រូបភាពបង្ហាញពីស្ថានភាពសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក ក្នុងឆ្នាំ២០១៨ ចាត់ថ្នាក់ដោយអង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)
Reporters Without Borders
អង្គការអ្នកកាសែតគ្មានព្រំដែន នៅថ្ងៃពុធនេះបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាននៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះរួមមានទាំងកម្ពុជាដែរ។ សម្រាប់កម្ពុជា អង្គការអ្នកកាសែតគ្មានព្រំដែន ទម្លាក់ចំណាត់ថ្នាក់ពីលេខ១៣២ ដល់លេខ១៤២ ដោយសារតែអង្គការនេះមើលឃើញថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវរងសម្ពាធខ្លាំងពីរដ្ឋាភិបាលខ្មែរ ក្នុងឆ្នាំ២០១៧កន្លងទៅ។
ក្នុងចំណោមប្រទេស១៧៩ នៅទូទាំងពិភលោក កម្ពុជាជាប់ចំណាប់ថ្នាក់ លេខ១៤២ គឺធ្លាក់ចុះ ចំនួន១០លេខ ខុសពីឆ្នាំមុន។ ឆ្នាំមុន ឆ្នាំ២០១៧ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១៣២។ នេះបើតាមរបាយការណ៍សិក្សាវាយតម្លៃជាថ្មី ទៅលើសេរីភាពសារព័ត៌មាន ចេញផ្សាយមួយឆ្នាំម្តងរបស់អង្គការអ្នកកាសែតគ្មានព្រំដែន។
ការធ្លាក់ចុះចំណាត់ថ្នាក់របស់កម្ពុជានៅឆ្នាំនេះ ត្រូវអង្គការអ្នកកាសែតគ្មានព្រំដែន ពន្យល់ថា គឺមកពីរដ្ឋាភិបាលខ្មែរ បានធ្វើទុក្ខបុកម្នេញចំពោះកាសែតឯករាជ្យនៅក្នុងឆ្នាំ២០១៧កន្លងទៅ។ អង្គការនេះលើកយកករណីកាសែត The Cambodia Daily ដែលត្រូវបង្ខំចិត្តបិទទ្វារដោយសារការដាក់គំនាបពន្ធដារពីរដ្ឋាភិបាល មកបញ្ជាក់ជាឧទាហរណ៍។
សម្រាប់អង្គការអ្នកកាសែតគ្មានព្រំដែន រដ្ឋាភិបាលខ្មែរផ្ដើមគាបសង្កត់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់តាំងពីមើលឃើញថា គណបក្សប្រឆាំងទទួលបានសន្ទុះគាំទ្រខ្លាំងក្លានៅក្នុងការបោះឆ្នោតឃុំសង្កាត់។ ហើយមានតែការបំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទេ ទើបរដ្ឋាភិបាលអាចធានាពីជ័យជំនះរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិខាងមុខ។ នេះបើតាមសំណេររបស់អង្គការអ្នកកាសែតគ្មានព្រំដែន។
មិនត្រឹមតែប៉ុនណោះ អង្គការដែលមានមូលដ្ឋាននៅប្រទេសបារាំងនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីការឃុំខ្លួនអ្នកកាសែតជាច្រើននាក់ ក្រោមបទចោទដោយគ្មានមូលដ្ឋាន ព្រមទាំងការបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកអត្ថាធិប្បាយតាមបណ្ដាញផ្សព្វផ្សាយដ៏មានប្រជាប្រិយភាព។ គឺហេតុការណ៍អស់ទាំងនេះហើយ ដែលអង្គការអ្នកកាសែតគ្មានព្រំដែន ចាត់ទុកថា ជាកត្តាដែលធ្វើឲ្យសេរីភាពសារព័ត៌មាននៅស្រុកខ្មែរត្រូវគ្របដណ្ដប់ដោយបរិយាកាសល្អក់កករ។
គួរកត់សម្គាល់ថា នៅក្នុងតារាងរបស់អង្គការអ្នកកាសែតគ្មានព្រំដែន ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជា បន្តធ្លាក់ចុះ៣ឆ្នាំជាប់គ្នាៗហើយ បើរាប់ទាំងឆ្នាំនេះទៀត។ កាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១២៨។ ចំណាត់ថ្នាក់នេះធ្លាក់ចុះ៤លេខ មកនៅត្រឹមចំណាត់ថ្នាក់១៣២ នៅឆ្នាំ២០១៧។ និងបន្តធ្លាក់ចុះ១០លេខថែមទៀត នៅឆ្នាំ២០១៨នេះ៕