ពាក្យ​ប្តឹង​។ នៅក្នុង​ចន្លោះ​ពេល​ ៤ ​ថ្ងៃ​គិត​ពី​ថ្ងៃ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​នោះ​គឺ​អាច​យកមក​កាត់ត​កែកុន​បាន​។ ចំពោះ​ហ្វេសប៊ុក​យើង​មិន​ឃើញ​មាន​ការ​ផ្តល់​យោបល់​អី​ក៏​ទេ​ដែរ​។ ក្នុង​សំណង​ជំងឺ​ចិត្ត​ជិត​​ ១ ​លាន​ដុល្លារ​ និង​ប្រាក់​ពិន័យ​ ១០ ​លាន​រៀល​នេះ​ធ្ងន់ធ្ងរ​ណាស់ ខ្ញុំ​សូម​ឲ្យ​តុលាការ​លុប​សាលក្រម​របស់​សាលាដំបូង​ចោល​»​។

ដោយឡែក​លោក​ គី តិច មេធាវី​ការពារ​លោក​ ហ៊ុន សែន ក៏​បាន​សន្និដ្ឋាន​ដែរ​ថា​នៅឯ​ប្រទេស​បារាំង​លោក សមរង្ស៊ី ​ពិត​ជា​បាន​ធ្វើ​វេទិកា​ជា​សាធារណៈ​ប្រាកដ​មែន​ដែល​ជា​ការរៀបចំ​ទុក​ព្រោះ​គាត់​បាន​អញ្ជើញ​ឲ្យ​មាន​អ្នកចូលរួម​ស្តាប់​ការ​ថ្លែង​សារ​របស់​គាត់ និង​សារព័ត៌មាន​ផង​។
លោក​ថ្លែង​ថា​៖ «​ភ័ស្តុតាង​ដែល​ដាក់​ប្តឹង​ហើយ​លោក​មេធាវី​ថា​មាន​ការ​កាត់ត​ក្តី​ក៏​មិន​ពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់​ដែរ​។ លោក​មេធាវី​អាច​យក​ភ័ស្តុតាង​ដែល​ថា​ពិត​នោះ​យកមក​ផ្ទៀងផ្ទាត់​ទៅ តែ​នេះ​ក្នុង​បណ្តឹង​គ្មាន​ភ័ស្តុតាង​ថ្មី​មក​ផ្ទៀងផ្ទាត់​ផង​។ ការថ្លែង​របស់​ជនជាប់ចោទ​ សមរង្ស៊ី ​ពិត​ជា​បាន​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​ធ្ងន់ធ្ងរ​ដែល​សម្តេច​ជា​ថ្នាក់ដឹកនាំ​ប្រទេស និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​។ ខ្ញុំ​សូម​តម្កល់​សាលក្រម​ទុក​ជា​បាន​ការ​ដដែល​»​។

បណ្ដឹង​នេះ​កើត​មាន​ក្រោយពី​លោក​ សម រង្ស៊ី បាន​ថ្លែង​នៅ​ប្រទេស​បារាំង​ថា​លោក​ ហ៊ុន សែន បាន​សូកប៉ាន់​កញ្ញា​ ធីសុវណ្ណថា ចំនួន​ ១ ​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការវាយប្រហារ​បក្ស​ប្រឆាំង និង​ថា​ជា​លុយ​បាន​មកពី​អំពើ​ពុករលួយ​៕

What Next?

Recent Articles